ដោយ៖ សយ សុភាព
ភ្នំពេញ៖ ថ្ងៃស្អែក (១៨ មីនា ២០១៥) គឺជាខួប ៤៥ឆ្នាំ នៃការធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ព្រះវរាជបីតាឯករាជ្យជាតិខ្មែរ ចេញពីតំណែង ពីសំណាក់ក្រុមលោកសេនាប្រមុខ លន់ នល់ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ដោយមានបង្អែកយ៉ាងធំពីមហាអំណាចសហរដ្ឋអាម៉េរិក។ តែអ្វី ដែលធ្វើឲ្យលោក សេនាប្រមុខ លន់ នល់ ព្រះអង្គម្ចាស់ សិរីមតៈ និងមន្រ្តីខ្មែរក្នុងរបបសាធារណរដ្ឋខ្មែរឆ្អែតចិត្ត កកឈាម និយាយមិនចេញនោះ អាម៉េរិក ដែលធ្លាប់តែជាបង្អែកដ៏រឹងមាំ របស់របបមួយនេះ ទីបំផុតបានដោះដៃលែងខ្វាយខ្វល់អ្វីទាំងអស់ គ្រាដែលទាហានរបបសាធារណរដ្ឋខ្មែរ កំពុងជាប់ដៃប្រយុទ្ធជាមួយ កងទ័ពខ្មែរក្រហម។ នេះជាមេរៀនប្រវត្តិសាស្រ្ត ដែលខ្មែរគ្រប់រូប មិនគួររំពឹង ទុកចិត្ត និយមលើបរទេស ជាងជាតិសាស្រ្តខ្លួនឯងនោះឡើយ។ គ្មានជាតិសាសន៍ដទៃណាមួយ ស្រឡាញ់ខ្មែរ ដូចខ្មែរគ្នា ឯងនោះឡើយ។
អ្វីដែលខ្ញុំលើកយកមកអត្ថាធិប្បាយ នៅពេលនេះ ខ្ញុំមានបំណងចង់ចូលរួម វិភាគទានតិចតួច ស្ដួចស្ដើង ជូនចំពោះប្រជា ពលរដ្ឋខ្មែរទាំងឡាយណា ដែលតែង តែយក បរទេសធ្វើជា មូលដ្ឋានបង្អែក គាំទ្រខាងនយោបាយ ក៏ដូចជាផ្នែកស្មារតី ផ្សេងៗ ដើម្បីយើងរួម គិតទាំងអស់គ្នា ថាតើយើងបន្ដងប់ងល់ យកបរទេសមក ធ្វើជាបង្អែកទាំងងងឹត ងងល់តទៅទៀត ឬមួយរាប់អានគេ ក្នុង កម្រិតកិច្ចសហ ប្រតិបត្ដិ ការ ដោយស្មើភាព និងស្មើសិទ្ធិ ។
ខ្ញុំពិតជាមានការ សោកស្ដាយណាស់ ដែលអ្នកនយោបាយខ្មែរ ជាទីគោរពរបស់ យើងខ្លះ ពេលដែលមាន បញ្ហាកើតឡើងនៅ ក្នុងស្រុកបន្ដិច បន្ដួច រវាងខ្មែរ និងខ្មែរ ពួកគេ តែងតែហួងហែង យកបរទេសដាក់ ពីមុខ។ ខ្ញុំសួរថា មានប្រទេសណាមួយនៅ លើលោក នេះ ដែលស្រឡាញ់ ជនជាតិខ្លួន ប្រទេសជាតិ ខ្លួន តិចជាង សាសន៍ដទៃ ។ ជាការពិតគ្មាន នរណាម្នាក់ស្រឡាញ់ជាតិសាសន៍ដទៃជាង ស្រឡាញ់ជាតិ សាសន៍ខ្លួន និង ជាតិខ្លួនឯង នោះទេ ។
