ភ្នំពេញ ៖ ក្រុមហ៊ុនរបស់ ឧកញ៉ាទ្រី ភាព នៅថ្ងៃ សុក្រទី៦ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានសម្ដែង ការខឹងសម្បាយ៉ាងខ្លាំងចំពោះ របាយការណ៍ របស់អង្គការ Global Witness ដែលបានចោទ ប្រកាន់បំផ្លើសការពិតថា ក្រុមហ៊ុនរបស់ លោកឧកញ៉ា បាននាំចេញឈើទៅក្រៅ ប្រទេស៩០០ម៉ែត្រគូប តាមកំពង់ផែក្រុង ព្រះសីហនុ ក្នុងមួយថ្ងៃ និងថែមទាំងបាន ចោទប្រកាន់ ថារំលោភច្បាប់ជាតិនិងអន្ដរជាតិ ។
ផ្ទុយទៅវិញ ក្រុមហ៊ុនរបស់ឧកញ៉ាទ្រី ភាពបានឱ្យដឹងថា ការនាំចេញឈើតាម កំពង់ផែក្រុងព្រះសីហនុ មានត្រឹមតែ១០០០ម៉ែត្រគូប ពីមួយខែទៅ២ខែតែប៉ុណ្ណោះ ហើយការនាំចេញទាំងអស់នោះ សុទ្ធតែមានច្បាប់អនុញ្ញាតត្រឹមត្រូវ ពីស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា ។
តំណាងក្រុមហ៊ុនរបស់ឧកញ៉ាទ្រី ភាព បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០១៥ ថា រាល់ឈើដែលក្រុមហ៊ុនទ្រីភាពនាំចេញទាំង នោះ ជាប្រភេទឈើដែលប្រមូលពីក្នុងដីសម្បទានសេដ្ឋកិច្ច ហើយថា រាល់ឈើទាំងនោះ ត្រូវបានដាក់នៅក្នុងកុងតឺន័រ ចំនួនជាង១០០ ប៉ុន្ដែមិនមែនមានន័យថា នាំចេញក្នុងមួយថ្ងៃនោះឡើយ ពោលជាង១០០ កុងតឺន័រនេះ គឺជាចំនួនសរុបពី១ខែទៅ ២ខែប៉ុណ្ណោះ ។
តំណាងក្រុមហ៊ុនទ្រីភាព បានឱ្យដឹង ទៀតថា ការនាំចេញឈើទាំងនោះ មិនមែន តែឈើទាំងអស់នោះទេ រួមមានទាំងគ្រឿង សង្ហារឹម ដែលបានកែច្នៃនៅក្នុងរោងសិប្ប កម្មរបស់ក្រុមហ៊ុន នៅខាងលិចរាជធានីភ្នំពេញ ថែមទៀតផង ។
តំណាងក្រុមហ៊ុនបានវាយបកទៅអង្គការ Global Witness ទៀតថា របាយការណ៍របស់ អង្គការនេះ គឺជាការចោទប្រកាន់មិនត្រឹមតែប៉ះពាល់ក្រុមហ៊ុនទេ ប៉ុន្ដែបានប៉ះពាល់ទៅដល់ស្ថាប័នជាតិមួយចំនួន ទៀត ហើយធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នទាំងនោះយ៉ាងធ្ងន់ធ្ងរ ។
យោងតាមការផ្សាយរបស់បណ្ដាញ ព័ត៌មានខ្លះបានដកស្រង់របាយការណ៍ អង្គការ Global Witness ដោយបានចោទប្រកាន់ក្រុមហ៊ុន ឧកញ៉ាទ្រីភាព ថា ជាក្រុមហ៊ុនកាប់ឈើធំ បំផុតរបស់កម្ពុជានិងបានរំលោភច្បាប់ជាតិ និងអន្ដរជាតិ ហើយថាក្រុមហ៊ុននេះបាននាំ ចេញឈើ៩០០ម៉ែត្រគូបក្នុងមួយថ្ងៃទៅក្រៅប្រទេស ។
តំណាងក្រុមហ៊ុនឧកញ៉ា ទ្រីភាព បាន បញ្ជាក់ថា រាល់ការនាំចេញឈើនិងគ្រឿង សង្ហារឹម សុទ្ធតែបានបង់ពន្ធត្រឹមត្រូវតាម ច្បាប់រាប់ទាំងឈើដែលប្រមូលនៅក្នុងដីសម្បទានសេដ្ឋកិច្ច ក៏បានបង់ពន្ធដូចគ្នា ។
តំណាងក្រុមហ៊ុនក៏បានរិះគន់អង្គការ Global Witness ថា មិនដែលបានផ្សព្វផ្សាយនូវអ្វីដែលបាននឹងកំពុងតែអភិវឌ្ឍន៍របស់ក្រុមហ៊ុនក្នុងការដាំដំណាំកសិឧស្សាហកម្មនៅលើដីសម្បទានទាំងនោះដូចជា កៅស៊ូ ម្រេច និងអគារ មួយចំនួន ។ ផ្ទុយទៅវិញអង្គការ Global Witness អាចទៅទីតាំងនោះ បាន ចៀសវាងមួលបង្កាច់ គ្មានការពិត ៕