ដោយ៖ ទុំ សុម៉ាល័យ
ភ្នំពេញ៖ តួអង្គសំខាន់ដែលបាននាំមកវិញនូវរបបរាជានិយម ការបង្រួបបង្រួម និង សន្តិភាព នៅកម្ពុជាកាលពី អំឡុងទសវត្សរ៍ឆ្នាំ៩០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បន្ទាប់ពីបានស្ងប់ស្ងាត់អស់ជាច្រើនឆ្នាំមកនោះ នៅព្រឹកមិញនេះ បានបង្ហាញ រូបភាពដ៏ស្និទ្ធស្នាលប្រកបដោយភាពផ្អែមល្ហែមជាថ្មី នាំឲ្យមានការចាប់អារម្មណ៍ខ្លាំងពីខ្សែចក្ខុរបស់ប្រជាពលរដ្ឋ ខ្មែរ។
ក្នុងឱកាសអញ្ជើញជូនព្រះរាជដំណើរព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សី ហមុនី និង សម្តេចម៉ែ យាងទៅពិនិត្យ និង ព្យាបាលព្រះរាជសុខភាពនាទីក្រុងប៉េកាំង ប្រទេសចិន នាព្រឹកថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០១៥នេះ ក្រោមពន្លឺព្រះសុរិយានាពេលព្រឹកព្រលឹមដ៏ស្រទន់ សម្តេចតេជោ ហ៊ុន សែន និងស ម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានឈ្លាតជួបសំណេះសំណាលប្រកបដោយកាយវិការ និង ព្រះកាយវិការយ៉ាង ជិតស្និទ្ធ នាំឲ្យមានការចាប់អារម្មណ៍ខ្លាំងពីមន្រ្តីរាជរដ្ឋាភិបាល មន្រ្តីព្រះបរមរាជវាំង ដែលមានវត្តមាន ព្រះវត្ត មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ រួមនិងក្រុមអ្នកព័ត៌មានផងដែរ បាននាំគ្នាតាមប្រម៉ាញ់យករូបភាពដ៏ កម្រ និង ខានបានឃើញអស់ជាច្រើនឆ្នាំមកនោះ។
នាយករដ្ឋមន្រ្តីទី១ និងទី២ នៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី១ គឺជាដៃគូនយោបាយទាំងផ្អែមល្អែម និង ល្វីងជូរ ជាត់ ដ៏លិចធ្លោរបំផុតក្នុងឆាកនយោបាយកម្ពុជានាអំឡុងទសវត្សរ៍ឆ្នាំ៩០។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចក្រុមព្រះ គឺជាតួអង្គដ៏សំខាន់ ដែលបានផ្តួចផ្តើមនាំយកមកវិញនូវរបបរាជានិយមនៅកម្ពុជាក្រោយការ បោះឆ្នោតឆ្នាំ១៩៩៣ បន្ទាប់ពីរបបមួយនេះ ត្រូវបានលោកសេនាប្រមុខ លន់ នល់ លុបបំបាត់ចោលនៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ១៩៧០។
អនុស្សាវរនីយ៍ នៃការនាំយកមកវិញនូវរបបរាជានិយមនេះ ក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន រំលឹកឡើងផង ដែរ ក្នុងឱកាសសម្តេចអញ្ជើញ ចែកសញ្ញាបត្រដល់និស្សិតនៅសាកលវិទ្យាល័យខេត្តស្វាយរៀងនាថ្ងៃទី១៩ ខែ មករា ឆ្នាំ២០១៥កន្លងទៅថ្មីៗនេះ ពោលគឺចំថ្ងៃសម្តេចក្រុមព្រះ ត្រូវបានគណបក្សហ៊្វុនស៊ិនប៉ិច បើកសមាជ យាងព្រះអង្គមកគង់ប្រថាប់ជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចឡើងវិញ។ ក្រៅពីការរួមគ្នានាំយកមកវិញនូវ របបរាជនិយម សម្តេចតេជោ ហ៊ុន សែន និងសម្តេចក្រុមព្រះ ក៏បានរួមគ្នា ដើម្បីកិច្ចអភិវឌ្ឍច្រើនវិស័យនៅកម្ពុជា ផងដែរ។
ដៃគូនយោបាយដ៏ខ្លាំងក្លាទាំងពីរ បានស្ងប់ស្ងាត់អស់ជាច្រើនឆ្នាំពីក្នុងឆាកនយោបាយនៅកម្ពុជា បន្ទាប់ពីសម្តេច ក្រុមព្រះត្រូវបានទម្លាក់ចេញពីតំណែងព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច តាមរយៈបក្សប្រហារកាលពីឆ្នាំ២០០ ៦។
