សៀមរាប : ដំណើរការនៃការបោះជំរំ យុវជន ជាសកល នារដូវក្ដៅឆ្នាំនេះ មានរយ:ពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ ២៦ ខែធ្នូ ឆ្នាំ២០១២ ដែលជាការបោះជំរំឆ្នាំទី៣ ដោយមានការចូលរួម ពីបណ្តាយុវជនមកពីគ្រឹះស្ថាន ឧត្តមសិក្សា សាធារណៈ និង ឯកជន ចំនួន៣៤ និងយុវជនកាយរិទ្ធិ យុវជនស្ម័គ្រចិត្ត ចំនួន ២៧២នាក់ ១២៣នាក់ជាយុវតី ក្នុងនោះមានយុវជនខ្មែរ នៅ បរទេស ៤នាក់ មកពីប្រទេសអេស្បាញ និងគុយបា។
លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ក្រោមការផ្តួចផ្តើម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យមានការរៀបចំ ការបោះជំរំជាយុវជនជាសកល រដូវក្តៅលើកទី៣ ឆ្នាំ២០១២ នៅខេត្តសៀមរាប ក្នុងគោលបំណងឲ្យយុវជនខ្មែរទាំងអស់ មានឱកាស ដើម្បីស្វែងយល់ពីសក្តានុពលប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ ប្រពៃណីខ្មែរ បំណិនជីវិត និងដំណើរការអភិវឌ្ឍប្រទេសជាតិ។
លោកបញ្ជាក់ថា ឆ្លងតាមសកម្មភាពទាំងនេះ ក្រសួងបានរៀបចំគោលនយោបាយជាតិ ស្តីពី ការអភិវឌ្ឍយុវជនកម្ពុជា បន្ទាប់ មករាជរដ្ឋាភិបាល បានអនុម័ត នៅក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដោយបានចាត់ទុកយុវជន ជាធនធានដ៏គន្លឹះ និងមានតម្លៃបំផុត សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងបរិស្ថាន ដោយរក្សាបាននូវ សន្តិភាពជូនសង្គម ជាតិទាំងមូល។ ហើយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ ចំពោះយុវជន ដែលជាធនធានមិនអាចខ្វះ បានទាំងនេះ បានផ្តល់នូវការសិក្សាប្រកបដោយគុណភាព និងសមត្ថភាព ដើម្បីឈានចូលទៅក្នុងទីផ្សារការងារ ពោលគឺ ការបណ្តុះបុគ្គលិកលក្ខណៈ ពេញលេញលើផ្នែករាងកាយ បញ្ញាស្មារតី សីលធម៌ តម្លៃនិងការទទួលខុសត្រូវ ដើម្បីឲ្យយុវជន ក្លាយជាពលរដ្ឋដ៏ល្អក្នុងសង្គមជាតិ។
ឆ្លងតាមរយៈនៃការបោះជំរំនេះ លោករដ្ឋមន្ត្រី ក៍សង្ឃឹមផងដែរថា យុវជនទាំងអស់នឹងមានឱកាស រៀនសូត្រពីគ្នាទៅវិញទៅ មក តាមរយៈការជួបជុំគ្នា រវាងក្រុមយុវជនមកពីគ្រប់គ្រប់ខេត្ត រាជធានី ក៏ដូចជាការបង្កើតមិត្តថ្មី និងបណ្តាញមិត្តភាពឲ្យបាន ទូលំទូលាយ សម្រាប់ ការអភិវឌ្ឍជំនាញនៃបំណិនជីវិត ដើម្បីក្លាយខ្លួនជាបុគ្គលដែលមានភាពរឹងមាំ ក្នុងការសម្រេចចិត្ត ដោយមានការទទួលខុសត្រូវខ្ពស់ ចេះអធ្យាស្រ័យ ជួយគ្នាទៅវិញទៅមក មានគំនិតច្នៃប្រឌិត ចេះចែករំលែកបទពិសោធន៍ យល់ដឹងពីប្រវត្តិសាស្រ្តខ្មែរ ពង្រឹងបាននូវមោទនភាពជាតិ និងអត្តសញ្ញាណជាតិ៕