ការស្រឡាញ់ និងជួយឈឺឆ្អាលជាតិ សាសន៍ដទៃ ក្នុងន័យថា ជាតិសាសន៍នោះ មានផលប្រយោជន៍ សម្រាប់ ជាតិខ្លួនឯងផង ដែរ ។ ពោលប្រទេសធំមួយ ជួយប្រទេស ដទៃផ្សេងទៀត ពិតណាស់ថា ប្រទេស ដែល ទទួល ជំនួយនោះ ប្រាកដជាមានផល ប្រយោជន៍សម្រាប់ខ្លួន ។ យ៉ាងណាមិញ ខ្ញុំសូមដកស្រង់ នូវឯកសារប្រវត្ដិ សាស្ដ្រ ស្ដីអំពីនយោបាយរបស់សាធារណរដ្ឋខ្មែរ ដឹកនាំដោយលន់ នល់ សិរិមតៈ និងបរិវ៉ា មានទំនាក់ទំនង ការទូត ជាមួយសហរដ្ឋអាមេរិក ហើយទីចុងបញ្ចប់ តើរដ្ឋាភិបាល អាមេរិក នៅពេលនោះ មានជំហរយ៉ាងណា ចំពោះរបបលន់នល់ តើអ្នកអង្គម្ចាស់ ស៊ីសុវត្ថិសិរិមតៈ មានបន្ទូល យ៉ាងម៉េច ឆ្លើយតបទៅនឹងរដ្ឋាភិបាល អាមេរិក ។
យោងតាមសៀវភៅ ឯកសារប្រវត្ដិសាស្ដ្រ ក្រោមចំណងជើងថា “សង្គ្រាមអាមេរិក នៅកម្ពុជា លន់នល់ និង ខ្មែរក្រហម ១៩៧០-១៩៧៥” ដែលនិពន្ធដោយ នួន សុធិមន្ដ ដោយបាន សរសេរ យ៉ាងក្បោះក្បាយ អំពី នយោបាយការបរទេស របស់លន់នល់ ជាមួយនិងសហរដ្ឋ អាមេរិក ។ ខ្ញុំសូមដកស្រង់ នូវខ្លឹមសារ ខ្លះៗចេញ ពីសៀវភៅនេះ ត្រង់ទំព័រ ១៦៧ និងការឆ្លើយឆ្លងលិខិតរបស់អ្នកអង្គម្ចាស់ស៊ីសុវត្ថិសិរិមតៈ ជាមួយឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំនៅភ្នំពេញ នៃរដ្ឋាភិបាលលន់នល់ លោកហ្សន កាន់ធីឌីន ។ ខ្លឹមសារសង្ខេបមានដូចតទៅ “នៅថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៧៥ ដោយមានដំបូន្មានបន្ទាន់មួយ របស់ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនៅភ្នំពេញ លោកហ្គាន់ធីឌីន លោកបានផ្ញើទូរសារ មួយទៅឱ្យ ប្រធានាធិបតី អាមេរិក លោក ហ្វដ ដោយសុំឱ្យគាត់ឈប់ ផ្ដល់ជំនួយដល់កម្ពុជា ចំពេលដែលសភា អាមេរិក កំពុងពិនិត្យ លទ្ធភាព ផ្ដល់ជំនួយបន្ថែមដល់កម្ពុជា ចំនួន ២២២លានដុល្លារ ដែលកម្ពុជា ស្នើសុំនៅនាទីចុងក្រោយ ដើម្បីទ្រទ្រង់ជីវិតរបបសាធារណរដ្ឋខ្មែរ ឱ្យឆ្លងផុត រហូតដល់រដូវវស្សា ព្រោះពេលនោះទាហាន ទាំងសង ខាង ច្រើន តែផ្អាកការប្រយុទ្ធគ្នា ដើម្បីឆ្លៀតឱកាស ពង្រឹងកម្លាំង និងយុទ្ធសាស្ដ្ររៀងៗខ្លួន សម្រាប់ ប្រតិបត្ដិ ការ នារដូវប្រាំងបន្ដទៀត ។ តែទោះបីជាសភាអាមេរិក អនុម័តយល់ព្រមផ្ដល់ថវិកា នេះឱ្យ កម្ពុជាក៏ ដោយ ក៏ជំនួយទាំងនេះ មិនដឹងជាបញ្ជូនមកកម្ពុជាតាម មធ្យោបាយ ណាដែរ ហើយបើជំនួយនេះ បានមកដល់កម្ពុជា តាមវិធីណា ផ្សេងនោះ ក៏ជំនួយនេះ មិនអាចជួយរដ្ឋាភិបាល លន់នល់ ឱ្យរស់រានបន្ដ ទៀត បានដែរ ព្រោះមកដល់ពេលនេះ ពួកខ្មែរក្រហម