ភ្នំពេញ៖ ក្រុមចោរប្លន់ ប្រដាប់អាវុធចំនួន ៥នាក់ ត្រូវបានសមត្ថកិច្ច នគរបាលខណ្ឌ ចំការមនបង្ហាញមុខ នារសៀលថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១២ បន្ទាប់ ពីបង្ក្រាបបាន កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២ ក្នុងខណៈដែលក្រុមចោរប្លន់ ប្រដាប់អាវុធនេះ បានធ្វើសកម្មភាព យកកាំភ្លើងភ្ជង់ប្លន់យក កាបូបលុយពី ស្ត្រីម្នាក់នៅចំណុចផ្ទះលក់ គ្រឿងសំណង់ ស្ថិតនៅបណ្តោយផ្លូវលេខ១៤៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។
អធិការនគរបាលខណ្ឌចំការមន លោក អ៊ុច សុខុន បានប្រាប់ក្រុមអ្នក សារព័ត៌មានថាក្រុមចោរប្លន់ ទាំង៥នាក់ ដែលត្រូវបានបង្ហាញមុខ នៅពេលនេះ ទី ១ឈ្មោះ ជា ស៊ី ដេត ភេទប្រុស អាយុ៣០ ឆ្នាំ ស្នាក់នៅផ្ទះលេខ១០ ផ្លូវសុធារស់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងទី២ ឈ្មោះ សាអែម សុវិជ្ជា ហៅ ញ៉ាញ់ ភេទប្រុស អាយុ២៨ ឆ្នាំ ស្នាក់នៅផ្ទះ១៤៨ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ទី៣ ឈ្មោះ សាត សុវឌ្ឍនា ហៅ អាឆ្មា ភេទប្រុស អាយុ២២ ឆ្នាំ ស្នាក់នៅផ្ទះលេខ១២ ផ្លូវ៤២២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន (ធ្លាប់ជាប់គុក២លើក) ។ ជនសង្ស័យ បីនាក់នេះ ត្រូវបាននគរបាលខណ្ឌចំការមន ឃាត់ខ្លួនបានកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២ ខណៈពួកគេ ធ្វើសកម្មភាពភ្ជង់ប្លន់យកប្រាក់ពីស្ត្រី វ័យម្នាក់ដែលកំពុង ដើរចេញពីផ្ទះ លក់គ្រឿងសំណង់ ដោយបានប្លន់យកប្រាក់អស់ជាង ៥០០ដុល្លារ ហើយត្រូវសមត្ថកិច្ច ចាប់បានភ្លាមៗតែម្តង។
លោកអធិការបានបន្តថា ក្រោយពីឃាត់ខ្លួនក្រុមចោរប្លន់បានចំនួន ៣នាក់ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងសាកសួរ រហូតឈានដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១២ នេះសមត្ថកិច្ចយើងបានស្រាវជ្រាវ ធ្វើការឃាត់ខ្លួនជនសង្ស័យ ដែលបក្ខពួកចំនួន ពីរនាក់ទៀត ទី១ ឈ្មោះ ម៉ម មាន ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ ២២៧ A បន្ទប់លេខ០៦ ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងទី២ ឈ្មោះ អ៊ូ សុវណ្ណារិទ្ធ ហៅ អាស្រស់ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះលេខ66 ផ្លូវលេខ៧៧ ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងបានដកហូតវត្ថុតាង រួមមាន ម៉ូតូ០១គ្រឿង និងអាវុធខ្លី០១ដើម ។
លោក អ៊ុច សុខុន អធិការនគរបាលខណ្ឌចំការមន បានបន្តទៀតថា ក្រុមចោរប្លន់ ប្រដាប់អាវុធចំនួន៦នាក់ ខាងលើនេះគឺសុទ្ធតែ ក្រុមចោរដែល ធ្លាប់ធ្វើ សកម្មភាពប្លន់ ឆក់ យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ព្រោះឈ្មោះចោរនីមួយៗ មានដីកាចាប់ខ្លួន ស្ទើរគ្រប់គ្នា ហើយការបង្ក្រាប ក្រុមចោរនេះ ធ្វើទៅតាមការបញ្ជា ផ្ទាល់របស់លោក ជួន សុវណ្ណ ស្នងការនគរបាល រាជធានីភ្នំពេញ ទើបលោកបានបញ្ជា កូនចៅក្រោមឱវាទ ពួកស្ទាក់ព័ទ្ធចាប់ បានក្រុមចោរប្លន់ ប្រដាប់អាវុធ មួយចំបុកដ៏ធំខាងលើនេះ ៕