ភ្នំពេញ៖ សហព័ន្ធអ្នកនាំចេញអង្ករកម្ពុជា បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យស្រូវរបស់ប្អូន ប្រជាកសិករធ្លាក់ថ្លៃក៏ដោយ សារតែ រដូវប្រមូលផលស្រូវ ចាប់ផ្តើមទូទាំងប្រទេស ដែលធ្វើឲ្យប្រជាកសិករទទួលបានទិន្នផលដំណាលគ្នា ធ្វើស្រូវចេញ លក់ពេញទីផ្សារ។
ប្រធានសហព័ន្ធ អ្នកនាំចេញអង្ករកម្ពុជា លោកឧកញ៉ា គឹម សាវុធ និងជាប្រធានក្រុមហ៊ុន នាំចេញអង្ករខ្មែរហ្វូដ បានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ នេះថា វាជាទូទៅហើយឲ្យតែដល់ រដូវកាលប្រមូលផល ថ្លៃស្រូវ ច្បាស់ណាស់គឺត្រូវធ្លាក់។ ហើយថា ការធ្លាក់តម្លៃនេះ មិនមែនកើតមានឡើង តែកម្ពុជានោះទេ ពោលនៅប្រទេសជិតខាង ដូចជាវៀតណាម ថៃ រួមទាំងប្រទេសមួយចំនួនទៀត នៅលើពិភពលោក ឲ្យតែដល់រដូវប្រមូលផលគឺ តែងតែធ្លាក់ថ្លៃ ដូចគ្នា។
លោកឧកញ៉ា បានបន្តថា “មិនមែនពួកយើង ដែលជាក្រុមហ៊ុននាំចេញអង្ករ ឬម្ចាស់រោងម៉ាស៊ីនកិន ស្រូវ ជាអ្នកទម្លាក់តម្លៃ ស្រូវនោះទេ។ នៅក្នុងទីផ្សារសេរី គឺតែងតែកើតមាននូវការធ្លាក់ថ្លៃបែបនេះ ព្រោះថាឈ្មួញទិញស្រូវមិនមែន មានតែក្នុង ស្រុកនោះទេ គឺមានឈ្មួញមកពីប្រទេសជិតខាង ក៏បានចូលរួមក្នុងទីផ្សារស្រូវ-អង្ករនេះដែរ។ វាជាទូទៅ ទៅហើយឲ្យតែ ដល់រដូវប្រមូលផល គឺវាតែងតែធ្លាក់ថ្លៃបែបនេះ”។
ឧកញ៉ា គឹម សាវុធ ដែលទើបតែជាប់ឆ្នោតថ្មី ជាប្រធានសហពន្ធ័អ្នកនាំចេញអង្ករកម្ពុជា ត្រូវបានគេមើលឃើញថា មានភាព លេចធ្លោជាងគេ ក្នុងការនាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិ ។ រោងម៉ាស៊ីន កែច្នៃអង្កររបស់ លោកឧកញ៉ា មានការពង្រីកធំ ជាងឆ្នាំកន្លងទៅរហូតដល់ ៣ដង ដែលមានសមត្ថភាពកែច្នៃអង្ករ បាន ៣០០តោនក្នុង១ថ្ងៃ។
កាលពីពេលថ្មីៗកន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឲ្យមន្រ្តីរដ្ឋាភិបាល ធ្វើការពិនិត្យរកមូលហេតុនៃការ ធ្លាក់តម្លៃស្រូវដែលធ្វើប្រជាកសិករ នៅតាមខេត្តមួយចំនួន ធំត្អូញត្អែរ ពីការធ្លាក់ថ្លៃតម្លៃស្រូវ នេះ ។ កសិករបានត្អូញត្អែរថា ពួកគាត់ខំប្រឹងប្រែងបង្កបង្កើនផល តែបែរជាស្រូវធ្លាក់ថ្លៃ គ្មានចំណេញទៅវិញ ។ ការប្រមូលផលឆ្នាំនេះ ស្រូវអ៊ីអ៊ែរ ដែលពីឆ្នាំទៅមានតម្លៃ ១១០០រៀល ក្នុង១គីឡូក្រាមធ្លាក់ មកនៅ ត្រឹមតែ ៧០០រៀលប៉ុណ្ណោះ ហើយស្រូវធ្ងន់ ដែលធ្លាប់ធ្លាប់មានតម្លៃ ១២០០រៀល ធ្លាក់មកតែ៨០០រៀលប៉ុណ្ណោះ ក្នុង១គីឡូ ក្រាម។
យ៉ាងណាក៏ដោយ បើតាមលោកឧកញ៉ា គឹម សាវុធ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ តម្លៃស្រូវដែលលក់នៅលើទីផ្សារ គឺអាចឲ្យប្រជាកសិករ ទទួលបានផលចំណេញបានគួរសម។ ប៉ុន្តែដោយសារកត្តាធំៗ មួយចំនួនបានធ្វើឲ្យពួកគាត់ ខាតបង់ ទៅវិញ ខាតបង់នៅត្រង់ថា ប្រជាពលរដ្ឋមួយចំនួនធំ ពួកគាត់បានចំណាយខ្ជះខ្ជាយច្រើន ទៅលើការបង្កបង្កើនផល។
