ភ្នំពេញ៖ រឿង «Facebook ផ្តាច់វិញ្ញាណ» របស់ផលិតកម្ម អភិមង្គល ដែលសហការផលិត ដោយ លោក ហ៊ សុខហេង ចាងហ្វាងផលិតកម្ម, អ្នកនាង ឈុន ចាន់ស្រីឡា ផលិតករ, លោកស្រី ប៉ាល់ វណ្ណារី រក្ស អ្នកនិពន្ធ, លោក អ៊ឹង សុខសាន្ត អ្នកដឹកនាំរឿង បានចាក់បញ្ចាំងជាផ្លូវការ កាលពីល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ ២០១៥នេះ នៅរោងភាពយន្តលុច្ស ក្រោមអធិបតីភាពលោក ស៊ិន ចាន់សាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត និងទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងផលិករ តារាសម្ដែង ក៏ដូចជាទស្សនិកជន យ៉ាងច្រើនកុះករ។
ជាពិធីការិនី ក្នុងស្ថានីយទូរទស្សន៍ ហង្សមាស ដែលបានវិវត្តន៍ខ្លួនមកជា ផលិតករភាពយន្ត អ្នកស្រី ឈុន ចាន់ស្រីឡា បានថ្លែងឲ្យដឹងថា រឿង«Facebook ផ្តាច់វិញ្ញាណ» ជាស្នាដៃទី១របស់អ្នកស្រី ដោយបានសម្រិតសម្រាំង គុណភាពយ៉ាងល្អ ទាំងបច្ចេកទេស ទីតាំងថត និងតួសម្ដែង ក្រោមទុនចំណាយប្រមាណជាង៤ម៉ឺនដុល្លារ។ រឿង “Facebook ផ្តាច់វិញ្ញាណ” មានឈុតឆាករន្ធត់ ភ្ញាក់ផ្អើល លាយឡំនឹង ភាពកំប្លុកកំប្លែង ស្រឡាញ់គ្នាតាមបណ្ដាញសង្គម ហ្វេសបុក និងបានក្លាយជារឿងផិតក្បត់ ទើបធ្វើឱ្យនារីម្នាក់ ស្លាប់ ក្លាយខ្លួនជាខ្មោចតាមសងសឹក យ៉ាងកាចសាហាវបំផុត។
អ្នកនាង ឈុន ចាន់ស្រីឡា បានបន្តទៀតថា មូលហេតុដែលនាំឱ្យ ផលិតកម្ម យកចំណងជើងរឿង “Facebook ផ្តាច់វិញ្ញាណ” ដោយសារតែសម័យនេះ មានអ្នកលេងហ្វេសបុកច្រើន ហើយការលេងនេះ អាចផ្តល់ផលល្អផង និងអាក្រក់ផង។ សាច់រឿងនេះ ផលិតឡើងសំដៅដល់ ការក្បត់ចិត្តគ្នា ស្រលាញ់គ្នា ញ៉ែគ្នាតាម ហ្វេសបុក ដោយមិនទាន់ដឹង ពីប្រវត្តិរូប ដែលតាមរយៈនេះ ភាពកាចសាហាវ កើតចេញពី មូលហេតុ នៃការលេងហ្វេសបុកនេះឯង។ រឿងនេះគ្រាន់តែជា ជ្រុងមួយ នៃផលវិបាក ក្នុងការលេងហ្វេសបុក តែប៉ុណ្ណោះ មិនមែនមានន័យ ការលេងហ្វេសបុកនេះ សុទ្ធតែផ្តល់ ផលអាក្រក់នោះឡើយ។ មួយវិញទៀត រឿងនេះ ក៏សម្តៅ ដល់ការអប់រំមួយ ចំនួនដែរ ដូចជា អ្នកលេងកន្ទុយលេង បានទទួលផលអ្វី និងគ្រូមន្តអាគមអូមអាម ដូចជា គ្រូសិល្បិ៍ គ្រូខ្មោច ដែលចេះមិនពិតប្រាកដ និងដើរបោកគេ ទទួលអ្វីមួយ។
ជាមួយគ្នានេះ ផលិតករ ឈុន ចាន់ស្រីឡា ក៏បានថ្លែងព្រមានធ្ងន់ៗ ចំពោះសិល្បករក្មេងៗជំនាន់ក្រោយ ដែលបានដាក់ខ្លួនចូលប្រឡូកក្នុងសិល្បៈ សុំឲ្យចេះគោរពពេលវេលាថត គោរពអ្នកដឹកនាំសម្ដែង និងយកគំរូតាមអ្នកសិល្បៈជើងចាស់ ព្រោះអ្នកសិល្បៈដែលទទួលបានជោគជ័យ ទទួលបានការគាំទ្រ លុះត្រាតែពួកគេចេះយល់ពីកាលៈទេសៈ ចេះស្គាល់ពីតម្លៃខ្លួនឯង ធ្វើការឲ្យច្បាស់លាស់ កុំតម្លើងឫកពេលបានល្បីបន្តិច ។ ម្យ៉ាងទៀត សូមអ្នកសិល្បៈកុំចូលសិល្បៈដើម្បីយកធ្វើជាឈ្នាន់ មើលឃើញផលប្រយោជអ្វីមួយឲ្យសោះ កុំឲ្យតម្លៃសិល្បៈធ្លាក់ចុះ បើធ្វើដូច្នេះ កុំចូលសិល្បៈល្អជាង ។
សូមបញ្ជាក់ថា “Facebook ផ្តាច់វិញ្ញាណ” ទទួលទុនថត ពីចាងហ្វាង ភាពយន្តអភិមង្គល និងម៉ាក់ អ៊ុំ របស់អ្នកនាង ឈុន ចាន់ស្រីឡា ជាមួយនឹងក្តីរំពឹងថា ភាពយន្តនេះ នឹងមានការបោះសម្លេងគាំទ្រ និងការទស្សនា យ៉ាងច្រើន ពីសំណាក់ទស្សនិកជន ព្រមទាំងមិត្តៗយុវវ័យ នៅទូទាំងប្រទេសកម្ពុជា ៕