ភ្នំពេញៈ ក្រុមហ៊ុនជីប ម៉ុង គ្រុប បានចូលរួមតាំងពិព័រណ៍ បង្ហាញផលិតផល របស់ខ្លួន រយៈពេល៤ថ្ងៃ នៅក្នុងសន្និសីទ សហព័ន្ធ វិស្វកម្មអាស៊ាន (CAFEO) លើកទី៣០ នៅកម្ពុជា ដែលចាប់ផ្តើមពីថ្ងៃទី១៦ ដល់១៩ ខែធ្នូ ឆ្នាំ២០១២ នៅក្នុងសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ផូគីត្រា ដើម្បីចូលរួមបង្ហាញ ពីភាពរីកចម្រើន ផ្នែកនេះ នៅក្នុងប្រទេសកម្ពុជា ។
ក្រុមហ៊ុន ជីប ម៉ុង ត្រូវបានគេដឹងថា ជាក្រុមហ៊ុនចំណាស់មួយ ដែលបានធ្វើអាជីវកម្ម ពាក់ព័ន្ធនឹងសំណង់ វិស្វកម្ម នៅក្នុងប្រទេសកម្ពុជា រយៈពេលយូរយាណាស់ មកហើយ ព្រមទាំងធ្វើការពង្រីកបន្ថែម នូវផលិតផលជាច្រើន តាមរយៈការបង្កើត ក្រុមហ៊ុនតូចៗមួយចំនួន ក្នុងនោះ ក៏មានក្រុមហ៊ុនខ្មែរ ប៊្រូវើរី លីមីតធីត ដែលជា ក្រុមហ៊ុន ផលិតស្រាបៀរកម្ពុជា ផងដែរ ។ ដោយឡែក ក្នុងពិធីសន្និសីទ សហព័ន្ធ វិស្វកម្មអាស៊ាន លើកទី៣០ នៅកម្ពុជា ក្រុមហ៊ុនយក្សមួយនេះ ក៏បានដាក់តាំងនូវផលិតផល របស់ខ្លួន មួយចំនួនផងដែរ ដូចជា ប៉េតុងលាយស្រេច ស៊ីម៉ងត៍អូតស៍ ដែកថែបម៉ាកវី ការ៉ូសេរ៉ាម៉ិច និងស្រាបៀរ កម្ពុជា ជាដើម។
តំណាងក្រុមហ៊ុន ជីប ម៉ុង គ្រុប បានឱ្យដឹងថា ការចូលរួមតាំងបង្ហាញ ផលិតផល របស់ខ្លួន ក្នុងសន្និសីទ សហព័ន្ធ វិស្វកម្មអាស៊ាន លើកទី៣០ សម្រាប់ឆ្នាំ២០១២នេះ គឺដើម្បីចូលរួមចំណែក បង្ហាញពីភាពរីកចម្រើន ទាក់ទងនឹងវិស័យសំណង់ ក៏ដូចជាវិស្វកម្ម របស់កម្ពុជា ដែលយើងមាន លទ្ធភាពបង្កើត និង មានផលិតផល ប្រើប្រាស់ គ្រប់គ្រាន់ សម្រាប់បំពេញតម្រូវការ របស់ប្រជាពលរដ្ឋផងដែរ ។
តំណាងខាងលើ បានឱ្យដឹងទៀតថា ក្រុមហ៊ុន ជីប ម៉ុង ក៏ដូចជាក្រុមហ៊ុន ខ្មែរប្រ៊ូវើរី តែងតែចូលរួមគាំទ្រ យ៉ាងសកម្ម រាល់សកម្មភាពនានា របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបង្ហាញពីផលិតផល របស់ខ្មែរ នៅក្នុងពិធីផ្សេងៗ ដូចជាពិព័រណ៍ ទំនិញនាំចេញ-នាំចូល និងខេត្ត១ ផលិតផល១ ដែលទើបតែ បញ្ចប់ ថ្មីៗនេះ ជាដើម ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន ក៏បានចូលរួម ចំណែកជួយដល់សង្គមជាតិ តាមរយៈ ការជួយឧបត្ថម្ភ ដល់មន្ទីរពេទ្យគន្ធបុប្ផា ក្រសួងទេសចរណ៍ កាកបាតក្រហមកម្ពុជា អង្គការ សមាគមនានា ក៏ដូចជាក្មេងក្រីក្រ ផងដែរ ។
គួរបញ្ជាក់ថា សន្និសីទ សហព័ន្ធ វិស្វកម្មអាស៊ាន (Conference of ASEAN Federation of Engineering) លើកទី៣០ នៅកម្ពុជា ត្រូវបានរៀបចំដោយ គណៈវិស្វករកម្ពុជា ដែលមានសមាជិកនានា មកពីបណ្តាប្រទេសអាស៊ាន ចូលរួម ។ សន្និសីទនេះ ត្រូវបាន ប្រារព្ធឡើង ក្រោមអធិបតីភាព លោកស្រី ហូ ណូន ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុវជន យុវនីតិសម្បទា ការងារ បណ្តុះ បណ្តាល វិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ៕