ភ្នំពេញៈ នៅព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៥ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទ ក្រហមកម្ពុជា បាននាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ៣០គ្រួសារ នៅសង្កាត់ គងនយ ខណ្ឌដង្កោ។
លោកអភិបាលខណ្ឌដង្កោ បានផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា និងលោក ប៉ា សុជាតិវង្ស ប្រធានសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាអភិបាល រាជធានីភ្នំពេញ ជូនដល់បងប្អូនទាំងអស់ ដែលជានិច្ចកាល តែងបានគិតគូពីការលំបាក របស់បងប្អូនប្រជាពល រដ្ឋដែលជួបការលំបាក ក្រីក្រ អ្នកផ្ទុកមេរោគអេដស៍ ទុរគតជន ជាដើម ហើយតែងបានផ្តាំផ្ញើ ដល់អាជ្ញាធរ មូលដ្ឋាន គ្រប់លំដាប់ថ្នាក់ឲ្យចុះ ដល់មូលដ្ឋានដើម្បីពិនិត្យមើលការលំបាករបស់បងប្អូនទាំងអស់ ហើយដោះ ស្រាយ និងធ្វើការរាយការណ៍ជូនថ្នាក់លើបានទាន់ពេលវេលា។
លោក នុត ពុធដារ៉ា ក៏បានផ្តាំផ្ញើដល់បងប្អូនទាំងអស់ឲ្យថែរក្សាសុខភាព ហូបស្អាត ផឹកស្អាត និងខិតខំពង្រឹង ជីវភាពរស់នៅ តាមរយៈការបង្កបង្កើនផលលើដំណាំរួមផ្សំនានា ស្របតាមអនុសាសន៍របស់ លោកអភិបាលរាជធានីភ្នំពេញ ដើម្បីបង្កើតជាសហគមន៍ដាំដុះ និងចិញ្ចឹមសត្វ ក្នុងមូលដ្ឋាន។
អំណោយដែលត្រូវបានចែក ជូនប្រជាពលទាំង៣០គ្រួសារ ក្នុងឱកាសនោះ ក្នុង០១គ្រួសារទទួលបាន អង្ករ ៣០ គីឡូក្រាម មី ០១ កេស ត្រីខ ១០ កំប៉ុង ឃីត០១ កញ្ចប់ (រួមមាន សារុង១+ក្រមា១ + ភួយ១+មុង១) និងថវិកា ៣ម៉ឺនរៀល ៕