កំពត-កែប ៖ ដោយមើលឃើញពី តំរូវការចំាបាច់នៃ ការប្រើប្រាស់ទឹក តាមតំបន់ ជនបទដាច់ ស្រយាលក្រុមការងារ នៃមូលនិធិអណ្តូងទឹកស្អាត របស់អ្នកឧកញ៉ា មហាភក្តី សប្បុរិសភោគា ធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ដឹកនាំដោយលោក ហ៊ុន ម៉ាណែត និងលោកស្រី បានចុះធ្វើសកម្មភាព មនុស្សធម៌នៅ កាលពីចុងសប្តាហ៍ ដើម្បី ប្រគល់អណ្តូងទឹក ស្អាត ចំនួន១០ ជូនប្រជាពលរដ្ឋ រស់នៅឃុំត្រមែង ស្រុកឈូក ខេត្តកំពត និងចំនួន១០ទៀត ជូន ប្រជាពលរដ្ឋ រស់នៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប សំរាប់ប្រើប្រាស់ប្រចាំថ្ងៃ របស់ពួកគាត់ ។
នៅក្នុងពិធីប្រគល់អណ្តូងទឹកស្អាត ជូនប្រជាពលរដ្ឋ លោក ហ៊ុន ម៉ាណែត បានជំរាបជូនថា អណ្តូងទឹកស្អាតនេះ គឺជាអំណោយប្រកបដោយ ទឹកចិត្ត សប្បុរសធម៌ថ្លៃថ្លា របស់លោកតា ហ៊ុន នាង និងលោកយាយ ឌី ប៉ុក ដែលជាមាតា បីតាបង្កើត របស់សម្តេចតេជោ ហ៊ុន សែន ដែលកាលពីលោកទាំងពីរ មានមានជីវិត លោកគឺជា ពុទ្ធសាសនូបត្ថម្ភ មានសទ្ធាជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា បានធ្វើបុណ្យទាន និងបានកសាងនូវ សមិទ្ធិផលជាច្រើន ទាំង ផ្នែកអណាចក្រ និងពុទ្ធចក្រ សំរាប់បំរើសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ និងចូលរួមកសាង អភិវឌ្ឍន៍ ប្រទេសជាតិ។
ក្រោយពីលោកទាំងពីរ បានទទួលមរណភាពទៅ ហើយក្តី ក៏លោកទាំងពីរ បានបន្សល់ទុកនូវ មូលនិធិអ្នក ឧកញ៉ាមហា ភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក សំរាប់សាងសង់ អណ្តូងទឹកស្អាត ជូនប្រជាពលរដ្ឋ អាស្រ័យផល តាមតំបន់ជនបទដាច់ ស្រយាល ដែលខ្វះខាតទឹក ប្រើបា្រស់ នៅក្នុងជីវភាពប្រចាំថ្ងៃ របស់ពួកគាត់។
លោក បានបន្ថែមថា ប្រភពទឹកគឺ មានសារសំខាន់ណាស់ សម្រាប់ទ្រទ្រង់ការប្រើប្រាស់ ប្រចាំថ្ងៃ ជីវិត មនុស្ស សត្វ រុក្ខជាតិ ដូច្នេះសូមបងប្អូន ប្រជាពលរដ្ឋសូម ជួយថែរក្សាអណ្តូងទឹកស្អាត ទាំងអស់ឱ្យ មានអនាម័យល្អ និងគង់វង្សសម្រាប់ ប្រើប្រាស់យូអង្វែង។
ប្រជាពលរដ្ឋ ដែលបានទទួល ប្រភពទឹកប្រើប្រាស់ បានបង្ហាញអារម្មណ៍ រីករាយសប្បាយចិត្ត ដែលបានអណ្តូងទឹក ស្អាត ប្រើប្រាស់កាត់បន្ថយ ការលំបាកប្រចាំថ្ងៃ និងបានថ្លែងអំណរគុណ ចំពោះសទ្ធាជ្រះថ្លា របស់លោកតា ហ៊ុន នាង និងលោកយាយ ឌី ប៉ុក និងបានឧទ្ទិសមគ្គផល ទាំងអស់នេះជូន ចំពោះវិញ្ញាណក្ខន្ធលោកតា លោកយាយ ទៅសោយសុខនៅក្នុងសុខគតិភព។
នៅក្នុងឱកាសប្រគល់ អណ្តូងទឹកស្អាត ជូនប្រជាពលរដ្ឋនោះផងដែរ ក្រុមការងារនៃ មូលនិធិក៏ បាននាំគ្រូពេទ្យ ស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ចុះពិនិត្យសុខភាព និងព្យាបាលប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ ព្រមទាំងបញ្ជូន អ្នកជម្ងឺមួយចំនួន ដែលត្រូវការព្យាបាលបន្ទាន់ ត្រូវបានបញ្ជូន មកភ្នំពេញក្រោមការឧបត្ថម្ភរបស់ លោក ហ៊ុន ម៉ាណែត និងលោកស្រី ផងដែរ។
សូមបញ្ចាក់ថា រហូតមកដល់ពេលនេះ អណ្តូងទឹកស្អាត១០០ អណ្តូងហើយ ដែលជាអំណោយនៃ មូលនិធិអ្នកឧកញ៉ា មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ត្រូវបានសាងសង់ដាក់ ឱ្យប្រជាពលរដ្ឋ ប្រើប្រាស់នៅ ២៥រាជធានីខេត្ត ទូទាំងប្រទេស៕