ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃ រាជរដ្ឋាភិបាលកម្ពុជា បានថ្លែងនៅថ្ងៃអាទិត្យ ទី២៣ ខែធ្នូ ឆ្នាំ ២០១២ ថាគណបក្ស សង្គ្រោះជាតិ បានចាប់ផ្តើមឃោសនា រកសំឡេងឆ្នោត មុនច្បាប់កំណត់ សម្រាប់ដំណើរការ បោះឆ្នោតថ្នាក់ជាតិ នាខែកក្កដា ឆ្នាំ២០១៣ ។
លោកផៃ ស៊ីផាន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការទីស្តី គណៈរដ្ឋមន្ត្រី បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលឲ្យ ដឹងថា អ្វីមួយដែលជាការឃោសនារបស់គណបក្ស សង្គ្រោះជាតិដែលបាននឹងកំពុងធ្វើ នោះគឺជាអំពើផ្ទុយនឹងច្បាប់ទាំងស្រុង។លោកបន្តថា “ពួកគេតែងតែអួតអះអាង ពីការគោរពច្បាប់ ហើយខ្លួនឯង វិញបែរជាមិនគោរពច្បាប់”។
នៅក្នុងលិខិតផ្សព្វផ្សាយរបស់គណបក្សសង្គ្រោះជាតិ ដែលមានឡូហ្គូគណបក្សនឹងរូបលោកសម រង្សី ព្រមទាំងលោកកឹម សុខា ពួតដៃគ្នាឡើងលើបានភ្ជាប់នឹងខ្លឹមសារនយោបាយថា “ រដ្ឋាភិបាលដឹកនាំដោយ គណបក្សសង្គ្រោះជាតិ ១- ឧបត្ថម្ភចាស់ៗ ពីអាយុ៦៥ឆ្នាំឡើងទៅ៤ ម៉ឺនរៀលក្នុងមួយខែ ២-ប្រាក់ខែទាបបំផុត របស់កម្មករ-កម្មការិនី ៦០ម៉ឺនរៀលក្នុងមួយខែ ៣-ប្រាក់ខែទាបបំផុតរបស់មន្ត្រីរាជការ១លានរៀលក្នុងមួយខែ ៤- ព្យាបាលជំងឺប្រជាពលរដ្ឋក្រីក្រដោយឥតយកប្រាក់”។
ជាមួយនឹងការផ្សព្វផ្សាយនេះ លោកផៃ ស៊ីផាន បានចាត់ទុកថា ជាយុទ្ធនាការបោកបញ្ឆោតតែ ប៉ុណ្ណោះពីព្រោះគ្មានប្រទេសណាមួយចេះតែតម្លើងប្រាក់បៀវត្សរ៍ ដោយមិនបានមើលអំពីកំណើន សេដ្ឋកិច្ច និងការចំណាយផ្សេងៗទៀតនោះទេ។ ដោយឡែកនៅក្នុងខិត្តប័ណ្ណផ្សព្វផ្សាយនោះដែរ គណបក្សសង្គ្រោះជាតិ មិនបានដាក់ពាក្យ”រាជ” នៅពីមុខរដ្ឋាភិបាលដឹកនាំដោយគណបក្សសង្គ្រោះជាតិនោះទេ ដែលប្រការនេះ ត្រូវបានលោកផៃ ស៊ីផាន ចាត់ទុកថា ជាអំពើមួយដែលគេ ចង់រំលាយរាជរដ្ឋាភិបាល ហើយបង្កើតរដ្ឋាភិបាល ជំនួសវិញ។
លោកផៃ ស៊ីផាន បញ្ជាក់ថា”ប្រហែលនេះជាគោលបំណងរបស់ពួកគេ ក្នុងការផ្លាស់ប្តូរពី រាជរដ្ឋាភិបាល ទៅជារដ្ឋាភិបាល ”។
គួររំលឹកថា អតីតរដ្ឋាភិបាល លន់ នល់ ដែលធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ នាឆ្នាំ៧០ លោកសេនាប្រមុខលន់ នល់ បានធ្វើច្បាប់មួយផ្លាស់ប្តូរពីពាក្យរាជរដ្ឋាភិបាល មកជារដ្ឋាភិបាលវិញ។ ក៏ប៉ុន្តែរូបភាពនេះបានលេចឡើងជាថ្មីម្តងទៀតនៅក្នុងគណបក្សសង្គ្រោះជាតិ របស់លោកសម រង្ស៊ី និងលោកកឹម សុខា នៅក្នុងការឃោសនាបោះឆ្នោតមុនកាលបរិច្ឆេទទៅវិញ៕