បានឡោមព័ទ្ធជុំវិញ ទីក្រុង ភ្នំពេញ ហើយ ហើយទី បំផុត ទឹកលុយទាំងនេះ នឹងត្រូវបាត់បង់តែម្ដង ដោយសារតែគ្មានអ្នកទទួលខុសត្រូវ ។ មុនពេលចេញដំណើរពីកម្ពុជា របស់ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា លោកហ្សន ហ្គាន់ធីឌីន គាត់បាន ផ្ញើ លិខិតជា អាយុជីវិតមួយជូនព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ ដើម្បីអញ្ជើញព្រះអង្គ និងឥស្សរជន នយោ បាយ សាធារណរដ្ឋខ្មែរផ្សេងទៀត ដែលប្រឈម មុខនឹងគ្រោះថ្នាក់ដល់អាយុជីវិតឱ្យចាកចេញពីកម្ពុជា ជាបន្ទាន់ ជាមួយពួកគេ តាមជើងយន្ដហោះ ពិសេសចុងក្រោយរបស់អាមេរិក ដែលខ្លឹមសារសំបុត្រ មានអត្ថន័យ ដូចតទៅ ៖
ថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៧៥
ជូនចំពោះ ឯកឧត្ដមជាទីស្នេហា ខ្ញុំ បាន ទទួលការណែនាំពីរដ្ឋមន្ដ្រីការបរទេស ទីក្រុង វ៉ាស៊ីនតោន ដែល ស្នើឱ្យ ខ្ញុំជួយសម្រួលការ ចាកចេញជាបន្ទាន់នូវពលរដ្ឋអាមេរិក ទាំងអស់ ដែលរស់នៅទីក្រុង ព្រមទាំងបុគ្គ លិក ខ្មែរ របស់យើងផងដែរ ដែលចង់ចាក ចេញជាមួយពួកយើង ពីព្រោះជីវិតពួកគេអាចមានគ្រោះថ្នាក់ បើគេបន្ដរស់នៅ កម្ពុជា ទៀត ដូចដែលខ្ញុំបានជម្រាបជូនឯកឧត្ដម នាពេលថ្មីៗនេះហើយថា យើងមាន កៅអី យន្ដហោះមួយ ចំនួន សម្រាប់សមាជិកសំខាន់ៗក្នុងរដ្ឋាភិបាល របស់ឯកឧត្ដម ដែល ចង់ចាកចេញពី កម្ពុជា នៅពេលនេះ ហើយជាអ្នកដែលគ្រោះថ្នាក់ បំផុត ។ ដូចដែលខ្ញុំ ជម្រាបឯកឧត្ដមហើយ ការសម្រេច ចិត្ដនេះ អាស្រ័យលើ ឯកឧត្ដម ហើយខ្ញុំជឿលើ ឯកឧត្ដម ក្នុងការជូនព័ត៌មាន ដល់អ្នកដែលមាន បញ្ហាទាំង នេះ ។ អ្នកដែលសម្រេច ចិត្ដចាកចេញត្រូវនាំមកជាមួយគ្រួសារ ដែលជិតបំផុត“សហព័ទ្ធនិងកូន” ដោយ សារ កន្លែងជិះមានកំណត់ ។ ជាមួយគ្នានេះ ដែរសូមឯកឧត្ដមជូនព័ត៌មានឱ្យបានឆាប់ តាម តែអាចធ្វើបាន ចំពោះអ្នកទាំងឡាយ ដែល ឯកឧត្ដមយល់ថា ត្រូវចាកចេញ ហើយចង់ ចាកចេញជាមួយពួកគេ ដោយ ហេតុថា ពួកគេមានពេលតែ២ ម៉ោងប៉ុណ្ណោះ សម្រាប់ រៀបចំ ខ្លួនចាកចេញ និងធ្វើដំណើរមកកាន់ស្ថានទូតអាមេរិក ។ អ្នកដែលចង់ចាក ចេញត្រូវធ្វើដំណើរមកកាន់ស្ថានទូតអាមេរិកជាបន្ទាន់ (នៅមហាវិថី ៩តុលា)។ មនុស្ស ម្នាក់អាចយកតែកាបូប និងវ៉ាលីសមួយ ដែលអាចដាក់ពីភ្លៅអង្គុយតែប៉ុណ្ណោះ។ នៅ ម៉ោង ៩និង៣០នាទីព្រឹក(ថ្ងៃទី១២ ខែមេសា ) យន្ដហោះនឹងចាកចេញពីស្ថានទូត របស់យើង ។ អ្នកដែលមក ដល់ ក្រោយម៉ោង៩និង៣០នាទី នឹងមិនមានឱកាសចាក ចេញ ជាមួយពួក យើងទេ ខ្ញុំសូមបញ្ជាក់ថា ពេលវេលាដែលត្រូវមកដល់ស្ថានទូត អាមេរិក គឺមុនម៉ោង៩និង៣០នាទី ។ អ្នកដែលមកដល់ មុននឹងមាន កន្លែងជិះ នៅលើ យន្ដហោះរបស់យើង គឺមានន័យថា អ្នកដែលមកកាន់ស្ថានទូតនៅម៉ោង៨ មានឱកាស បាន ជិះ ជាងអ្នកមកដល់ស្ថានទូតនៅ ម៉ោង៩និង២០នាទី ។
ហ្សន ហ្គាន់ធីឌីន
ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក
ក្នុងពេលជាមួយគ្នានេះដែរ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិសិរិមតៈ ក៏បានសរសេរលិខិតមួយ ឆ្លើយតបទៅនឹងការ អញ្ជើញរបស់ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ដោយធ្វើការ បដិសេធនូវបំណងល្អរបស់អាមេរិក ក្នុងការ ជួយ សង្គ្រោះជីវិតមេដឹកនាំសាធារណរដ្ឋ ខ្មែរ ដែលធ្លាប់ជាមិត្ដរួមការងារ ជាមួយគ្នាដ៏ស្អិតរល្មួត ដែលមានខ្លឹមសារទាំងស្រុង ដូចតទៅ ៖
ជូនចំពោះឯកឧត្ដម និងមិត្ដភក្ដិជាទីស្រឡាញ់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះសារលិខិត ក្នុងការស្នើអញ្ជើញ នាំខ្ញុំ ទៅកាន់ប្រទេសឯកឧត្ដម ដែលពោរពេញ ដោយសេរីភាព ។ ប៉ុន្ដែគួរឱ្យសោកស្ដាយ ខ្ញុំមិនអាចចាកចេញ ពីប្រទេសនេះ ក្នុង ស្ថានភាព កំសាកបែបនេះទេ ។ សម្រាប់រូបឯកឧត្ដម និងជាពិសេស ប្រទេសមហា អំណាចរបស់ឯកឧត្ដម ខ្ញុំមិនដែលជឿ ក្នុងមួយនាទីណា ដែល ឯកឧត្ដមមានគំនិត បោះបង់ប្រជាជនមួយដែលជ្រើសរើសយកសេរីភាពឡើយ ។ ឯកឧត្ដម បានបដិសេធ មិនផ្ដល់ការ គាំពារដល់ពួកគេ ហើយយើង ក៏មិនអាចធ្វើអ្វីបាន ដែរចំពោះរឿងនេះ ។ ឯកឧត្ដមបានចាកចោលពួកយើង ហើយខ្ញុំសូមឱ្យឯកឧត្ដម និងប្រទេសរបស់ឯកឧត្ដម រស់នៅដោយសេចក្ដីសុខ ។
ប៉ុន្ដែឯក ឧត្ដម ត្រូវ ចងចាំថា ខ្ញុំសុខចិត្ដ ស្លាប់នៅទីនេះ នៅក្នុងប្រទេស ដែលខ្ញុំ ស្រឡាញ់ វាជារឿងអាក្រក់ ណាស់ ព្រោះយើងត្រូវ កើតនិងស្លាប់ថ្ងៃណាមួយចៀស មិនរួច ។ ខ្ញុំមានកំហុសតែមួយប៉ុណ្ណោះ គឺជឿជាក់លើ ឯកឧត្ដម ដែលជាជនជាតិ អាមេរិក ។
សូមឯកឧត្ដមជាទីស្រឡាញ់ ទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្រនិងជាមិត្ដភាព អំពីខ្ញុំ ។
