ភ្នំពេញ ៖ មន្ត្រីនគរបាល ខណ្ឌចំការមនម្នាក់ ត្រូវបានអ្នកជិះម៉ូតូមួយគ្រឿង មានគ្នា២នាក់ ជិះបុកពេញទំហឹងបណ្តាល ឲ្យខ្ទាតជាច្រើនម៉ែត្រ និងទទួលរងរបួសគ្រេចជើងម្ខាង ខណៈមន្ត្រីរងគ្រោះរូបនោះ កំពុងតែបណ្តើរម៉ូតូ ដែលគេផ្លុងចោលដើរកាត់ថ្នល់ ដើម្បីយកទៅរក្សាទុក នៅឯអធិការដ្ឋានខណ្ឌចំការមន ដើម្បីធ្វើការស្រាវជ្រាវនោះ។ ចំណែកឯ អ្នកជិះម៉ូតូ ២នាក់ប្តី-ប្រពន្ធ ដែលជិះបុកគេនោះ ក៏ទទួលរងរបួសធ្ងន់ផងដែរ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥ ពីនៅចំណុចផ្លូវលេខ៥១ កែងនឹងផ្លូវលេខ២៩៤ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។ ហើយភ្លាមៗ បន្ទាប់ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នោះ ជនរងគ្រោះ ត្រូវបានគេជួយសង្គ្រោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល។ ចំណែក ម៉ូតូដែលបង្កគ្រោះថ្នាក់ចរាចរណ៍នោះ ត្រូវបានយកទៅរក្សាទុកនៅឯ អធិការដ្ឋានខណ្ឌចំការមន ដើម្បីរង់ចាំដោះស្រាយគ្នាតាមនីតិវិធីច្បាប់ ៕