ភ្នំពេញ ៖ ក្រោយការ ជួបពិភាក្សាគ្នា អស់រយះពេល ប្រមាណ១ម៉ោង រួចមកនោះ ក្រោមការ សម្របសម្រួល របស់អភិបាល ខណ្ឌដូនពេញ លោក គួច ចំរើន និងលោក សយ សុភាព អគ្គនាយក មជ្ឈមណ្ឌលព័ត៌មាន ប្រធានសមាគម ម៉ូតូកង់បីទាំង២ បានសន្យាបញ្ចប់ជម្លោះ ជាមួយគ្នាហើយ នៅពេលខាងមុខ ។
នៅក្នុងកិច្ចពិភាក្សា ខាងលើនេះ ភាគីខាងលោក ឯ សុភាស់ បានសម្រេចដកពាក្យ បណ្តឹងហើយ ដែលបានប្តឹងទៅភាគី លោក វ៉ន ពៅ បន្ទាប់ពី កើតមានជម្លោះ ជាមួយគ្នា កាលពីពេលកន្លងទៅនោះ ។
នេះជាការបង្ហាញឲ្យឃើញថា ការពិភាក្សា ប្រកបទៅ ដោយភាពស្និតស្នាល រវាងអាជ្ញាធរ និងក្រុមសមាគម ម៉ូតូកង់៣ ទាំង២ ធ្វើយ៉ាងណា មិនឲ្យមានការប៉ះពាល់ ដល់សង្គមជាតិទៀតនោះឡើយ ។
លោកអភិបាល ខណ្ឌដូនពេញ គួច ចំរើន បានជំរុញ ឲ្យភាគីទាំងពីរ មានការយល់យោគគ្នា ប្រកបដោយ ការទទួលខុសត្រូវ និងមានការអត់ឱនឲ្យគ្នា ហើយត្រូវដោះស្រាយ បញ្ហាអ្វីមួយ ដោយសន្តិវិធី ជៀសវាង បង្កការរំខានដល់សង្គមជាតិ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង ៣៖៣០នាទី រសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៥ នេះ សមាគមម៉ូតូកង់បី ២ក្រុម រួមមានលោក លោក វ៉ន ពៅ ប្រធានសមាគម ប្រជាធិបតេយ្យ ឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងលោក ឯ សំភាស់ ប្រធានសមាគម រួមគ្នាដើម្បី អភិវឌ្ឍន៍នៅកម្ពុជា ( ស.រ.អ.ក) បានជួបដោះស្រាយ ជម្លោះនឹងគ្នា ក្រោមការ សម្របសម្រួល របស់អភិបាលខណ្ឌលោក គួច ចំរើន និង មានការអញ្ជើញចូលរួមពីលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ។
ការលូកដៃចូលរួម ដោះស្រាយ របស់អាជ្ញាធរខណ្ឌដូនពេញខាងលើនេះ បានធ្វើឡើង បន្ទាប់ពី ក្រុមអ្នករត់ម៉ូតូកង់បី របស់ លោក ឯ សំភាស់ ប្រមាណជិត១០០នាក់ លើកគ្នា ជាថ្មីម្តង ទៅតវ៉ាជាមួយក្រុមម៉ូតូកង់បី របស់លោក វ៉ន ពៅ ជាថ្មីម្តងទៀត រហូតដល់ប្រុងផ្ទុះហិង្សា កាលពីថ្ងៃសុក្រ សប្តាហ៍មុន ព្រមទាំងធ្លាប់ បង្កជម្លោះជាច្រើនលើក កាលពីពេលកន្លងទៅ។
សូមជំរាបថា ជម្លោះទាំងនេះ បានចាប់ផ្តើមឡើង បន្ទាប់ពីក្រុមម៉ូតូកង់បី ទាំងពីរក្រុម បានដណ្តើមម៉ូយគ្នា កាលពីយប់ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥នេះ រហូតដល់វាយគ្នាផ្អើលពេញមុខរ៉ារថភ្លើង ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ដំណោះស្រាយ រវាងក្រុមអ្នករត់ម៉ូតូកង់៣ បានបិទបញ្ចប់ ដោយជោគជ័យហើយ នៅរសៀលថ្ងៃទី១៦ ខែមីនា ក្រោម ការសម្របសម្រួល របស់អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន និងវត្តមាន លោក សយ សុភាព ដោយភាគីទាំង ពីរ បានបន្ទន់ឥរិយាបថទាំងសងខាង ដោយយកបញ្ហាទាំងអស់លើកមកតុចរចាដោះស្រាយដោយសន្តិវិធី ។
សូមបញ្ជាក់ថា លោក គួច ចំរើន ត្រូវបានគេទទួលស្គាល់ថា បានចូលរួមសម្របសម្រួល បញ្ចប់ជម្លោះបានជាច្រើន ករណី ជាក់ស្តែង ដូចជា ករណីវិវាទរបស់បុគ្គលិក ថៅកែក្រុមហ៊ុន ដឹកអ្នកដំណើរភ្នំពេញសូរិយា ហើយមួយករណី ទៀត ក្រុមអាជីវករផ្សារសូរិយា ដែលបានផ្ទុះការតវ៉ា ក្នុងករណីតម្លើងថ្លៃតូប ៕