ភ្នំពេញ៖ បន្ទាប់ពីលោក រ៉ុង ឈុន បានប្រកាសថា ខ្លួននឹងដឹកនាំកម្មករធ្វើបាតុកម្មដោយអហិង្សាមួយ ដើម្បីស្នើសុំដំឡើងប្រាក់នោះ ត្រូវបានលោក អុំ មាន រដ្ឋលេខាធិការក្រសួងការងារ បានថ្លែងអះអាង នៅថ្ងៃទី២៣ ខែធ្នូ នេះថា គ្រាន់តែជាការទាក់ទាញយកប្រិយភាពតែប៉ុណ្ណោះ។
រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អុំ មាន មានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា នេះមិនមែនជាលើកទី១របស់លោក រ៉ុង ឈុន នោះទេ ដែលបានដឹកនាំក្រុមកម្មករធ្វើកូដកម្ម ឬបាតុកម្មនោះ វាបានកើតឡើងជាច្រើនដងមកហើយ ប៉ុន្តែមិនដែលទទួលជោគជ័យម្តងណាឡើយ គឺបរាជ័យរាល់តែលើក។
លោកបន្តថា ចំពោះបញ្ហានេះ ក្រុមកម្មករភាគច្រើនក៏បានបង្ហាញពីការធុញថប់អំពីការធ្វើកូដកម្ម បាតុកម្មដោយគ្មានការសមស្របទៅតាមច្បាប់កំណត់ “ព្រោះអ្វីដែលគេបានទទួលនោះគឺវាសាកសមហើយ អ្វីដែលរោងចក្របានផ្តល់ឲ្យពួកគេសមរម្យទាំងប្រាក់ឈ្នួល ធ្វើដំណើរ ថ្លៃផ្ទះ ថ្លៃបាយទឹក ការឧបត្ថម្ភអីនោះ គឺធ្វើតាមគោលការណ៍របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារនោះវាសមស្របហើយ”។
ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុងឈុន បានឲ្យដឹង ថា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១២ខាងមុខនេះ លោកនឹងធ្វើការដឹកនាំក្រុមកម្មករធ្វើបាតុកម្មដោយអហិង្សាមួយ ដើម្បីទាមទារដំឡើងប្រាក់ឈ្នួលអប្បបរិមាពីចន្លោះ៦១ដុល្លារទៅ១៥០ដុល្លារក្នុងមួយខែ ជូនដល់ក្រុមកម្មករ ដែលកំពុងបម្រើការងារនៅតាមបណ្តារោងចក្រនានានៅទូទាំងប្រទេស។
លោកបញ្ជាក់ថា “យើងសង្ឃឹមថា នឹងមានកម្មករចូលរួមយ៉ាងច្រើន ពីព្រោះនេះ វាមិនមែនជាផល ប្រយោជន៍របស់អ្នកណាម្នាក់ទេ ត្បិតតែសហជីព ខ្ញុំជាអ្នកដឹកនាំ ប៉ុន្តែផលប្រយោជន៍បានទៅកម្មករ៥០-៦០ម៉ឺននាក់មិនមែនមានផលប្រយោជន៍តែសហជីពខ្ញុំទេ”។
លោកបន្តថា ក្នុងការធ្វើបាតុកម្មនេះ មានអ្នកចូលរួម ២៥០នាក់ ដែលជាជំហានដំបូង នឹងធ្វើការជួបប្រជុំគ្នា នៅមុខអតីតរដ្ឋសភាចាស់ ហើយនឹងយកញត្តិទៅជូនខុទ្ទកាល័យសម្តេចហ៊ុន សែន បន្ទាប់មកទៀត នឹងយកញត្តិទៅដាក់នៅរដ្ឋសភាតែម្តង។
ព្រមជាមួយគ្នានេះដែរ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា រាជរដ្ឋាភិបាល កម្ពុជា បានគោរពនូវទីផ្សារសេរី មានការយោគយល់គ្នាទៅវិញទៅមកធ្វើយ៉ាង ណាឲ្យមានការ សហការរវាង គ្នានឹងគ្នា ដើម្បីឲ្យមានសុខដុមរម្យនាទាំងថៅកែ និងក្រុមកម្មករ ហើយមិនមែនត្រឹមតែករណីប្រាក់ខែនោះទេ ប៉ុន្តែរាជរដ្ឋាភិបាលបានព្យាយាមស្វះស្វែងរកងារការធ្វើឲ្យបានគ្រប់គ្នាជៀសវាងការធ្វើចំណាកស្រុក៕