ប៊ុយណូសែរ៖ ប្រទេសអាហ្សង់ទីន កាលពីថ្ងៃសុក្រ ទី២១ ខែធ្នូ បានថ្កោលទោសចំពោះ ការសម្រេចចិត្ត របស់ ចក្រភពអង់គ្លេស ក្នុងការដាក់ឈ្មោះទឹកដីនៅតំបន់ អង់តាកទិចថា «ដែនដីរបស់ម្ចាស់ក្សត្រី អែលលី ស្សាប៊ែដ ដែលនឹងផ្តល់កត្តិយស ឲ្យម្ចាស់ក្សត្រី អែលលីស្សាប៊ែដទីពីរ។
យោងតាម ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃសៅរ៍ ទី២២ ខែធ្នូ ឆ្នាំ២០១២ ដោយផ្អែក សេចក្តីថ្លែង របស់ក្រសួងការបរទេស អាហ្សង់ទីនថា «អាហ្សង់ទីនសូមធ្វើការ បដិសេធ យ៉ាងដាច់អហង្កា ចំពោះការសម្រេចចិត្ត ដាក់ឈ្មោះនេះ នៅក្នុងតំបន់ដែលជាផ្នែក មួយក្នុងទ្វីបអង់តាកទិច និងជាបូរណ ភាពទឹកដីរបស់អាហ្សង់ទីន»។
នៅក្នុងសេចក្តីថ្លែងនោះបានឲ្យដឹងថា នៅក្នុងការដាក់ឈ្មោះនេះដែរ គឺជាការរំលោភ បំពាន មួយដល់ សន្ធិសញ្ញាអង់តាកទិច ដែលបានចុះហត្ថលេខា កាលពីពាក់កណ្តាលទសវត្សរ៍មុន ដោយប្រទេសជាច្រើន រួមមានអង់គ្លេស និងអាហ្សង់ទីន។
រដ្ឋាភិបាលអាហ្សង់ទីន បានដាស់តឿនទៅអគ្គរដ្ឋទូតអង់គ្លេសថា ខ្លួនសូមធ្វើការប្រឆំាង ជាដាច់ខាត ក្នុង ភាពជាម្ចាស់បូរណភាព របស់អង់គ្លេសណាមួយ ក្នុងទឹកដីអង់តាកទិច។
គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធទៅនឹងការប្រឆំាងយ៉ាងដាច់ខាត ពីសំណាក់ប្រទេសអាហ្សង់ទីន នេះដែរ កាលពីថ្ងៃអង្គារ ចក្រភពអង់គ្លេសបានដាក់ឈ្មោះទឹកដីភាគខាងត្បូង ដែលគេតែង តែហៅថា បូរណភាព ទឹកដីអង់តាកទិចរបស់អង់គ្លេសនេះជា ទឹកដីរបស់ម្ចាស់ក្សត្រី អែលលីស្សាប៊ែដ ហើយបូរណភាពទឹកដី អង់តាកទិច ជាដែនដីដែលទាមទារ ជាផ្លូវការលើក ដំបូង ដែលបានធ្វើឡើង កាលពីឆ្នាំ១៩០៨ផងដែរ៕