កំពង់ធំ ៖ កម្លាំងនគរបាល ការិយាល័យ ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃ ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ធំ សហការជាមួយ មន្រ្តីរដ្ឋបាលជលផល ខេត្ត បានបន្តចុះប្រតិបត្តិការ ចុះបង្ក្រាបបទល្មើស នេសាទនៅភូមិសាស្រ្ត ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១៥។
មន្រ្តីនគរបាល ការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្ត កំពង់ធំ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការ ចុះបង្ក្រាប បទល្មើសនេសាទ ខុសច្បាប់ ខាងលើនេះ កម្លាំងសមត្ថកិច្ចបាន ដកហូតវត្ថុតាង មួយចំនួន រួមមាន រុះរើរបាំងសាច់ អួន២កន្លែង ស្មើនឹងប្រវែង៦៥០ម៉ែត្រ ឡុក៤កន្លែង លូ៤ និងបង្គោល២៥០ដើម។
បើតាមមន្រ្តីនគរបាល ដដែលនេះ ក្រោយ ទទួលបានព័ត៌មាន ស្តីអំពីសកម្មភាព បទល្មើសនេសាទ នៅចំណុច ប្រឡាយ តាសោម រួចមកស្នងការ នគរបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ ជូ សំអាន បានបញ្ជាឲ្យ នគរបាលការិយាល័យជំនាញ សហការជាមួយ មន្រ្តីពាក់ព័ន្ធ ចុះទៅធ្វើការស្រាវជ្រាវ និងបង្ក្រាបជាក់ស្តែង តែម្តង។
ក្រោយការដកហូត ឧបករណ៍នេសាទទាំងនោះ ត្រូវបានយកទៅរក្សាទុក នៅរដ្ឋបាល ជលផល ដើម្បីចាត់ការបន្តទៀត។
មន្រ្តីនគរបាល ខេត្តកំពង់ធំ បានបន្តទៀតថា ចំពោះយុទ្ធនាការចុះបង្ក្រាបបទល្មើស នេសាទទាំងនេះ ជាពិសេសនៅ ភូមិសាស្រ្ត ឃុំផាត់សណ្តាយ ស្នងការនគរបាល ខេត្តកំពង់ធំ បានបញ្ជាឲ្យ តាមឃ្លាំមើល ជាប្រចាំ និងចុះបង្ក្រាបជាក់ស្តែង បើសិនមាន ករណីនេះកើតឡើងនោះ៕