លោកបន្តថា កត្តាចម្បងដែលធ្វើ ឲ្យប្រជាកសិករខាតបង់ គឺពួកគាត់តែងតែទៅខ្ចីលុយ និងចងការប្រាក់ កន្លែងដែលមិនមែន ជាធនាគារ (កន្លែងជញ្ជីង មានន័យថា កន្លែងខ្ចីមានការប្រាក់ខ្ពស់ នៅតាមកន្លែងដូរលុយធំៗ) ជាហេតុធ្វើឲ្យចំនួនការ ប្រាក់ មានកម្រិតខ្ពស់ជាងខ្ចី ពីស្ថានប័នធនាគារ ដោយខ្ចីពីធនាគារឬ មីក្រូហិរញ្ញវត្ថុ ការប្រាក់ប្រហែល ១០ភាគរយ ក្នុង១ឆ្នាំប៉ុណ្ណោះ តែបើខ្ចីពីកន្លែងផ្សេងការប្រាក់រហូតដល់ ២៤ភាគរយឯណោះ។ មួយវិញទៀត គឺការទិញថ្នាំ ជី និងសម្ភារៈកសិកម្ម ផ្សេងៗ ជំពាក់ឈ្មួញ កសិករ ក៏ជាកត្តាដែលធ្វើឲ្យ ពួកគាត់ខាតបង់ច្រើនផងដែរ។
លោកបានបញ្ជាក់ថា “បងប្អូនប្រជាកសិករ អាចខាតបង់ប្រាក់ ប្រហែលពី២០ទៅ ២៥ភាគរយ លើការចំណាយមិនសមស្រប មួយចំនួន ជាក់ស្តែងដូចជាការចងការប្រាក់ ពីកន្លែងមិនមែនធនាគារ ការទិញជំពាក់គេ ការប្រញាប់លក់ស្រូវភ្លាមៗ និង កត្តាមួយចំនួនដែល ធ្វើឲ្យពួកគេ ប្រមូលផលមកគ្មានសល់អ្វី គឺសងគេអស់រលីង”។
លោកឧកញ៉ា គឹម សាវុធ បន្ថែមថា បច្ចុប្បន្ននេះប្រជាកសិករ ចូលចិត្តតែលក់ស្រូវ ឲ្យឈ្មួញទៅនឹងស្រែតែម្តង ព្រោះពួកគាត់ ខ្ចិល ដឹកមកទុកនៅផ្ទះ ហើយហាលសម្ងួត។ ការធ្វើបែបនេះ ប្រជាកសិករអាចខាតបង់ក្នុង១គីឡូក្រាម រហូតដល់ពី ២០០រៀល។
ពាក់ព័ន្ធនឹងការចំណាយខ្ជះខ្ជាយ របស់បងប្អូនប្រជាកសិករនេះ ប្រធានសម្ព័ន្ធ អ្នកនាំចេញអង្កររូបនេះ ក៏បានអំពាវនាវទៅដល់ បណ្តាអង្គការក្រៅរដ្ឋាភិបាល ជាពិសេសធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មេត្តាជួយបង្កើតនៅកម្មវិធីអប់រំ ស្តីពីការវិភាគផែនការ ហិរញ្ញវត្ថុ ជូនដល់បងប្អូនប្រជាកសិករ ដែលមិនទាន់មានចំណេះដឹង ឲ្យពួកគាត់អាចវិភាគបានច្បាស់ ពីប្រយោជន៍នៃការ ខ្ចី លុយធនាគារ ជាងជាខ្ចីបុលពីកន្លែងគ្មានច្បាប់។
នៅរដូវប្រមូលផលឆ្នាំ២០១២ បងប្អូនប្រជាកសិករ នៅតាមខេត្តមួយចំនួនធំ បានត្អូញត្អែរ ពីការធ្លាក់ថ្លៃតម្លៃស្រូវ ដែលជា ហេតុធ្វើឲ្យពួកគាត់ មិនអាចចំណេញបានប្រាក់ពីការ ប្រកបរបរកសិកម្ម អស់រយៈពេលជាច្រើនខែកន្លមកនេះ របស់ខ្លួន។ ដោយពួកគាត់បានអំពាវនាវ ដល់រដ្ឋាភិបាលកម្ពុជាមេត្តា ជួយដោះស្រាយនូវតម្លៃស្រូវ ឲ្យបានសមស្រប ដែលអាចឲ្យពួក គាត់ទទួលបានការចំណេញគួរសម ពីការប្រកបរបរចិញ្ចឹមជីវិត។
ប្រទេសកម្ពុជា មានផែនការនាំចេញអង្ករឲ្យបាន ១លានតោននៅឆ្នាំ២០១៥ ហើយបច្ចុប្បន្នធនាគារ នៅប្រទេសកម្ពុជា ក៏បាន ផ្តល់ការគាំទ្រផងដែរ ចំពោះវិស័យនេះ ដោយបានផ្តល់ប្រាក់កម្ចីទៅដល់រោងម៉ាស៊ីស្រូវ សម្រាប់ទិញស្រូវពីកសិករ។
តាមការគត់សម្គាល់ របស់អ្នកវិភាគខ្លះ បានឲ្យដឹងថា សព្វថ្ងៃនេះ ប្រជាកសិករបានលក់ស្រូវ ទៅឲ្យឈ្មួញវៀតណាម និងថៃ តាមច្រករបៀងច្រើនសែនតោន ខណៈការប្រមូលទិញពីឈ្មួញ ឬម៉ាស៊ីនស្រូវក្នុងស្រុកមិនទាន់មាន សមត្ថភាពប្រមូល ទិញ បានច្រើន៕