ភ្នំពេញ៖ អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កម្លាំងរក្សាសន្តិភាព បោស សម្អាតមីន និងកាកសំណល់សង្គ្រាមលោកឧត្តមសេនីយ៍ឯក សែម សុវណ្ណនី បានអះអាងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ថា មានប្រទេស៣ បានស្នើសុំកម្ពុជាជា ផ្លូវការ ដើម្បីឲ្យកម្ពុជាជួយបង្ហាត់បង្ហាញនូវបទពិសោធន៍ ដោះមីនកម្ពុជា ដែលបានទទួលជោគជ័យ ក្នុងក្របខណ្ឌសហប្រជាជាតិនាពេលកន្លងមក។
លោកឧត្តមសេនីយ៍ បានថ្លែងប្រាប់អ្នកព័ត៌មាននៅឯពិធីទទួលកងកម្លាំងកម្ពុជា ដែលទើបបញ្ចប់បេសកកម្មក្រោម ឆ័ត្រអន្តរជាតិនៅប្រទេសស៊ូដង់ថា ប្រទេសទាំង៣នោះ រួមមាន កូឡុំប៊ី ម៉ុងហ្គោលី និងឥណ្ឌូនេស៊ី។
លោកបញ្ជាក់ថា ប្រទេសកូឡុំប៊ី បាត់កោតសរសើរបទពិសោធន៍របស់កម្ពុជា ក្នុងដំណើរបំពេញបេសកកម្មក្រប ខណ្ឌអង្គការសហប្រជាជាតិផ្នែកដោះមីន ទទួលបានជោគជ័យ ដោយមិនមានគ្រោះថ្នាក់ដល់អ្នកដោះនោះ ឡើយ។ ហើយថា ប្រទេសកម្ពុជា ជាប្រទេសដែលបំពេញបេសកកម្ម បានយ៉ាងល្អ ក្នុងចំណោមប្រទេសនានា ដែលបានបញ្ជូនកម្លាំងទៅដោះមីន ក៏ប៉ុន្តែអ្នកដោះមីនទាំងនោះ បានរងរបួស៕