Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កម្មករ និយោជិត រីករាយបានប្រើភ្លើង ៦១០រៀល តែទទូចកុំឲ្យ ដំឡើងថ្លៃបន្ទប់ (មានវីដេអូ)

$
0
0

ភ្នំពេញ៖ កម្មករ និយោជិត ដែលកំពុងបម្រើការងារ និងជួលបន្ទប់ស្នាក់នៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សី   សុទ្ធតែបានសម្តែងការស្វាគមន៍ រីករាយចំពោះយន្តការរបស់រាជរដ្ឋាភិបាលកម្ពុជា និងអគ្គិសនីកម្ពុជា ជួយឲ្យពួក   គេបានប្រើប្រាស់ថាមពលអគ្គិសនីក្នុងតម្លៃ ៦១០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង តែក៏មិនចង់ឃើញការដំឡើងបន្ទប់  ជួលនោះដែរ ព្រោះវានៅតែជាចំណោទបញ្ហាសម្រាប់ជីវភាពរបស់ពួកគេដដែល។

លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា និងលោក ទី នរិន្ទ ប្រធានអាជ្ញាធរ   អគ្គិសនី កាលពីល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ បានដឹកនាំមន្រ្តីអគ្គិសនីកម្ពុជាចុះប្រតិបត្តិការតបណ្តាញអគ្គិ សនី និងដំឡើងកុងទ័រជាលើកដំបូងជូនកម្មករ-កម្មការិនី នៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ដើម្បីជួយឲ្យ កម្មករ កម្មការិនី ព្រមទាំងនយោជិតដទៃទៀត ដែលមានជីវភាពខ្វះខាតទទួលការប្រើប្រាស់ថាមពលអគ្គិសនី ត្រឹមតម្លៃ ៦១០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង។

ក្រៅពីខណ្ឌឬស្សីកែវ ដែលលោក កែវ រតនៈ ចុះដឹកនាំដោយផ្ទាល់នោះ កាលពីល្ងាចថ្ងៃទី២៩ ខែមករា ខណ្ឌ ចំនួនពីរផ្សេងទៀត គឺខណ្ឌមានជ័យ និង ខណ្ឌដង្កោ មន្រ្តីអគ្គិសនីកម្ពុជា ក៏បានចេញប្រតិបត្តិចុះតបណ្តាញអគ្គិ សនី និងដំឡើងកុងទ័រជូនដល់កម្មករ កម្មការិនី និង និយោជិតផងដែរ។

ក្រុមកម្មករ កម្មារិនី នៅក្នុងសង្កាត់ទួលសង្កែ ជាមួយទឹកមុខញញឹមញញែមពេលកំពុងធ្វើដំណើរចេញពីរោងចក្រ   និងខ្លះទៀត កំពុងធ្វើម្ហូបសម្រាប់អាហារពេលល្ងាចនោះ បាននិយាយទៅកាន់លោក កែវ រតនៈ ថា ពួកគេរីក   រាយខ្លាំងចំពោះយន្តការ និង ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ជួយឲ្យពួកគេបានប្រើប្រាស់តម្លៃភ្លើងត្រឹម   ៦១០រៀលក្នុងមួយម៉ោង ដែលកន្លងទៅពួកគេបានចំណាយរហូតដល់ ២.០០០រៀលក្នុងមួយម៉ោង។

មិនត្រឹមតែកម្មករ កម្មការិនីទេ ដែលសាទរ ចំពោះការទទួលបានឱកាសប្រើថ្លៃថាមពលអគ្គិសនី ៦១០រៀលក្នុង   មួយម៉ោងនេះ សម្រាប់ក្រុមអាជីវករ ដែលរកស៊ីនៅក្នុងតំបន់រោងចក្រក្នុងសង្កាត់ឬស្សីកែវ ក៏រីករាយណាស់ដែរ   ហើយពួកគេ ក៏គ្រោងនឹងពង្រីកអាជីវកម្មឈានទៅបន្ថែមការលក់ទឹកក្រឡុកជាដើម។

លោក សយ កុសល ចៅសង្កាត់ទួលសង្កែ បានថ្លែងឲ្យដឹងថា នៅក្នុងសង្កាត់ទួលសង្កែមានរោងចក្រចំនួន ៣៨   មានកម្មករជាង ៣ម៉ឺននាក់។ លោកបានបញ្ជាក់ថា ក្រុមកម្មករប្រើថាមពលអគ្គិសនីជាមធ្យមក្រោម ៣០គីឡូវ៉ាត់   ក្នុងមួយខែ ខណៈដែលអាជីវករប្រើអស់ចន្លោះពី ៣០-៤០គីឡូវ៉ាត់។ បើតាម លោក សយ កុសល បច្ចុប្បន្នកម្ម  ករ កម្មការិនី ត្រូវទិញថ្លៃភ្លើងពីម្ចាស់មួយគីឡូវ៉ាត់ ២.០០០រៀល ខណៈអាជីវករតម្លៃ ២.៥០០រៀល។

