ភ្នំពេញ ៖ ជនដៃដល់ ដែលជះទឹកអាស៊ីត លើនារីជាសន្ដិសុខ រោងចក្រ «ស៊ិនតាយ» ត្រូវ បានចៅក្រម ស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៥នេះ ចេញដីកា ឃុំខ្លួនដាក់ ពន្ធនាគារជា បណ្ដោះអាសន្ន ។
យោងតាមមន្ដ្រី សាលាដំបូង រាជធានីភ្នំពេញ បានឱ្យដឹងថា ជននេះ ត្រូវលោក ស្វាយ តុញ ចៅក្រមស៊ើបសួរ ចេញដីកា ឃុំខ្លួនដាក់ ពន្ធនាគារ បន្ទាប់ពីលោក អ៊ុំ សុភក្រ័ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ពី «បទប៉ុនប៉ងមនុស្សឃាត» ។
សូមបញ្ជាក់ថា ករណីវាយ ប្រហារដោយទឹកអាស៊ីត យ៉ាងសាហាវឃោរឃៅ ទៅលើនារី ជាសន្ដិសុខនៅ រោងចក្រ «ស៊ិនតាយ» ដោយផ្ដើមចេញពីជម្លោះ ស្នេហាត្រីកោណនោះជន ល្មើស ត្រូវបាន នគរបាលព្រហ្មទណ្ឌ ខណ្ឌ ពោធិ៍សែនជ័យ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីបន្ដការសាកសួរ និងផ្ដន្ទាទោស តាមផ្លូវច្បាប់ ពីទង្វើ ដ៏ព្រៃផ្សៃរបស់ខ្លួន។
ខណៈដែល នគរបាល កសាងសំណុំរឿង បញ្ជូនជនល្មើសទៅកាន់តុលាការនោះ ស្ថាន ភាពរបស់ នារី រងគ្រោះ មិនទាន់ធូរស្បើយ នៅឡើយទេ ដោយបច្ចុប្បន្នកំពុងបន្ដសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យ កាល់ម៉ែត រហូតមកដល់ ថ្ងៃទី៩ ខែមីនាឆ្នាំ២០១៥ ។
អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ នៅរសៀល ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៥ថា ក្រោយពីបញ្ចប់ ការសួរនាំ និងបំពេញនីតិវិធីរួចមក នគរបាល របស់លោក បានបញ្ជូនជនល្មើស ទៅតុលាការ ដីម្បីចាត់ការបន្ដតាមនីតិវិធី ។
ដោយឡែក ជនរងគ្រោះវិញ ដែលកំពុងបន្ដការព្យាបាល មុខរបួសដ៏ធ្ងន់ធ្ងររបស់ខ្លួន ជាពិសេស នៅលើផ្ទៃមុខ ទាំងមូលនោះ ត្រូវបានទទួលការ ឧបត្ថម្ភព្យាបាល ទាំងស្រុងពីសំណាក់ បេឡាជាតិ របបសន្ដិសុខសង្គម របស់ក្រសួងការងារ រហូតជាសះស្បើយ ។
ដោយឡែក កាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ ២០១៥ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធ បានដឹកនាំ អភិបាលរង និងក្រុម ការងាររបស់ខ្លួននាំយកអំណោយនិងថវិកា ចំនួន១លានរៀល ទៅប្រគល់ជូនជនរងគ្រោះ ដល់មន្ទីរពេទ្យតែម្ដង ។
លោក សេង គន្ធ អភិបាលរងខណ្ឌ ដែល ចូលរួមចុះសួរសុខទុក្ខនិងផ្ដល់អំណោយដល់ ជនរងគ្រោះបានថ្លែង ឱ្យ ដឹងថា រហូតមកដល់ ពេលនេះ ស្ថានភាពរបួសរបស់ជនរងគ្រោះ នៅតែធ្ងន់ធ្ងរនិងកំពុងស្ថិតក្នុងបន្ទប់សង្គ្រោះ បន្ទាន់នៅឡើយ ។
តាមលោក សេង គន្ធ ជនរងគ្រោះអាច និយាយបានតិចៗ ហើយភ្នែកមើលឃើញមិន ច្បាស់ ប៉ុន្ដែយ៉ាងណានោះ ក្រុមគ្រូពេទ្យកាល់ ម៉ែត បាននិងកំពុងបន្ដយកចិត្ដទុកដាក់ព្យា បាលស្ថានភាពរបួសរបស់ជនរងគ្រោះ។
យ៉ាងណាក៏ដោយ តាមរយៈស្ថានភាព ជនរងគ្រោះដោយសារទឹកអាស៊ីតក្នុងករណី កន្លងទៅ ជនរង គ្រោះបើ ទោះបីជាសះស្បើយ ប៉ុន្ដែស្លាកស្នាមនិងកើតមានលើដងខ្លួនជនរង គ្រោះដដែល ។
គួរបញ្ជាក់ថា នារីជាសន្ដិសុខនៅរោងចក្រ ស៊ិនតាយ ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ ឈ្មោះមាស វ៉ាន់នី អាយុ២០ ឆ្នាំ ត្រូវបានជនល្មើសស្រឿន នាន់ អាយុ៣៨ ឆ្នាំ កាន់ទឹកអាស៊ីតមួយដបទឹកសុទ្ធ ជះទៅ លើ ស្រោចពេញខ្លួន ខណៈដែល នារីរងគ្រោះ កំពុងធ្វើដំណើរទៅធ្វើការកាលពីវេលាម៉ោង ៦និង១០នាទី ព្រឹក ព្រលឹមថ្ងៃទី៦ ខែមីនា ឆ្នាំ ២០១៥ ស្ថិតនៅមុខផ្សារកាណាស៊ីធី ។
អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា ក្រោយករណីខាងលើនេះកើតឡើង លោកបានទទួលបាន បញ្ជាភ្លាមៗ ពីសំណាក់ ស្នងការនគរបាលរាជធានីភ្នំពេញលោកឧត្តមសេនីយ៍ ជួន សុវណ្ណ និង ស្នងការរង ទទួល ផែនព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ រួច នគរបាលរបស់លោក បានប្រើពេល ជាង៨ម៉ោង តាមចាប់ ជនល្មើស ហើយសារភាពថា មូលហេតុដែលនាង ប្រព្រឹត្ដ ទង្វើដ៏ឃោរឃៅមួយ នេះ ព្រោះខឹងនារីរងគ្រោះ លួច ទំនាក់ទំនង និងលួចរស់នៅជាមួយប្ដី របស់ខ្លួនឈ្មោះជន់ ធឿន អាយុ៣៥ឆ្នាំមុខរបរជាសន្ដិសុខដូចគ្នា នៅរោងចក្រមួយនេះ ៕
នារីរងគ្រោះដែល កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត
ជនដៃដល់ដែលត្រូវ បានតុលាការ សម្រេចឃុំខ្លួន ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន