ភ្នំពេញ៖ កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ដោយមានការឯកភាព ពីតំណាង អយ្យការ អមសាលា ដំបូងរាជធានី ភ្នំពេញ កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ បានចុះទៅឆែកឆេរ និងបង្ក្រាប ហាងលក់ កាហ្វេ មួយកន្លែង ដែលបង្កប់ ការរកស៊ីផ្លូវភេទ ស្ថិតនៅតាម ផ្លូវលេខ៩៨ សង្កាត់វត្តភ្នំពេញ ខណ្ឌដូនពេញ ដោយឃាត់ខ្លួន មនុស្ស ជិត១០នាក់ ក្នុងនោះមាន ទាំងម្ចាស់ហាង និងស្រ្តី រកស៊ីផ្លូវភេទ។
សេចក្តីរាយការណ៍ ពីសមត្ថកិច្ច អាវុធហត្ថ បានឲ្យដឹងថា ក្នុងប្រតិបត្តិការ ខាងលើនេះ ធ្វើឡើង ក្រោយពីមាន ប្រភពព័ត៌មានថា ហាងលក់កាហ្វេ នេះបាន លួចលាក់ ការរកស៊ីផ្លូវភេទ ពោលនារី ដែលបម្រើការងារ នៅក្នុងហាងនោះ គឺអតិថិជន អាចយកទៅ រួមភេទបាន នៅពេលឲ្យ លុយពេញថ្លៃ ។
សមត្ថកិច្ចបានបន្តថា មនុស្សជិត១០នាក់ ត្រូវបានឃាត់ខ្លួន ក្នុងនោះ មានទំាំង ម្ចាស់ហាង និងនារី រកស៊ី ផ្លូវភេទ ភាគច្រើនជា ជនជាតិវៀតណាម។
ទាក់ទងនិង បញ្ហានេះ ប្រធាន ការិយាល័យ ប្រឆាំងការជួញដូរមនុស្ស នៃទីបញ្ជាការ អាវុធហត្ថ រាជធានីភ្នំពេញ មិនទាន់អាច សុំការបញ្ជាក់ លំអិតនៅឡើយទេ ដោយទូរស័ព្ទលើកទី១ លោកជាប់រវល់ នៅតាមផ្លូវ និងទូរស័ព្ទ លើកទី២ លោកមិនលើក ។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ ដែលធ្លាប់ចូលរួម ទៅផឹកកាហ្វេ ក្លែមតាមរយៈ ចំណីភ្លែកមើល សាច់សស្គុះ របស់នារីបម្រើ នៅក្នុងហាងនោះ បាននាំគ្នានិយាយថា មិនមានតែហាង កាហ្វេខាងលើនេះទេ ដែលរកស៊ី បង្កប់ផ្លូវភេទ ប៉ុន្តែហាងកាហ្វេ តាមផ្លូវលេខ៩០ និង៩៨ ក្នុងសង្កាត់វត្តភ្នំ ក៏សង្ស័យ លួចបង្កប់រកស៊ីផ្លូវ ភេទផងដែរ ដូច្នេះប្រជាពលរដ្ឋ សង្ឃឹមថា សមត្ថកិច្ច និងចុះទៅស្រាវជ្រាវ ចំពោះបញ្ហានេះ ។
ដោយឡែក មនុស្សជិត១០នាក់ ដែលសមត្ថកិច្ច អាវុធហត្ថ ធ្វើការឃាត់ខ្លួននោះ ត្រូវបានដោះលែងប៉ុន្មាននាក់ ហើយបញ្ជូនខ្លួន ទៅកាន់តុលាការ ប៉ុន្មាននាក់ នោះឡើយ៕