ភ្នំពេញ ៖ នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅក្នុងឱកាសចូលរួមបិទ មហាសន្និបាត បូក សរុបការងាររបស់ក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានជំរុញឲ្យរឹតបន្តឹង វប្បធម៌ លាបពណ៌ដូចជាអាយ៉ងយួនទៅក្នុងសេចក្តីព្រាងច្បាប់បោះឆ្នោត ដែលក្រុមការងារចរចា របស់គណបក្សប្រជាជន កម្ពុជា និងគណបក្សជាតិ ជួបពិភាក្សាគ្នានៅថ្ងៃច័ន្ទ និងថ្ងៃសុក្រ ។
សម្តេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍បន្តថា “ចឹងបើបានកែទម្រង់កែឲ្យ បានត្រឹមត្រូវ និងច្បាស់។ អាវប្បធម៌ លាបពណ៌យួន នៅតែធ្វើការជាមួយយួនមើលដាក់ នៅក្នុងហ្នឹងមើល(វិសោធនកម្ម សេចក្តីព្រាងច្បាប់បោះឆ្នោត)អា បទញុះញង់ អីហ្នឹងគឺកុំផាកតែលុយ យើងពង្រឹងអាហ្នឹងមើល ហើយបើអ្នកណាជំទាស់ គឺមានចេតនា ជំទាស់បំបែក បំបាក់ជាតិហើយ” ។
ព្រមជាមួយគ្នានេះដែរ សម្តេចបានបញ្ជាក់ថា បើគណបក្សទាំងពីរ មិនយល់ស្របជាមួយគ្នាទេ គឺប្រើច្បាប់បោះឆ្នោត ចាស់ដដែលទៅ ។ សម្តេចក៏បានផ្តាំផ្ញើ ទៅគណបក្សសង្រ្គោះជាតិថា កុំឲ្យស៊ាំញ៉ាំពេក ដោយសារតែការទាមទារខ្លះ វាហួសហេតុជ្រុល ដែលធ្វើឲ្យទទួលយកមិនកើត ។
កាលពីថ្ងៃទី២៣ ខែកុម្ភៈ ក្រុមការងារចរចា នៃបក្សទាំងពីរ បានសម្រេចលើកយកចំណុចខ្វែងគំនិតគ្នាចំនួន ១០មាត្រា ស្មើនឹង១០ចំណុច ដាក់ជូនថ្នាក់ដឹកនាំដោះស្រាយ ដើម្បីបើកផ្លូវទៅពិភាក្សាលើមាត្រាបន្ទាប់ ។ រហូតមកដល់បច្ចុប្បន្ន នេះ កិច្ចពិភាក្សាទៅលើសេចក្តីព្រាងច្បាប់បោះឆ្នោត បានចំនួន ៩ជំពូក ស្មើនឹង១៣៨មាត្រា ចំណុចខ្វែងគំនិតគ្នា មាន ចំនួន ១០មាត្រា និងចំណុចធ្វើការកែតម្រូវចំនួន ១៨មាត្រា និងរក្សាខ្លឹមសារដើម ១១០មាត្រា ។
សូមបញ្ជាក់ថា ក្រុមការងារគណបក្សទាំងពីរ បានចាប់ផ្តើមពិភាក្សាគ្នា ទៅលើសេចក្តីព្រាងច្បាប់បោះឆ្នោតនេះ តាំង ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៤ ហើយមកដល់ថ្ងៃទី២៣ ខែកុម្ភៈ បានជួបប្រជុំគ្នាចំនួន ២០លើក ដោយក្រុមការងារទាំងពីរ មានសមាសភាពទាំងសងខាង ៨រូបដូចគ្នា ៕