ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការពារជាតិ នាយឧត្តសេនីយ៍ ទៀ បាញ់ បានថ្លែងថា កម្ពុជាត្រូវតែ ត្រៀមខ្លួនជានិច្ច ក្នុង ការដោះស្រាយ ឬសម្របសម្រួលការប្រឈមមុខនានា ដែលអាចកើតមានឡើងជាយថា ហេតុ នៅពេលដែល នយោបាយអន្តរជាតិមានការប្រែប្រួល។
នៅក្នុងឱកាសទទួលស្វាគមន៍កងវិស្វកម្មកម្ពុជា កងពលលេខ ៦០៣ ដែលទើបត្រឡប់បញ្ចប់បេសកកម្ម មនុស្ស ធម៌ក្រោមឆ័ត្ររបស់ UN នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២០ ខែធ្នូ ឆ្នាំ២០១២ លោកឧបនាយករដ្ឋមន្រ្តី ឧត្តម សេនីយ៍ ផ្កាយមាស៤ ទៀ បាញ់ បានថ្លែងថា ក្នុងនាមជាប្រធានអាស៊ាន យើងបានរ៉ាប់រងតួនាទី ជាអ្នករៀបចំ និងធ្វើជា ប្រធាន នៃកិច្ចប្រជុំយ៉ាងច្រើន ដែលពុំធ្លាប់មាន ក្នុងនោះកម្ពុជាដណ្តើមបានជោគជ័យយ៉ាងខ្លាំង ក្នុងនាមជាមគ្គុ ទ្ទេសក៍ដឹកនាំប្រជុំកំពូលអាស៊ាននានា។
លោកឧបនាយករដ្ឋមន្រ្តីបន្តថា ទំនាក់ទំនងអន្តរជាតិនាពេលបច្ចុប្បន្ននេះ បានឈានមកដល់ដំណាក់កាលមួយ ដែលមានលក្ខណៈប្រែប្រួលយ៉ាងខ្លាំង ដោយសារតែឆ្នាំ២០១២-២០១៣ មានសភាពការណ៍ធំៗ ស្មុគស្មាញបាន កើតឡើងព្រមៗគ្នានៅតំបន់សមុទ្រចិនខាងត្បូង សមុទ្រចិនខាងកើត បច្ច័យនៃទំនើបកម្មបច្ចេកវិទ្យា និងផលប៉ះ ពាល់ពីទ្វីបផ្សេងៗ ជាពិសេសដោយសារតែលទ្ធភាព នៃការប្រែប្រួលរបស់នយោបាយការបរទេស នៃមហា អំណាចពីរសំខាន់ៗក្នុងពិភពលោក។
លោកនាយឧត្តមសេនីយ ទៀ បាញ់ បានសង្កត់ធ្ងន់ថា «នៅពេលនយោបាយអន្តរជាតិមានការប្រែប្រួលបែបនេះ ទំនាក់ទំនងនៅក្នុងតំបន់ ក៏ប្រាកដជាមានការប៉ះពាល់មិនខាន ហើយកម្ពុជាក៏ត្រូវតែត្រៀមខ្លួនផងដែរ ក្នុងការ ដោះស្រាយ ឬសម្របសម្រួលការប្រឈមមុខនានា ដែលអាចកើតមានឡើងជាយថាហេតុ»។
ជាការទប់ស្ថានការណ៍អាក្រក់ណាមួយ នាយឧត្តមសេនីយ៍ ទៀ បាញ់ បានថ្លែងថា ក្រសួងការពារជាតិកម្ពុជាបាន គោរពតាម និងអនុវត្តយ៉ាងត្រឹមត្រូវនូវគោការណ៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន គឺ គោលការណ៍ «កាត់បន្ថយជម្លោះ គ្រប់គ្រងតំបន់ជម្លោះ និងបង្កើនកិច្ចសហប្រតិបត្តិការ»៕