បន្ទាយមានជ័យ៖ ករណីឆាបឆេះផ្ទះតូបទាំងស្រុង និងឆេះរាលដាលបន្តផ្ទះ១ខ្នងទៀត មិនបណ្តាលឲ្យអ្នកណា រងរបួសម្នាក់នោះទេ ហេតុការណ៍គ្រោះ អគ្គិភ័យនេះ នៅវេលាម៉ោងប្រមាណ៥ទៀបភ្លឺ ឈានចូលថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៥ ភូមិព្រែករពៅ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ និងមានការអន្តរាគមន៍ ពីលោកស្នងការខេត្ត អាត់ ខែម និងកម្លាំងនគរបាលស្រុក ខេត្តជាច្រើនរូប អន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យ ចំនួន៣គ្រឿង បាញ់ទឹកពន្លត់ ទោះបីជាយ៉ាងណា មិនបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋឡើយ។
លោក ស៊ី ឌី អធិការដ្ឋាននគរបាល ស្រុកមង្គលបុរី បានប្រាប់ឲ្យដឹងថា ក្រោយពីមានសេចក្តីរាយការណ៍ មានករណីឆាបឆេះផ្ទះពលរដ្ឋ១ខ្នង និងរាលដានបន្ត លោកបានរាយការណ៍ បន្តទៅលោកស្នងការខេត្ត និងអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យ នៃស្នងការខេត្តភ្លាមៗតែម្តង ដើម្បីបញ្ចៀសការឆេះរាលដាល បន្តបន្ថែមទៀត។
លោកបានបន្តថា ករណីឆេះផ្ទះរងគ្រោះឈ្មោះ ឆន ឆេន ភេទស្រី អាយុ៤០ឆ្នាំ និងប្តីឈ្មោះជា ថន អាយុ ៦៣ឆ្នាំ ប្រកបមុខរបលក់ដូរទំនិញចាប់ហួយ រស់នៅភូមិហេតុខាងលើនេះ នៅខណៈដែលបញ្ចប់ការលក់ដូរ នៅម៉ោង២ និង៣០ទៀបភ្លឺថ្ងៃដដែល ហើយបិទទ្វារចាក់សោ ទៅសំរាកនៅផ្ទះមួយផ្សេងទៀត បណ្ដាលឲ្យខូចខាតមាន ផ្ទះទំហំ៥គុណ១៨ម៉ែត្រ ធ្វើផ្ទាល់ដីពីបេតុងប្រក់ស័ង្កសី ខូចខាត៨០ភាគរយ និងខូចខាតសម្ភាររួមមាន ,ស្រាបៀរចំនួន ១៦០កេស,ទឹកផ្លែឈើចំនួន ៤០កេស,សាំង និងម៉ាស៊ុតចំនួន ២៥ប៊ីដុង, សាំងដបចំនួន ១៤០លីត្រ, ហ្គាសចំនួន ១៥ដប, ទូដាក់គ្រឿងកំប៉ុងចំនួន៥គ្រឿង ,គ្រែ១, ខារ៉ាអូខេ ២ឈុត, ប្រាក់ដុល្លារចំនួន ៥ពាន់ដុល្លារ និងតម្លៃផ្ទះ១ម៉ឺនដុល្លារ ។
លោកអធិការបន្ថែមថា ករណីខាងលើនេះ ក៏បានឆេះឆ្លងដល់ផ្ទះឈ្មោះ ឆន វួចអ៉ីម ភេទស្រី អាយុ៣៦ ឆ្នាំ មានទំហំ ៩គុណ១២ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ខូចខាតប្រមាណ ២០ភាគរយ ចំណែកការខូចខាត ពុំមានសម្ភារក្នុងផ្ទះនោះទេ។
ករណីខាងលើនេះ កម្លាំងនគរបាលបាល និងកម្លាំងប្រជាពលរដ្ឋជាច្រើននាក់ បានជួយយកទឹក បាញ់ពន្លត់អគ្គិភ័យខាងលើនេះ ម្នាក់មួយដៃមួយជើងផងដែរ ដោយសារតែករណីនេះ មានឆាបឆេះសាំង ម៉ាស៊ុត និងហ្គាសផងដែរ ដូច្នេះអណ្តាលភ្លើងឆេះ សន្ធោសន្ធៅ និងបានប្រើប្រាស់ រថយន្តបាញ់ពន្លត់អគ្គិភ័យ ចំនួន ៣គ្រឿង និងបំពង់ពន្លត់អគ្គិភ័យ ជាច្រើនធុងផងដែរ ដោយអស់រយៈពេល ប្រមាណ១ម៉ោង ទើបពន្លត់ជាស្ថានពរ ១០០ភាគរយ។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា ផ្ទះខាងលើបើកខារ៉ាអូខេ មានលក់សាំង ម៉ាស៊ុត និងលក់ហ្គាស មូលហេតុ អាចបណ្ដាលមកពីផ្ទុះកំប៉ុងហ្គាស និងទុស្សេចរន្តខ្សែអគ្គិសនីផងដែរ៕