កណ្តាលៈ អំពើឃាតកម្មដ៏សាហាវឃោរឃៅ លើស្រ្តីវ័យមេម៉ាយចំណាស់ម្នាក់ ដោយក្រុមជនឧក្រិដ្ឋ បានវាយដំ ជនរងគ្រោះរហូតដល់សន្លប់ រួចហើយអាកសម្លាប់តែម្តង ហើយពេលនេះ នគរបាលមិនទាន់កំណត់មុខសញ្ញា បាននៅឡើយទេ ។
យោងតាមន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ករណីឃាតកម្មដ៏សហាវព្រៃផ្សៃលើស្រ្តីមេម៉ាយខាងលើនេះ បាន កើតឡើងកាលពីវេលាម៉ោង ១ និង៣០នាទីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១២ ស្ថិតនៅក្នុងផ្ទះជនរងគ្រោះ ភូមិស្វាយ ពងអង្រ្កង ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល។
លោក ថាច សុវណ្ណា ជាកូនប្រសារបស់ជនរងគ្រោះ បានឲ្យដឹងថា ម្តាយក្មេករបស់គាត់មានឈ្មោះ ងួន ឃីម អាយុ ៥៦ឆ្នាំ មានមុខរបរជាអ្នកធ្វើស្រែចំការ រស់នៅក្នុងភូមិ ឃុំកើតហេតុ។ តាមការសន្និដ្ឋានរបស់គាត់វិញ ករណីនេះ គឺជាករណីប្លន់យកទ្រព្យសម្បត្តិតែម្តង ពីព្រោះថ្មីនេះ ម្តាយក្មេករបស់គាត់ ទើបតែប្រមូលផលចំការ ប៉ុន្តែមិនច្បាស់ថា ប៉ុន្មានពាន់ដុល្លារនោះទេ ហើយមានគ្រឿងអលង្កាមួយចំនួននៅជាប់នឹងខ្លួនគាត់ខ្លះផង។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅក្នុងភូមិដ្ឋានរបស់គាត់វាអសន្តិសុខខ្លាំងណាស់ ព្រោះបច្ចុប្បន្ន មានករណីប្រើប្រាស់ និងចែកចាយគ្រឿងញៀនជាច្រើនករណី ហើយសម្បូរទៅដោយក្មេងញៀនថ្នាំដើរអុកឡុក ធ្វើឲ្យពួកគាត់រស់នៅមានការភ័យខ្លាចស្ទើររាល់ថ្ងៃ។
លោក សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទនៅ រសៀលថ្ងៃទី៤ ខែកញ្ញា ថា ករណីឃាតកម្មនេះ លោកមិនទាន់កំណត់មុខសញ្ញា បាននៅឡើយទេ ក៏ប៉ុន្តែទាំង រូបលោក ក៏ដូចជាកម្លាំងក្រោមឱវាទរបស់លោកកំពុង ស្រាវជ្រាវស្វែងរកជនដៃដល់ចាប់យកមកផ្តន្ទាទោសទៅ តាមផ្លូវច្បាប់។
ជុំវិញករណីឃាតកម្មនេះ ក៏មិនទាន់មានការបញ្ជាក់ពីសមត្ថកិច្ចថា ជាករណីប្លន់ គំនុំ ឬជាករណីអ្វីនោះទេ៕