ស៊ីសុវត្ថិសិរិមតៈ
ចំណែកឯស្ថានទូត សហរដ្ឋអាមេរិកវិញ គេមិនអាចបន្ដនៅផ្សងព្រេងជាមួយជនជាតិ ខ្មែរតទៅទៀតបាន ឡើយ ពួកគេចាប់ផ្ដើម ដឹកជញ្ជូនមន្ដ្រី បុគ្គលិក និងជនជាតិគេទាំង អស់ចេញពីកម្ពុជា លើកលែងតែ អ្នកកាសែត ដែលត្រូវការប្រមូលព័ត៌មានប៉ុណ្ណោះ ដែល បន្ដនៅជាមួយរដ្ឋាភិបាល ក្រុងភ្នំពេញ ជាមួយគ្នានោះ ។ ព្រលឹមស្រាងឡើងមុន ថ្ងៃរះ ទៅទៀត ក្រុងប៉េកាំងបានឱ្យដំណឹងដល់ លោករីឆាដ ហូលប្រូក តំណាង អាមេរិកនៅ ប៉េកាំង ឱ្យដឹងថា មិនអាចទទួលស្គាល់ ការផ្ទេរអំណាចថ្វាយសម្ដេច សីហនុ ដូច បានព្រមព្រៀងគ្នានៅពេលមុនទេ ។ ប្រហែលជាការផ្លាស់ប្ដូរ អាកប្ប-កិរិយាចិនប៉េកាំង នេះហើយ ដែលជា ដើមហេតុ បណ្ដាលឱ្យសហរដ្ឋអាមេរិក ដាច់ចិត្ដ ដកទូត បុគ្គលិកនិងគ្រួសារអាមេ រិកទាំងអស់ ចេញ ពីភ្នំពេញ ស្អែកឡើងនាថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៧៥ ។ ប្រធានាធិបតីអាមេរិក លោកហ្វ័ដ បានប្រកាស ថា “នេះជាការ ខ្លោចផ្សាមួយនៅកម្ពុជា ដែលយើងហួសពេលស្រង់ទៅហើយ” ។
តាមពិតការផ្លាស់ប្ដូរ យ៉ាងឆាប់រហ័សនេះ ចាប់កើតឡើងក្រោយពេលភារៈធារី ឡយដ៏ រីវស័ បានមកជួប ជាមួយលោក សេនាប្រមុខ នៅ ក្រុងហូណូលូ (សហរដ្ឋអាមេរិក) ហើយបានជម្រាបប្រធានាធិបតីខ្មែរថា សហរដ្ឋអាមេរិកមិនអាចគាំទ្រ នៅក្នុងកម្ពុជា តទៅទៀតបានឡើយ ។ បុគ្គលិកស្ថានទូតអាមេរិកនឹងត្រូវដកចេញ ឱ្យអស់ មុនម៉ោង ៤រសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៧៥ ។
ខាងលើនេះ គឺជាខ្លឹមសារដើម នៃការ ឆ្លើយឆ្លងសំបុត្រ ហើយវាពិតជាបានបង្ហាញ ឱ្យយើងទាំងអស់គ្នាឃើញថា តើបរទេស ស្រឡាញ់ខ្មែរ ដូចដែលយើងស្រឡាញ់ជាតិ យើងដែរឬទេ ។ ដូច្នេះសូមឱ្យខ្មែរនិយមងប់ងល់ បរទេសទាំងឡាយ ស្វែងយល់ពី ប្រវត្ដិសាស្ដ្រនា អតីតកាលរបស់យើងឡើងវិញ នោះទើបយើងអាចរកឃើញផ្លូវ ដែល ត្រូវ សម្រាប់ជាតិយើងនាពេលបច្ចុប្បន្ននិងទៅអនាគត ។ ដូច្នេះ សូមឱ្យអ្នក នយោបាយខ្មែរ និយមបរទេស សញ្ជឹងគិតឡើងវិញថា តើខ្លួនសុខចិត្ដងប់ងល់ជាមួយ នឹងបរទេស ឬមួយក៏យើងងាកមករក ការប្រាស្រ័យ ទាក់ទងគ្នារវាងខ្មែរនិងខ្មែរ ដែល មិនចាំបាច់ ត្រូវការអ្នកបកប្រែភាសាវិញឬយ៉ាងណា?