បាត់ដំបង៖ នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥ នៅចំណុចដើមពោធិ៍ នាគបាញ់ទឹក ស្ថិតក្នុង ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ក្រុមប្រឹក្សាក្រុង បាត់ដំបង រៀបចំកិច្ចប្រជុំជាសាធារណៈ ស្តីពីការគ្រប់គ្រងសំណល់រឹង អនាម័យ បរិស្ថាន សោភ័ណភាពទីក្រុង ក្រោមអធិបតីភាព លោក លោក សៀងឯម វូនស្ហី អភិបាលក្រុងបាត់ដំបង លោក អឿម សុខុន ប្រធានក្រុមប្រឹក្សាក្រុង លោក សំ ផល្លា នាយករងអង្គការកែច្នៃសំរាម និងការសិក្សានៅកម្ពុជា comped លោក អៀ គឹមឆេង អនុប្រធានមន្ទីរ បរិស្ថានខេត្ត លោក ទុយ រ៉ុង ប្រធានការិយាល័យទេសចរណ៍ក្រុង។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួម ពីអស់លោក លោកស្រី អភិបាលរងក្រុង សមាជិកក្រុមប្រឹក្សាក្រុង មន្រ្តីរាជការ កងកម្លាំង អាជីវករ ប្រជាពលរដ្ឋ ក្នុងក្រុងបាត់ដំបង ប្រមាណជាង១០០នាក់។
បន្ទាប់ពីលោក អឿម សុខុន ប្រធានក្រុមប្រឹក្សាក្រុងបាត់ដំបង បានឡើងមានធ្វើរបាយការណ៍ និងមតិស្វាគមន៍ ប្រកាសបើកកិច្ចប្រជុំរួចមក។
លោកស្រី ផាត់ សុខលាង សមាជិកក្រុមប្រឹក្សាក្រុង ឡើងអានបទបញ្ជាផ្ទៃក្នុងកិច្ចប្រជុំ ដែលមានសំណួរ និងចម្លើយក្នុងអង្គពីធី។ បន្ទាប់មកប្រធាននិងសមាជិកក្រុមប្រឹក្សាក្រុង បានឡើងបង្ហាញសមាសភាព របស់ខ្លួន និងអភិបាល អភិបាលរងផងដែរ។
លោក សឿន បូរ៉ា មន្រ្តីសាលាក្រុងបាត់ដំបង បានឡើងធ្វើបទបង្ហាញពី ផលប៉ះពាល់បរិស្ថានក្នុងក្រុង ពីកាកសំណល់រឹង មានដូចជា សាកសពសត្វស្លាប់ ការចោលសំរាមពាសពេញដងផ្លូវ ទឹកជំនន់តាមដងផ្លូវ ដែលធ្វើឲ្យមានការប៉ះពាល់ ដល់បរិស្ថាន និងសុខភាពមនុស្សយើងទូទៅ។
លោក អឿម សុខុន ប្រធានក្រុមប្រឹក្សាក្រុង បានបញ្ជាក់បន្ថែមថា សំរាមនៅក្នុងក្រុងបាត់ដំបង មានទំហំគិតជាមធ្យម ដល់ទៅជិត៨០តោន ក្នុង១ថ្ងៃ គិតទាំងនៅតាមផ្សារនានា និងនៅតាមផ្ទះ ប្រជាពលរដ្ឋក្នុងនិងជាយក្រុងផង។
នៅក្នុងកិច្ចប្រជុំនោះដែរ គណៈអធិបតីបានអនុញ្ញាត ជូនប្រជាពលរដ្ឋ លើកជាសំណួរជាបន្តបន្ទាប់ ទៅគណៈអធិបតី និងក្រុមហ៊ុនប្រមូលសំរាមស៊ិនទ្រី ពីសេវាកម្មប្រមូលសំរាមប្រចាំថ្ងៃ ដោយប្រមូល សំរាមមិនបានទាន់ពេលវេលា និងមានធ្លាក់ជ្រុះហៀរទឹកស្អុយ តាមដងផ្លូវជាដើម។
លោក សេង សូរិយា តំណាងក្រុមហ៊ុនស៊ិនទ្រី ប្រចាំខេត្តបាត់ដំបង បានឆ្លើយសំណួរតបវិញថា ដោយសាររថយន្តមានតិច កន្លងមកមាន៥រថយន្ត តែឥឡូវមាន ៧រថយន្ត និងមានកាលវិភាគ ចែកវេនគ្នាដឹកសំរាមត្រឹមត្រូវ បានន័យថា កន្លែងខ្លះក្នុង១សប្តាហ៍ ក្រុមហ៊ុនទៅប្រមូលដឹកមាន ចំនួន៣ថ្ងៃទេ ។