ពេលនេះ អ្នកនយោបាយ ដែលចាស់ទាំងវ័យ និងបទពិសោធន៍ក្នុងឆាកនយោបាយទាំងពីរ បានបង្ហាញវត្តមាន រួមគ្នាជាថ្មីហើយ ហើយក៏ត្រៀមប្រកៀកស្មាគ្នា ដើម្បីដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៦ នៅឆ្នាំ២០១៨ ផងដែរ។ ក្រោយការយាងត្រឡប់មកដឹកនាំគណបក្សរាជានិយមឡើងវិញ ទាំងសម្តេចក្រុមព្រះ និង សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្តេជ្ញាគាំទ្រ និងសហប្រតិបត្តិការរួមគ្នា ដើម្បីអភិវឌ្ឍន៍សង្គមកម្ពុជា។ សម្តេចតេជោ បាននិង កំពុងបង្ហាញការគាំទ្រយ៉ាងខ្លាំងផងដែរ ចំពោះវត្តមានក្នុងឆាកនយោបាយជាថ្មីរបស់សម្តេចក្រុមព្រះ តាមរយៈ ការបង្ហាញសារគាំទ្រជាសធារណៈ ការផ្តល់នូវតំណែងទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ដល់មន្រ្តីស្និទ្ធ និងជាន់ខ្ពស់ ២៤ រូបរបស់គណបក្សហ៊្វុនស៊ិនប៉ិច តាមសំណើរបស់សម្តេចក្រុមព្រះជាដើម។
ជាពិសេសតាមរយៈរូបភាព ដ៏ស្នាលស្និទ្ធរវាងសម្តេចតេជោ ហ៊ុន សែន និង សម្តេចក្រុមព្រះ មួយសន្លឹកនាព្រឹក មិញនេះ ជាសក្ខីភាពយ៉ាងច្បាស់ថា ចំណងមិត្តភាពរបស់អ្នកនយោបាយចាស់ទាំងពីរ បាននិងកំពុងពង្រឹងជាថ្មី ដើម្បីស្វែងរកប្រៀមលើសមរភូមិនយោបាយសម័យនាពេលបច្ចុប្បន្ន និងឈានទៅរកការដឹកនាំរាជរដ្ឋាភិបាល អាណត្តិទី៦។ ហើយក៏នឹងក្លាយជាដៃគូយុទ្ធសាស្រ្តថ្មី ដើម្បីកសាងសង្គមកម្ពុជាឲ្យឈានទៅមុខផងដែរ ដូច ដែលធ្លាប់ធ្វើ ក្នុងការស្វែងរកសន្តិភាព បង្រួបបង្រួមជាតិ និងភាពសុខដុម កាលពីអំឡុងទសវត្សរ៍ឆ្នាំ៩០។
ដែនដីសុវណ្ណភូមិ ដែលធ្លាប់បានរងការញ៉ាំញីដោយភ្លើងសង្រ្គាមជាច្រើនទសវត្សរ៍ បូករួមទាំងការធ្លាក់ចូលក្នុង របបវាលពិឃាតប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ (១៧ មេសា ១៩៧៥-៧ មករា ១៩៧៩) ពិតជាបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរនៅតែមានអារម្មណ៍តក់ស្លុត និងដិនដាបជាប់ជានិច្ចជាមួយទុក្ខវេទនា ក្នុងសម័យសង្រ្គាម ទោះបីកម្ពុជា បានរួមគ្នាពន្លត់ភ្លើងមួយនេះអស់រយៈពេលជាច្រើនឆ្នាំទៅហើយក្តី។
រូបភាពស្និទ្ធស្នាលទាំងរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងសម្តេចតេជោ ហ៊ុន សែន ជាមួយលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ មិនមែនបង្ហាញត្រឹមតែពីរការរួបរួមគ្នារវាង ថ្នាក់ដឹកនាំនយោបាយកម្ពុជាតែប៉ុណ្ណោះទេ តែរូបភាពទាំងនេះ បាននាំយកមកនូវអារម្មណ៍កក់ក្តៅ និង សន្តិភាព ផ្លូវចិត្តសម្រាប់ប្រជាពលរដ្ឋខ្មែរផងដែរ។
ដូច្នេះការបង្រួបបង្រួម និង ការរួបរួមរបស់អ្នកនយោបាយនៅកម្ពុជា ពិតជាមានអត្ថន័យ និង ខ្លឹមសារបំផុត សម្រាប់ប្រជាពលរដ្ឋខ្មែរ ត្បិតអីដានប្រវត្តិសាស្រ្តនៃភ្លើងសង្រ្គាមកើតចេញពីជម្លោះរបស់ថ្នាក់ដឹកនាំនយោបាយ បានធ្វើឲ្យពួកគេនឿយណាយពេកណាស់។
តម្លៃសន្តិភាព មានតម្លៃខ្លាំងណាស់សម្រាប់ការអភិវឌ្ឍន៍សង្គមកម្ពុជា។ គេសង្ឃឹមថា អ្នកនយោបាយគ្រប់ភាគី នៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ លោក សម រង្ស៊ី ដែលសុទ្ធសឹងជាអ្នក នយោបាយដ៏ចាស់វស្សា នឹងខិតខំបង្កើននូវវប្បធម៌ចរចា សន្ទនា ដូចមាននាពេលបច្ចុប្បន្ន ដើម្បីរក្សាបាននូវស្ថេរ ភាព សន្តិភាព និង ការអភិវឌ្ឍន៍ ដូចព្រះរាជបណ្តាំព្រះបរមរតនកោដ្ឋថា «ខ្មែររួបរួម ខ្មែរខ្លាំង»។ បើខ្មែរខ្លាំង ខ្មែរ ក៏លែងក្លាចគេមើលងាយ ប្រមាថ រំលោភ ឬឈ្លានពាននោះដែរ៕
មិត្តអ្នកអានមានមតិយោបល់លើអត្ថបទនេះ អាចទាក់ទង៖ tumsomalay@gmail.com