លោក សយ កុសល បានឲ្យដឹងផងដែរថា ដំណើរការ នៃការចុះស្រង់ស្ថិតិរបស់កម្មករ និង អ្នកជួលបន្ទប់បាន   ដំណើរការទៅដោយល្អប្រសើរមិនមានការជំទាស់ណាមួយកើតមាននោះទេ ពោលទាំងអ្នកជួលបន្ទប់ និង ម្ចាស់   បន្ទប់សុទ្ធតែបានចូលរួមសហការទាំងអស់គ្នា។

លោក កែវ រតនៈ បានសម្តែងការសប្បាយរីករាយផងដែរ ចំពោះកិច្ចសហការរបស់ម្ចាស់បន្ទប់ជួល និង កម្មករ ក  ម្មារិនី ដើម្បីឲ្យដំណើរការតបណ្តាញអគ្គិសនី បានល្អប្រសើរ និង គ្មានឧបសគ្គ។

លោក កែវ រតនៈ បានសន្យាជំរុញការតបណ្តាញអគ្គិសនីឲ្យបានឆាប់ ដើម្បីជួយឲ្យកម្មករ កម្មការិនី និង អ្នកជួល   បន្ទប់ទាំងអស់ ទទួលបានការប្រើប្រាស់អគ្គិសនីក្នុងតម្លៃ ៦១០រៀល ឲ្យបានឆាប់បំផុត។

កម្មករ កម្មារិនី ពួកគេពិតជាសប្បាយរីករាយបន្ទាប់ពីទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងអគ្គិសនី   កម្ពុជា តែពួកគេក៏បានបង្ហាញពីកង្វល់ផងដែរ ព្រោះស្របជាមួយដំណឹងល្អនៃតម្លៃអគ្គិសនី ស្រាប់តែព័ត៌មានមិន   សប្បាយចិត្តក៏ធ្លាក់មកដល់ផងដែរ គឺការដំឡើងថ្លៃបន្ទប់ជួលពីម្ចាស់បន្ទប់ប្រមាណចំនួន ៥ដុល្លារបន្ថែមទៀត។

ក្រុមកម្មករ កម្មការិនី បានទទូចឲ្យរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ មេត្តាជួយទប់ស្កាត់ការដំឡើងថ្លៃ   ផ្ទះជូលនេះ ព្រោះវានឹងមិនធ្វើឲ្យជីវភាពរបស់ពួកគេបានប្រសើរនោះទេ ប្រសិនបើមានការដំឡើងថ្លៃបន្ទប់ជួល  នោះ។

លោក សយ កុសល ចៅសង្កាត់ទួលសង្កែ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ឆ្លើយតបកង្វល់របស់   កម្មករ កម្មការិនី លោកនិងកោះប្រជុំជាមួយម្ចាស់បន្ទប់ ដើម្បីទប់ស្កាត់បញ្ហាមួយនេះ។

សូមបញ្ជាក់ថា ការតបណ្តាញអគ្គិសនី និងដំឡើងកុងទ័រ ដល់បន្ទប់ជួលរបស់កម្មករ និយោជិត ធ្វើការចាប់ពី ម៉ោង ៤ និង៣០នាទីល្ងាច ដល់ម៉ោង ៨ និង៣០នាទីយប់សម្រាប់ថ្ងៃចន្ទ ដល់ ថ្ងៃសៅរ៍។ សម្រាប់ថ្ងៃអាទិត្យវិញ  នឹងធ្វើចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច។

នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្ពោធវារីអគ្គិសនីឬស្សីជ្រុំ នៅ ខេត្តកោះកុង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ កន្លងទៅ បានបញ្ជាឲ្យអគ្គិសនីកម្ពុជា និង អាជ្ញាធរពាក់ព័ន្ធរិះ រកវិធានការ ដើម្បីផ្តល់ឱកាសឲ្យកម្មករ-កម្មការិនី បានប្រើប្រាស់ថាមពលអគ្គិសនី ក្នុងតម្លៃដូចប្រជាពលរដ្ឋទូទៅ  ពោលមិនស្ថិតក្រោមតម្លៃវិនិយោគបន្តពីម្ចាស់ផ្ទះជួល ឬ ម្ចាស់បន្ទប់ជួល ដែលមានតម្លៃថ្លៃនោះឡើយ។

ក្រោយទទួលបានបទបញ្ជានេះ អគ្គិសនីកម្ពុជា ដែលដឹកនាំដោយ លោក កែវ រតនៈ បានបើកកិច្ចប្រជុំជាមួយ  មន្រ្តីពាក់ព័ន្ធ អាជ្ញាធរ មន្រ្តីសហជីព ព្រមទាំងប្រជាពលរដ្ឋជាម្ចាស់ផ្ទះ ឬបន្ទប់ជួលផងដែរ។ លោក កែវ រតនៈ  បានសម្រេចចំណាយថវិកាជាង ២លានដុល្លារ ដើម្បីតបណ្តាញខ្សែភ្លើង និង ដំឡើងកុងទ័រដល់ផ្ទះ ឬបន្ទប់ជួល  របស់កម្មករ-កម្មការិនីតែម្តង៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>