លោកបានបន្តថា កន្លែងខ្លះមកពីប្រជាពលរដ្ឋមួយចំនួន លួចយកសំរាមមកទម្លាក់ចោល នៅតាមទីសាធារណៈ បានន័យថា គឺពួកគាត់បានគេចវេះ ពីការបង់ប្រាក់ សេវាកម្ម ឲ្យក្រុមហ៊ុនផងដែរ ទើបទីកន្លែងខ្លះ ឃើញមាននៅសល់សំរាមពិតមែន ចំពោះធុងសំរាមយើង មិនអាចដាក់ទុកចោល ជាអចិន្ត្រៃយ៍បានទេ ព្រោះវាអាចមាន អ្នកឆ្លៀតឱកាសពីចម្ងាយ យកសំរាមមកចាក់ចោលក្នុងធុងនេះ។
លោក សៀងឯម វូនស្ហី អភិបាលក្រុង បានចូលរួមមានមតិថា វេទិកានេះក្រុងបាត់ដំបងយើង បានធ្វើជា ច្រើនកន្លែងហើយ និងបន្តផ្សព្វផ្សាយជាបន្តបន្ទាប់ទៀត ដើម្បីឲ្យប្រជាពលរដ្ឋ និងក្រុមហ៊ុនចូលរួម បរិស្ថានល្អ ដើម្បីអបអរសាទរជ័យលាភីទីក្រុងស្អាត។
លោក សំ ផល្លា នាយករងអង្គការកែច្នៃសំរាម និងការសិក្សានៅកម្ពុជា comped ឡើងមានមតិ នៅក្នុងកិច្ចប្រជុំ ស្តីពីកាកសំណល់រឹង សំរាម ឧស្ម័នកាបូនិក ឧស្ម័នមេតាន ចេញមកក្រៅធ្វើមាន ការប៉ះពាល់ឧស្ម័នផ្ទះកញ្ចក់ជាដើម។ លោកបានបញ្ជាក់ទៀតថា បើយើងចេះកែច្នៃសំរាម តាមបចេ្ចកទេស វាអាចបញ្ជៀសពី ផល់ប៉ះពាល់បរិស្ថាននោះទេ យើងអាចញែកសំរាមទាំងនេះ ឲ្យមានប្រយោជន៍ ដោយ ធ្វើការញែកទៅតាមប្រភេទសំរាមទាំងនោះ។
លោក អៀ គឹមឆេង អនុប្រធានមន្ទីរបរិស្ថានខេត្ត បានមានមតិថា ចំពោះសំរាមដែលប្រជាពលរដ្ឋណា មិនគោរពច្បាប់បរិស្ថាន ដោយបានលួចចោលសំរាមផ្តេសផ្តាស តាមទីសាធារណៈ គឺត្រូវបានធ្វើការ ផាកពិន័យតាមច្បាប់។ ដូច្នេះយើងទាំងអស់គ្នា ត្រូវប្រមូលសំរាមវេចខ្ចប់ទុកដាក់ឲ្យបានល្អ និងសូមមេត្តា ខិតខំចូលរួម ការពារបរិស្ថាន ដើម្បីសម្អាតទីក្រុងយើងទាំងអស់គ្នា។
លោក សៀងឯម វូនស្ហី បានធ្វើការបូកសរុបកិច្ចប្រជុំ នាឱកាសនោះថា យើងរៀបចំកិច្ចប្រជុំនេះឡើង គឺមានគោលបំណងដូចជា ទី១ ដើម្បីផ្សព្វផ្សាយជូនដល់ ប្រជាពលរដ្ឋ ឲ្យបានយល់ដឹងអំពីការវេចខ្ចប់ ការទុកដាក់សំរាម និងការញែកកាកសំណល់ ទី២ ដើម្បីចែករំលែកព័ត៌មាន និងការអនុវត្តរបស់រដ្ឋបាល ក្រុង ស្តីពីការគ្រប់គ្រងកាកសំណល់ និងទី៣ ដើម្បីប្រមូលព័ត៌មាន មតិយោបល់ សំណូមពរ និងតម្រូវ ការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងការគ្រប់គ្រងកាកសំណល់។ បញ្ហាញកាកសំណល់ ឬសំរាមនេះ គឺជាកង្វល់មួយដែលយើងទាំងអស់គ្នា ត្រូវតែរួមគ្នាគិត រួមធ្វើ ដើម្បីបរិស្ថាន អនាម័យ សោភ័ណភាពទីក្រុង ពិសេសសុខភាពមនុស្ស យើងទាំងអស់គ្នាផងដែរ៕