ភ្នំពេញ ៖ ក្រុមហ៊ុន ឃែរី វើលដ៏ប្រ៊ីដ ឡូជីស្ទីក និងក្រុមហ៊ុន អ៊ិចស្ព្រេស ខេមបូឌា ដែលជាក្រុមហ៊ុនផ្តល់សេវាកម្ម ដឹក ជញ្ជូនទំនិញ បានប្រកាសពីការរួមបញ្ចូលគ្នា ជាក្រុមហ៊ុនតែមួយ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ក្នុងគោលដៅ ពង្រីកសេវា កម្មដឹកជញ្ជូន ឱ្យកាន់តែរឹងមាំនៅក្នុងប្រទេសកម្ពុជា ។
ក្នុងការរួមបញ្ចូលគ្នានេះ ក្រុមហ៊ុន ឃែរី វើលដ៏ប្រ៊ីដ ឡូជីស្ទីក (Kerry Worldbridge Logistics Ltd) ដែលផ្សំគ្នា រវាង ក្រុមហ៊ុន Worldbrige កម្ពុជា និង ក្រុមហ៊ុន Kerry ដែលមានមូលដ្ឋាននៅក្រុងហុងកុង នឹងដឹកនាំគ្រប់គ្រង ដោយ កាន់កាប់ភាគហ៊ុន ច្រើនជាងក្រុមហ៊ុន អ៊ិចស្ព្រេស ខេមបូឌា (Express Cambodia)។ ប៉ុន្តែតំណាងក្រុមហ៊ុន ទាំងពីរ មិនបានបញ្ជាក់លម្អិត អំពីទំហំទឹកប្រាក់ ក្នុងការរួមបញ្ចូលទុនគ្នានេះនៅឡើយទេ ។
លោកឧកញ៉ា សៀ ឫទ្ធី នាយកក្រុមហ៊ុន ឃែរី វើលដ៏ប្រ៊ីដ ឡូជីស្ទីក បានឱ្យដឹងថា ការរួមបញ្ចូលគ្នានេះ នឹងធ្វើឱ្យក្រុម ហ៊ុនទាំងពីរខាងលើ ក្លាយជាក្រុមហ៊ុនដឹកជញ្ជូនធំមួយ នៅក្នុងប្រទេសកម្ពុជា ដែលផ្តល់ទំនុកចិត្ត កាន់តែរឹងមាំ ជូន អតិថិជន ជាមួយនឹងការបញ្ចូលបច្ចេកវិទ្យាថ្មី ប្រព័ន្ធគ្រប់គ្រងថ្មី ដើម្បីធ្វើយ៉ាងណា ឱ្យទំនិញបញ្ញើ បានទៅដល់ដៃ អតិថិជន ប្រកបដោយប្រសិទ្ធភាព ។
លោកបានមានប្រសាសន៍ថា « នៅស្រុកខ្មែរ សេវាបញ្ញើនេះ អត់មានក្រុមហ៊ុនណាមួយ មានជាលក្ខណៈ ផ្លូវការនោះ ទេ មានក្រុមហ៊ុនខ្លះ គាត់ធ្វើបញ្ញើតាមតាក់ស៊ី ឬរថយន្តក្រុង ប៉ុន្តែនេះមិនផ្លូវការទេ ទើបយើងសហការគ្នា ដើម្បីឱ្យវា ទៅជាក្រុមហ៊ុនបញ្ជើផ្លូវការ មានប្រព័ន្ធគ្រប់គ្រងត្រឹមត្រូវ» ។
កន្លងមកការបញ្ជូនទំនិញ រវាងអ្នកផ្ញើ ទៅដល់អ្នកទទួលមួយចំនួន បានជួបប្រទះនូវបញ្ហាជាច្រើន ដូចជា ការបាត់ ទំនិញ, ការខូចខាតមិនទទួលខុសត្រូវ , ការមិនយកទៅដល់ទីតាំងនៃអ្នកទទួល , កង្វះព័ត៌មានពីអ្នកទទួល និងការ ខាតពេលវេលា ក្នុងការបញ្ជូន និងទទួលទំនិញជាដើម ។
លោក សារ៉េត ប្រធានក្រុមហ៊ុន Express Cambodia បាននិយាយថា បន្ទាប់ពីរួមបញ្ចូលគ្នានេះ ក្រុមហ៊ុននឹងខិតខំ លុបបំបាត់នូវបញ្ហា ហើយធ្វើយ៉ាងណាបង្កើនទំនុកចិត្តដល់អតិថិជន។ លោកថា «សព្វថ្ងៃ យើងកំពុងធ្វើឱ្យអ្នកផ្ញើ មានជំនឿ និងទុកចិត្តថា ទំនិញដែលផ្ញើមិនថា មានតម្លៃប៉ុណ្ណានោះទេ ទោះទំនិញ ១កញ្ចប់តម្លៃ១ម៉ឺនដុល្លារ ឬ ៥កាក់ ក៏ដោយ ក៏យើងធ្វើឱ្យបញ្ញើនោះ មានសុក្រិតភាព ដល់ដៃអតិថិជនតែម្តង គឺមានន័យថា ទទួលពីអ្នកផ្ញើ ហើយជូនទៅ ដល់ដៃអ្នកទទួល»។
តាមការប្រកាស សេវាកម្មដឹកជញ្ជូន របស់ក្រុមហ៊ុន ឃែរី វើលដ៏ប្រ៊ីដ ឡូជីស្ទីក និង ក្រុមហ៊ុន អ៊ិចស្ព្រេស ខេមបូឌា មិនត្រឹមតែពង្រីក នៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែនឹងត្រូវពង្រីក ជាសកលតែម្តង ពោលគឺទទួល និងបញ្ជូន ទំនិញ ទៅអតិថិជននានា នៅជុំវិញពិភពលោក ៕