តាកែវ៖ ក្រុមសកម្មជនយុវជន ក្រសួងបរិស្ថាន រួមជាមួយ ក្រុមយុវជន គណបក្សប្រជាជនប្រចាំស្រុកសំរោង ខេត្តតាកែវ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១២ បានរៀបបើកការប្រកួតបាល់ទះដណ្តើមពានរង្វាន់៧មករា ស្រុកសំរោង ២០១៣ ក្នុងគោលបំណងរឹតចំណងសាមគ្គីភាពផ្ទៃក្នុង របស់ក្រុមយុវជនគណបក្សប្រជាជន នៃក្រសួងបរិស្ថាន និងក្រុមយុវជនគណបក្សប្រជាជន នៅស្រុកសំរោង ខេត្តតាកែវ។
ពិធីនេះបើកការប្រកួតនេះ បានធ្វើឡើងនៅក្នុងបរិវេណសាលាបឋមសិក្សាអង្គលង្គញ់ ក្នុងស្រុកសំរោង ខេត្ត តាកែវ ដោយមានការចួលរួមជា អធិបតីភាពពីសំណាក់ លោក ម៉ុក ច័ន្ទករុណា (កូនប្រុសរបស់លោកទេសរដ្ឋ មន្រ្តី ម៉ុក ម៉ារ៉េត) ប្រធានក្រុមសកម្មជនយុវជនក្រសួងបរិស្ថាន លោក ញេប លី ប្រធានគណៈពង្រឹងគណបក្ស ប្រជាជនចុះជួយស្រុកសំរោង លោក ប្រាក់ មុនី អភិបាលរងស្រុកសំរោង និងមន្រ្តីពាក់ព័ន្ធរបស់ក្រសួងបរិស្ថាន ស្រុកសំរោង ព្រមទាំងក្រុមយុវជនជាច្រើននាក់ផ្សេងទៀត។
លោក ម៉ុក ច័ន្ទករុណា បានថ្លែងនៅក្នុងឱកាសនោះថា ការរៀបចំការប្រកួតបាល់ទះនេះ ធ្វើឡើងក្នុងគោលបំ ណងអបអរសាទរខួបទី៣៤ទិវាជ័យជម្នះថ្ងៃ៧ មករា ដែលជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋខ្មែរទូទាំង ប្រទេស ដែលបានរួចផុតពីសម័យប៉ុលពត និងជាថ្ងៃដួលរលំទាំងស្រុង នៃរបបខ្មែរក្រហម ក្រោមការតស៊ូ និង រំដោះប្រទេសជាតិ ពីក្រុមយុវជនរណសិរ្សសង្រ្គោះជាតិកម្ពុជា ជាពិសេសថា្នក់ដឹកនាំរបស់គណបក្សប្រជាជន កម្ពុជា ដែលមានសម្តេចទាំង៣ជាប្រមុខ។
លោកបានបន្តទៀតថា ការប្រកួតបាល់ទះនេះ ធ្វើឡើងដើម្បីបង្កើតសាមគ្គីភាពផ្ទៃក្នុង របស់ក្រុមយុវជន និង ជាពិសេស ដើម្បីអូសទាញក្រុមយុវជនឲ្យជៀសផុតនូវការប្រព្រឹត្តិអំពើឧបាយមុខផ្សេងៗ ដូចជា បងធំ បងតូច និងបញ្ហាគ្រឿងញៀនជាដើម។
លោក ម៉ុក ច័ន្ទករុណា បានគូសបញ្ជាក់ថា ការប្រកួត បាល់ទះនេះ មិនមែនធ្វើឡើង ដើម្បីឈ្នះចាញ់ ឫដើម្បីពាន រង្វាន់នោះទេ ពោលក្នុងគោលបំណងរឹតចំណងសាមគ្គីភាពរវាងក្រុមយុវជន គណបក្សប្រជាជនថា្នក់កណ្តាល និង ក្រុមយុវជន នៅតាមបណ្តាស្រុកឲ្យរឹងមាំថែមទៀត។
បើតាមអ្នករៀបចំការប្រកួតក្រុមកីឡាករ ដែលចូលរួម ប្រកួតមានចំនួន ១២ក្រុម ហើយធ្វើឡើង ក្នុងរយៈពេល៥ ថ្ងៃ ដោយចាប់ពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១២ ហើយប្រកួតផ្តាច់ព្រ័ត្ត្រធ្វើឡើងនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៣។
សម្រាប់ក្រុម ដែលទទួលបានចំណាត់ថ្នាក់លេខ១ នឹងទទួលបានប្រាក់ ៤០ម៉ឺនរៀល លេខ២ នឹងទទួលបាន ប្រាក់ចំនួន៣០ម៉ឺនរៀល និងលេខ៣ ទទួលបាន ប្រាក់ចំនួន២០ម៉ឺនរៀល ព្រមទាំង សម្ភារៈកីឡា ជាច្រើនផ្សេង ទៀត៕