ភ្នំពេញ ៖ អ្នកបើករថយន្តម្នាក់ ដែលប្រជាពលរដ្ឋ អះអាងថា ជាមន្រ្តីគយ បានបើកទ្វារថយន្ត រត់គេចខ្លួន និងឡើងជិះ ម៉ូតុឌុបទៅផ្ទះបាត់ កាលពីវេលាម៉ោង ៤៖៣០នាទី រសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ ក្រោយពី ជននេះ បានបើករថយន្តទៅបុករះ រថយន្តស៊េរីទំនើប មួយគ្រឿង ដែលចតលើចិញ្ចើមផ្លូវ និងរឺម៉ក់កង់៣ ចំនួន២ គ្រឿងបណ្តាលឲ្យរងការខូចខាត ស្ថិតនៅលើផ្លូវជាតិលេខ១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ ដែលបានឃើញគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បានឲ្យដឹងថា ជនបង្កបានបើករថយន្ត មួយគ្រឿង ម៉ាកកូរ៉ូឡា ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 2A-1477 តាមបណ្តោយ ផ្លូវជាតិលេខ១ ក្នុងទិសដៅ ពីលិចទៅកើត ស្រាប់តែដល់ ចំណុចកើតហេតុ ស្រាប់តែរេចង្កូត ទៅខាងឆ្វេងដៃ ហើយក៏បុកស៊េរី ទំនើបពណ៌ស មួយគ្រឿង និងម៉ូតូរឺម៉ក់កង់៣ ២គ្រឿងរងការខូខាត យ៉ាងដំណំ។
សម្រាប់គ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ ប្រជាពលរដ្ឋ បានអះអាងថា អ្នកបើករថយន្តទំនងស្រវឹងខ្លាំង ។ ក្រោយកើតហេតុ ទាំងរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីរង់ចាំការ ដោះស្រាយបន្តទៀត៕