កណ្តាល ៖ បុរសពីរនាក់ ដែលជាអ្នកញៀន ល្បែងស៊ីសង គឺល្បែងអាប៉ោង ត្រូវបាននគរបាល ធ្វើឃាត់ខ្លួន រួមទាំងវត្ថុតាង មួយចំនួន ក្នុងវង់លេងក្រោមដើមរាំង ភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល កាលពីវេលាម៉ោង១៤និង៣០នាទីថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០១៥។
លោក សេង សុជាតិ អធិការនគរបាល ស្រុកស្អាងបានឲ្យដឹងថា ក្រុមញៀនល្បែង ដែលត្រូវឃាត់ខ្លួននោះទី១-ឈ្មោះ ម៉ៅ បូរ៉ា ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរលក់សាច់ជ្រូក រស់នៅភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។ ទី២- ឈ្មោះ ឆឹល បូរ៉ា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរកម្មកសំណង់ មានទីលំនៅ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ក្រោយការចាប់ខ្លួន នគរបាលធ្វើការដតហូត វត្ថុតាង កំរាល អាប៉ោងចំនួន ០១ ទូរស័ព្ទដៃចំនួន ០៣គ្រឿង (ម៉ាក Samsung ០២គ្រឿង ពណ៌ស និងម៉ាក ICall ០១គ្រឿង ) ប្រាក់រៀលចំនួន ១១០០រៀល និងម៉ូតូចំនួន ០២គ្រឿង (ម៉ាកហុងដាសេ១២៥សេរីឆ្នាំ ២០០៦ ពណ៌ខ្មៅ ពាក់ ស្លាកលេខ កណ្តាល.1B.3905 និងម៉ាកសង់កូរ៉េ សេ១០០ ពណ៌លឿង ពាក់ស្លាកលេខ កណ្តាល.1S.4913។
លោកបានបន្តទៀតថា ដោយមានការរាយការណ៍ ពីប្រជាពលរដ្ឋក្បែរកន្លែងកើតហេតុនោះថា មានល្បែងស៊ីសង ប្រភេទអាប៉ោង កំពុងតែប្រព្រឹត្តលេងរាងរាល់ថ្ងៃនោះ ទើបលោកបានឲ្យលោកអធិការង ដឹកនាំនគរបាលស្រុកស្អាង សហការណ៍ ជាមួយកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលព្រែកគយ បានធ្វើការបង្ក្រាបល្បែង ស៊ីសងខុសច្បាប់ ក្នុងនោះកម្លាំងរបស់លោកបានឃាត់ខ្លួនបានមនុស្សចំនួន ០២នាក់ និងវត្ថុតាងផងដែរ។
លោកបានបន្តទៀតថា អ្នកញៀនល្បែងទាំងពីរនេះ ត្រូវបានកម្លាំងរបស់កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ឲ្យរាងចាលម្តង៕