ភ្នំពេញ ៖ ទារកដែលទើបនឹងកើត ដោយគេមិនបានដឹងថា នៅរស់ ឬក៏ស្លាប់មានស្នាមរថយន្តកិនខ្ទេចខ្ទី ត្រូវបានអ្នក ដំណើរប្រទះឃើញ បង្កការភ្ញាក់ផ្អើលទាំងយប់កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៥ ម្សិលមិញ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ១០៨ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
សាកសពទារកដែលរងនូវស្នាមកង់រថយន្តកិន បែកជាបំណែកៗខ្ទេចខ្ទីអស់ខាងលើនេះ គេមិនបានដឹងថា មានឪពុក ម្តាយជានរណានោះទេ ហើយករណីនេះក៏គេមិនដឹងថា មុនពេលរថយន្តកិនទារកខាងលើនៅមានជីវិត ឬក៏ស្លាប់ បាត់បង់ជីវិតទៅហើយយ៉ាងណានោះដែរ ព្រោះមុនពេលកើតហេតុគ្មាននរណាបានដឹង និងឃើញនោះឡើយ ទាល់តែ រថយន្តកិនខ្ទេចខ្ទីអស់ទៅហើយ ទើបអ្នកធ្វើដំណើរតាមម៉ូតូប្រទះឃើញ បង្កការផ្អើលឆោឡោ ហើយសមត្ថកិច្ចបាន ត្រឹមតែចុះត្រួតពិនិត្យមើលប៉ុណ្ណោះ ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ទារកខាងលើនេះ អាចជារបស់ស្រ្តីអនាថា ឬក៏ស្រ្តីរកស៊ីផ្លូវភេទដែលឧស្សាហ៍ដេក នៅតាមសួនច្បារ ត្រង់ចំណុចខាងជើងផ្សារចាស់ ហើយក្រោយពីប្រសូត្របុត្រហើយភ្លាមៗទំនងជាទារកស្លាប់ទើប ម្តាយដែលមិនមានលទ្ធភាពយកទៅកប់ ឬបូជា បោះសពទារកខាងលើនេះចោល បណ្តាលឲ្យរថយន្តបើកបរមើល មិនឃើញ ព្រោះនៅ តំបន់ខាងលើនោះ មិនសូវមានភ្លើងជះពន្លឺក៏បណ្តាលឲ្យកិនសាកសពបែកជាបំណែកៗ បែបនេះ តែម្តងទៅ ។ ប៉ុន្តែ អ្នកខ្លះក៏អះអាងថា ទារកខាងលើនេះ មុនរថយន្តកិនអាចនៅមានជីវិត តែទំនងជាម្តាយដែលជាជន អនាថា ឬក៏ជនវិកលចរិត ក្រោយពេលកើតហើយក៏បោះចោលទៅកណ្តាលផ្លូវក៏អាចថាបានផងដែរ ។
រហូតមកដល់ព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៥ នេះ សមត្ថកិច្ចនៅមិនទាន់ធ្វើការស្រាវជ្រាវរកឃើញអត្តសញ្ញាណ ឪពុក-ម្តាយ របស់សពទារកខាងលើនេះឃើញនៅឡើយនោះទេ ហើយរថយន្តដែលបើកកិនក៏មិនបានដឹងថា ជា រថយន្តមួយណានោះដែរ ៕