ភ្នំពេញៈ អំណោយប្រកបដោយសម្បុរសធម៌ របស់លោកស្រី ហ៊ុន ម៉ាណា អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ បាយ័ន និងស្វាមី ដែលមានថវិកា ២លានរៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត បានផ្តល់ជូនមន្រ្តី សន្តិសុខខណ្ឌមានជ័យ លោក ហោ ម៉ៅ និងភរិយាពិការ ដែលកំពុងជួបការលំបាកយ៉ាងខ្លាំងក្នុងជីវភាព។
អំណោយសង្រ្គោះទាំងអស់នេះ ត្រូវបានយកទៅប្រគល់ជូនដល់ផ្ទះ លោក ហោ ម៉ៅ នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ តាមរយៈលោក ប៊ុត ភីន ជំនួយការផ្ទាល់របស់ឯកឧត្ដម ឌី វិជ្ជា។
អំណោយ ដែលជាការសង្រ្គោះដ៏មានន័យនេះ រួមមាន ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ត្រីខកំប៉ុង ៣យួរ ទឹកដោះ គោខ្លាឃ្មុំ ៥ ដុំ អង្ករ ៥០ គីឡូក្រាម និងថវិកាចំនួន ២លានរៀន។
ក្នុងឱកាលនោះផងដែរ លោក ហោ ម៉ៅ និងក្រុមគ្រួសារ មានសេចក្ដីត្រេកអរយ៉ាងអនេកកប្បការ ចំពោះអំណោយប្រកបដោយសប្បុរសធម៌ របស់លោកស្រី ហ៊ុន ម៉ាណា និងស្វាម៉ី និងបានបួងសួង ដល់វត្ថុស័ក្ដិក្នុង លោកឲ្យជួយតាមថែរក្សាលោកទាំងពីរ ឲ្យបានសេក្ដីសុខសប្បាយ រកស៊ីប្រកបកិច្ចអ្វី បានដូចបំណងប្រាថ្នា ឈ្នះ មាសត្រូវមកយាយី។
លោក ហោ ម៉ៅ មានអាយុ ៥២ឆ្នាំ ជាមន្ដ្រីសន្ដិសុខខណ្ឌមានជ័យ រស់នៅក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ ពោល គឺតាមបណ្ដោយច្រាំងទន្លេខាងជើងស្ពាន ព្រះមុនីវង្ស។ បច្ចុប្បន្នរស់នៅលើផ្ទះដែល មាន ទំហំ ៣គុណនឹង៤ម៉ែត្រ ជាមួយនឹង ភរិយាឈ្មោះ ឡេង សុវ៉ាន អាយុ ៥៤ ដែល មានជំងឺប្រចាំកាយ ថែមទាំង ពិការមួយចំហៀងខ្លួនទៀតរយៈពេល៦ឆ្នាំមកហើយ ព្រមទាំងចៅអាយុ ១៤ឆ្នាំម្នាក់ផងដែរ។
រូបគាត់និងភរិយាបានចាប់ដៃគ្នាកសាង ជីវិតដ៏លំបាកមួយនេះ តាំងពីឆ្នាំ១៩៧៩មក ម្ល៉េះ ដោយបានកូនចំនួន ៥នាក់ តែពេលនេះ កូនៗបានបែកចេញទៅរស់នៅរៀងៗខ្លួន អស់ហើយ ហើយពួកគេក៏មិនសូវជាមាន ជីវភាព ប្រសើរអីដែរ ព្រោះគាត់ក៏គ្មានអ្វីជា ដុំកំភួនផ្ដល់ឱ្យកូនៗគាត់នោះទេ។
លោក ហោ ម៉ៅ កាលពីឆ្នាំ ១៩៨៥ បានធ្វើជាកងជីវពល ហើយ នៅឆ្នាំ២០០៥ រូបគាត់បានចូលធ្វើជាសន្ដិសុខ ខណ្ឌមានជ័យ ហើយត្រូវសាលាខណ្ឌចាត់ មកឱ្យបំពេញការងារនៅលើផ្លូវបំបែកជា៤ លូ៥ ស្ថិតក្នុងសង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ ដោយឈរធ្វើជាសញ្ញាចរាចរណ៍សម្រួលការធ្វើដំណើរ របស់ប្រជាពលរដ្ឋកម្ពុជា អស់ រយៈពេល៦ឆ្នាំមកហើយ៕