ភ្នំពេញ៖ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល និងលោក Vicha Mahakun ស្នងការ នៃគណៈកម្មការជាតិប្រឆាំងអំពើពុករលួយប្រទេសថៃ (NACC) បានជួបពិភាក្សាផ្លាស់ប្តូរនូវទស្សនៈយោបល់មួយ ចំនួន ដើម្បីប្រយុទ្ធប្រឆាំងជាមួយអំពើពុករលួយ។ លោក Vicha Mahakun បានលើកឡើងថា ការបង្កើតប្រព័ន្ធ អនឡាញមួយចំនួន សម្រាប់ការប្រកាសទ្រព្យសម្បត្តិ និងការរាយការណ៍អំពីហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និង ការ ជម្រះបញ្ជីពន្ធគយជាដើម អាចចូលរួមចំណែកទប់ស្កាត់សកម្មភាពអំពើពុករលួយប្រកបដោយប្រសិទ្ធភាពខ្ពស់។
យោងតាមការចេញផ្សាយរបស់គេហទំព័រក្រសួងពាណិជ្ជកម្មនៅយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានឲ្យដឹង ថា ក្នុងជំនួបជាមួយមន្រ្តីគណៈកម្មការជាតិប្រឆាំងអំពើពុករលួយប្រទេសថៃ កាលពីថ្ងៃទី១៨ ខែកុម្ភៈ លោកទេស រដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជម្រាបជូនលោកសាស្រ្តាចារ្យ Vicha Mahakun អំពីគំនិតផ្តួចផ្តើមកំណែទម្រង់របស់ ក្រសួងពាណិជ្ជកម្ម ដែលសម្រេចបានកន្លងមក និងកំពុងអនុវត្តនាពេលបច្ចុប្បន្ន ដើម្បីបង្កើនតម្លាភាព និងប្រសិទ្ធ ភាពក្នុងការផ្តល់សេវាសាធារណៈទាក់ទងនឹងវិស័យពាណិជ្ជកម្ម និងការសម្របសម្រួលដល់វិស័យឯកជននៅកម្ពុ ជា។
ការធ្វើកំណែទម្រង់ទាំងនោះរួមមាន៖ ការរៀបចំរចនាសម្ព័ន្ធអង្គការលេខក្រសួង ពាណិជ្ជកម្មឡើងវិញ ដំណើរការ ជ្រើសរើសមន្រ្តី ការផ្លាស់ប្តូរបង្វិលមន្រ្តីបម្រើការនៅក្នុងអគ្គនាយកដ្ឋានកាំកុងត្រូល ការបង្កើតប្រព័ន្ធអនឡាញ / ប្រព័ន្ធស្វ័យប្រវត្តិកម្ម សម្រាប់ការដាក់ពាក្យសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ(C/O) ការចុះបញ្ជីក្រុមហ៊ុន និងកម្មសិទ្ធិបញ្ញា ការបង្កើតឲ្យមានហត្ថលេខាតាមអនឡាញ និង ប្រព័ន្ធបង់ប្រាក់តាមអនឡាញ វេទិកាពិគ្រោះ យោបល់ជាមួយវិស័យឯកជន និងការបង្កើតប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម គេហទំព័រថ្មី និងហ្វេសប៊ុក។
តាម រយៈទំព័រហ្វេសប៊ុករបស់ក្រសួង អនុញ្ញាតឲ្យមានការសន្ទនាគ្នាទៅវិញទៅមកជាមួយសាធារជនផងដែរ។ ក្នុងនោះ តាមរយៈការប្រលងជ្រើសរើសមន្រ្តីរាជការស៊ីវិលរបស់ក្រសួងពាណិជ្ជកម្ម កាលពីឆ្នាំកន្លងទៅ និង ការ បែងចែក ប្រាក់កម្រៃសេវាសាធារណៈក៏មានការអញ្ជើញចូលរួមសង្កេតការណ៍ ពីតំណាងអង្គភាពប្រឆាំងអំពើពុក រលួយ ផងដែរ។
លោកសាស្ត្រាចារ្យ Vicha បានចែករំលែកបទពិសោធន៍ប្រកបដោយជោគជ័យ និង ពីកិច្ចខិតខំប្រឹងប្រែងកំពុងបន្ត របស់ NACC ជាមួយលោកទេសរដ្ឋមន្រ្តី និងបុគ្គលិកក្រសួងពាណិជ្ជកម្ម ទាក់ទងនឹងការបង្ការទប់ស្កាត់ និងការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ក្នុងនោះតាមរយៈការបង្កើតប្រព័ន្ធអនឡាញមួយចំនួន សម្រាប់ការប្រកាសទ្រព្យ សម្បត្តិ និងការរាយការណ៍អំពីហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងការជម្រះបញ្ជីពន្ធគយជាដើម បានចូលរួមចំណែកប្រ យុទ្ធប្រឆាំងអំពើពុករលួយប្រកបដោយប្រសិទ្ធភាពខ្ពស់ និងតម្លាភាពថែមទៀតផង។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ក្នុងជំនួបពិភាក្សានាឱកាសនេះ ហើយនឹងធ្វើការពិចារណាលើការបញ្ជូនមន្រ្តីក្រសួងពាណិជ្ជកម្មទៅចូលរួមកម្មវិធីរបស់ NACC។ លោកទេសរដ្ឋ មន្រ្តី បានស្វាគមន៍ចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដែលអនុញ្ញាតឲ្យប្រទេសទាំងពីរ ទទួលបាន នូវអត្ថប្រយោជន៍ទៅវិញទៅមកពីកិច្ចការងារប្រឆាំងអំពើពុករលួយ៕