បន្ទាយមានជ័យ៖ ករណីអគ្គិភ័យ ឆេះឆាបផ្ទះប្រជាពលរដ្ឋទាំងស្រុង ខណៈម្ចាស់ទៅស៊ីឈ្នួលកាប់ដំឡូង នៅឯចំការ ហេតុការណ៍នេះ នៅវេលាម៉ោង៥និង២៥នាទី ល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅភូមិព្រៃគប់ សង្តាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
បើតាមប្រភព ពីសមត្ថកិច្ចការពារព្រំដែនគោក លេខ៩១១ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គឺម្ចាស់ផ្ទះបានទៅចំការ ស៊ីឈ្នួលកាប់ដំឡូង តាំងពីព្រឹកព្រលឹមថ្ងៃកើតហេតុមកម្ល៉េះ លុះល្ងាចបន្តិចមានភ្លើងឆេះព្រៃ រហូតរាលដាល ឆាបឆេះផ្ទះ១ខ្នងខាងលើនេះ ទាំងស្រុងតែម្តង។
ភ្លាមៗនោះ មានពលរដ្ឋបានឃើញ ក៏បានរាយការណ៍ ប្រាប់សមត្ថកិច្ច ការពារព្រំដែនគោកលេខ៩១១ ក៏ជួយអន្តរាគមន៍តែម្តង មួយណាស្ថានភាពផ្លូវវាពិបាក ហើយនៅកន្លែងកើតហេតុ វាដាច់ស្រយាល ឆ្ងាយជាងគេ លុះទៅដល់គោលដៅ ភ្លើងឆេះឆាបផ្ទះពលរដ្ឋទាំងស្រុង បាត់ទៅហើយ ។
លោកវរសេនីយ៍ត្រី សូ ចាន់ណារី មេបញ្ជការវរសេនាតូច ការពារព្រំដែនគោកលេខ៩១១ បានប្រាប់ឲ្យដឹងថា ក្រោយពីពលរដ្ឋ រាយការណ៍ជូនសមត្ថកិច្ចភ្លាមលោក ក៏ចុះទៅអន្តរាគមន៍ ដោយតែផ្លូវឆ្ងាយ ហើយមួយណាលក្ខណះផ្ទះ សាងសងពីឈើ និងជញ្ជាំងស្បូវផងដែរ ដូច្នេះងាយស្រួល ក្នុងការឆាបឆេះតែម្តង។
លោកបានបន្តថា បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង មានទំហំ៤×៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់សង្កសី ជញ្ជាំងស្បូវ និងជ័រកៅស៊ូ រីឯម្ចាស់ផ្ទះឈ្មោះ សុខ ស ភេទប្រុសអាយុ៧១ ឆ្នាំ និងប្រពន្ធ ឈ្មោះ នូ រដ្ឋ អាយុ៦៥ឆ្នាំ រស់នៅភូមិកើតហេតុខាងលើនេះ ខណៈដែលម្ចាស់ផ្ទះ មិននៅចាក់សោទុក ដោយចេញទៅស៊ីឈ្នួលកាប់ដំឡូងឆ្ងាយពីផ្ទះ ចំណែកការខូចខាត ទ្រព្រសម្បត្តិ ដែលត្រូវឆេះរួមមាន កង់ចំនួន២គ្រឿង, ទូរទស្សន៍១គ្រឿង, ក្បាលស៊ីឌី១ និងធុងបាស១គូផងដែរ ។
ក្រោយពីកើតហេតុ កម្លាំងនគរបាលការពារព្រំដែនគោក លេខ៩១១ ក៏បាននាំយកគ្រឿងអាហារបរិភោគ និងសម្ភារប្រើប្រាស់ មួយចំនួនផងដែរ ប្រគល់ជូនគ្រួសាររងគ្រោះខាងលើនេះ៕