កំពង់ឆ្នាំងៈ ម៉ូតូម៉ាកហុងដា សេ១២៥មួយគ្រឿង ត្រូវបានចោរលួចយកទៅបាត់ កាលពីម៉ោ១២ យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ នៅក្នុងពិធីបុណ្យបញ្ចុះសីមា នៃថ្ងៃទី១ នៅក្នុងបរិវេណវត្តអង្គ ស្ថិតក្នុងឃុំខុនរ៉ង ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ។
ឈ្មោះ រ័ត្ន ភាវ ជាម្ចាស់ម៉ូតូបានអោយដឹងថា ម៉ូតូរបស់គាត់ពាក់ស្លាកលេខ កំពង់ឆ្នាំង 1C-8876 បានបាត់ នៅពេល ដែលគាត់ យកមម៉ូតូនេះទៅដាក់ក្នុងមហារោង រួចបានដើរមើល នៅក្នុងវត្តនេះ ពេលត្រឡប់ មកវិញក៍ត្រូវបាត់ម៉ូតូ ផ្អើលឆោរឡោឡើង នាំគ្នាតាមរកដែរតែមិនឃើញនោះទេ ។ ប្រជាពលរដ្ឋបានរិះគន់ថា ក្នុងពិធីបុណ្យ បញ្ចុះសីមាវត្តអង្គ មានរយៈពេល៤យប់៥ថ្ងៃ ប៉ុន្តែនៅថ្ងៃទី១នៃពិធីបុណ្យនេះ ក៏ត្រូវបាត់ម៉ូតូរបស់ប្រជាពលរដ្ឋ ។
នៅក្នុងពិធីបុណ្យនេះផងដែរ គេសង្កេតឃើញមានវង់ល្បែងជាច្រើន បានកំពុងបើកលេង យ៉ាងអាណាធិបតេយ្យ ពេញក្នុងបរិវេណ វត្តដែលវង់ល្បែងទាំងនោះមាន អាប៉ោង បៀរ និង គ្រាប់ឡុកឡាក់ ។ ប្រជាពលរដ្ឋបានឲ្យដឹងទៀត ក្នុងពេលដែលវង់ល្បែង ទាំងនេះលេងពាសពេញវត្ត គេពុំឃើញមានសមត្ថកិច្ច ណាមកទប់ស្កាត់នោះទេ បែរជា ឃើញមានសមត្ថកិច្ច ទៅឈរមើលវង់ល្បែងទាំងនោះទៅវិញ ។
ការដែលមិនឃើញមានសមត្ថកិច្ចទប់ស្កាត់ការលេងល្បែងនេះ ដោយសារតែម្ចាស់វង់ល្បែង ទាំងនេះបានប្រាប់ថា ពួកគេបានឲ្យលុយទៅសមត្ថកិច្ចអស់ហើយ ។ ដោយសារតែដូចនេះហើយទើបធ្វើឲ្យមានចោរលួចម៉ូតូដល់ក្នុងវត្ត នេះទើបតែយប់ថ្ងៃទី១ផង ។ ដែលកាលេងទាំងនេះបង្ហាញ អោយឃើញពីការធ្លាក់ចុះនៃការអនុវត្ត គោលនយោបាយ ភូមិឃុំមានសុវត្ថិភាពនៅក្នុងមូលដ្ឋាននេះផងដែរ ។
សមត្ថកិច្ចបានធ្វើការបដិសេធ ពាក់ព័ន្ធនឹងករណីនេះ ថាខ្លួនមិនបានយកលុយពីវង់ល្បែង ដែលបាន ដាក់លេងក្នុងបរិវេណវត្តនេះឡើយ ទាំងនេះគឺមានគេម៉ៅការយកអស់ហើយ ។ ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរខេត្ត និង សមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយចាត់វិធានការទប់ស្កាត់ កុំឲ្យល្បែងទាំងនេះលេងក្នុងបរិវេណវត្តនេះផងដែរ ៕