ភ្នំពេញ ៖ ប្រធានធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) លោក Takehiko Nakao នឹងធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល ២ ថ្ងៃ ១០-១១ ខែមីនា ឆ្នាំ២០១៥ ដើម្បីបង្ហាញសុឆន្ទៈរបស់ខ្លួន ក្នុងការគាំទ្រ ដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ ADB ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃចន្ទ ទី៩ ខែ មីនា ឆ្នាំ២០១៥ ឱ្យដឹងថា អំឡុងដំណើរទស្សនកិច្ចនេះ លោកប្រធាន ក៏នឹងចូលជួបពិភាក្សាការងារ និងសម្តែងការ គួរសម ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ហង់ ជួនណារ៉ុង រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី១០ ខែមីនា ។ ក្រៅពីនេះ លោកក៏នឹងទៅទស្សនកិច្ចគម្រោងមួយចំនួន របស់ ADB នៅជាយៗភ្នំពេញផងដែរ ។
នេះបើតាមការ បញ្ជាក់បន្ថែម របស់អ្នកស្រី រស់ សុធា មន្រ្តីព័ត៌មានរបស់ ADB ។ លោក Takehiko Nakao ក៏ធ្វើ សន្និសីទកាសែតមួយ នៅរសៀលថ្ងៃអង្គារ នៅស្នាក់ការ ADB ផងដែរ ៕