ភ្នំពេញ ៖ ក្នុងដំណើរ ទៅចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី២៩ (9th ADMM) ចាប់ពីថ្ងៃទី ១៥-១៧ ខែមីនា ឆ្នាំ២០១៥ នាទីក្រុងឡាំងកាវី (Langkawi) នៃប្រទេសម៉ាឡេស៊ី ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ទៀ បាញ់ នឹងជំរុញឲ្យសមាជិក នៃប្រទេសក្នុងតំបន់អាស៊ាន ទាំងអស់ បញ្ជូនកងទ័ពរបស់ខ្លួន ទៅជួយការពាររក្សាសន្តិភាព ជាមួយនិងអង្គការសហប្រជាជាតិ (UN) បន្ថែម ទៀតខណៈពេលបច្ចុប្បន្ននេះកម្ពុជា មានមុខមាត់ខ្លាំងជាងគេក្នុងការបញ្ជូននោះ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន មុនពេលចេញដំណើរទៅចូលរួមកិច្ចប្រជុំនេះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកដ្ឋាននយោបាយ កិច្ចការបរទេសរបស់ក្រសួងការពារជាតិកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥នេះបានឲ្យដឹងថា រហូតមកដល់ពេលនេះ ប្រទេសក្នុងតំបន់អាស៊ាន មួយចំនួនមិនទាន់បាន បញ្ជូនកងទ័ពរបស់ខ្លួនដើម្បីទៅជួយរក្សាសន្តិភាពពិភពលោក តប់តាមសំណើររបស់អង្គការ សហប្រជាជាតិនោះ ឡើយ ហើយក្នុងកិច្ចប្រជុំនោះ នាយឧត្តមសេនីយ៍ទៀ បាញ់នឹងលើកយកបញ្ហានេះមកនិយាយ។
នាយឧត្តមសេនីយ៍ណឹម សុវត្ថិបានបន្តទៀតថា នាពេលបច្ចុប្បន្នេះ ប្រទេសកម្ពុជាបានឈានមុខគេ ក្នុងការ បញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់ ប្រទេសជាច្រើនដើម្បីជួយរក្សាសន្តិភាព និងសន្តិសុខ បន្ទាប់ពីមានការស្នើរ សុំរបស់អង្គការសហប្រជាជាតិនោះ ហើយថាបេសកកម្មនេះកម្ពុជានៅតែបន្តជួយជានិច្ច ដើម្បីសន្តិភាព ពិភពលោកនោះ។
នាយឧត្តមសេនីយ៍បានបញ្ជាក់ទៀតថា “បើទោះបីប្រទេសកម្ពុជាយើងលទ្ធិភាពនៅមានកម្រិត ធនធាននៅមាន កម្រិតក្នុងការងារជួយរក្សាសន្តិភាពជាមួយ UN ក៏ដោយប៉ុន្តែ យើងបានឈានមុខទៅលើបញ្ហាហ្នឹង អីចឹង យើង ធ្វើការជួយយោបល់ជូនបណ្តាកងទ័ពប្រទេសអាស៊ានដទៃទៀត ដែលមិនទាន់បានបញ្ជូនកងកម្លាំង រក្សា សន្តិភាព ដើម្បីបន្ថែមកម្លាំង ឲ្យក្លាយទៅជាបង្កើតអត្តសញ្ញាណថ្មីមួយ ទៅលើអត្តសញ្ញាណចាស់ៗ ដែលមានទៅលើកងទ័ពក្នុងតំបន់អាស៊ានរបស់យើង”។
ទាក់ទងនឹងបញ្ហាការបញ្ជូនកងទ័មួកខៀវ ដើម្បីរក្សាសន្តិភាពពិភពលោកក្រោមឆ័ត្រអង្គការសហប្រជាជាតិនេះ កម្ពុជា បានបញ្ជូនកងទ័ពរបស់ខ្លួនជាងពីរពាំន់នាក់ហើយ ចាប់តាំងពីឆ្នាំ២០០៦មក។ ប្រទេសដែលកម្ពុជាបានបញ្ជូនទៅនោះមានដូចជាប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង សាធារណរដ្ឋអាហ្វ្រិកកណ្តាល លីបង់ ស៊ីរី និងម៉ាលីជាដើម។
នៅក្នុងកិច្ចប្រជុំលើកទី ២៩នោះ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសទាំង១០ នឹងអនុម័តឯកសារទស្សនទាន ចំនួន៣ មានទី១. ត្រៀមលក្ខណៈយោធាអាស៊ានស្តីពី ជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ, ទី២. សេចក្តីណែនាំចំពោះការឆ្លើយតប ទៅនឹងសំណូមពរចំពោះការទំនាក់ទំនង ឬកិច្ចប្រជុំក្រៅផ្លូវការ ដោយបណ្តា ប្រទេស ADMM-បូក និងទី៣. ឯកសារទន្សនទានស្តីពី ការបង្កើតមជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធា អាស៊ាន (ACMM)។ នេះបើតាមឲ្យដឹងពីនាយឧត្តមសេនីយ៍ណឹម សុវត្ថិដដែល។
សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៩នេះ មានចំណុចសំខាន់ចំនួន ៣ ទី១. ការប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន, ទី២. ការចូលរួមជាមួយកម្មវិធីពិរព័ណ៍សមុទ្រ និងអាកាសរបស់ប្រទេសម៉ាឡេស៊ី និងទី៣. គឺមានលំហាត់ហ្វឹកហ្វឺនមួយ ដែលទាក់ទងនឹងកម្លាំងទ័ពពិសេស នៅក្នុងបណ្តាប្រទេសអាស៊ាន៕