ភ្នំពេញ ៖ លោក ពុយ គា ប្រធានការិយាល័យ សារព័ត៌មានជប៉ុន ក្យូដូ ប្រចាំប្រទេសកម្ពុជា បានថ្លែង អំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើង នូវសំណួររ បស់លោក ដល់មហាជន ឲ្យបានដឹង ដែលលោកចាត់ទុកថា លោកបានដឹងនូវ អារម្មណ៍របស់ថ្នាក់ដឹកនាំ នៅពេលដែល អ្នកកាសែតបាន សួរសំណួរប្លែកៗ។
លោក ពុយ គា ដែលចាប់អាជីពជាអ្នកកាសែត អស់រយះពេល ជាង២០ឆ្នាំមកហើយនោះ បានបញ្ជាក់ថា «ខ្ញុំសូមអរគុណ ដល់សម្តេច ហ៊ុន សែន ដែលបានលើក ពីសំណួរ របស់ខ្ញុំ ជូនដល់មហាជនបានដឹង»។
អ្នកកាសែតជើងចាស់ និង យកអាជីពមួយនេះ ដើម្បីរស់ បានលើកឡើងទៀតថា «ខ្ញុំយល់ថា នេះមិនមែនជា ការស្តី បន្ទោសឲ្យ ខ្ញុំជាអ្នកសារព័ត៌មានទេ តែលោកមិនចង់ឲ្យ អ្នកដ៏ទៃសួរនាំ លោកអំពី ការងារផ្ទៃក្នុងរបស់ រដ្ឋាភិបាល ឬការងារ សំរេចចិត្ត របស់លោកដែលជាបញ្ហារសើប»។
ជាមួយគ្នានេះ លោក ពុយ គា ក៏សុំសំណូមពរ ឲ្យអ្នកនាំពាក្យ ឬមន្រ្តីធ្វើការងារ ពាក់ព័ន្ធនឹង ទំនាក់ទំនងសាធារណៈ មេត្តាកុំខឹងនឹងអ្នកកាសែត ដែលគាត់សួរសំណួរប្លែកៗ រសើបៗ មិនទំនង ឬខុសពីប្រក្រតី ព្រោះវាជាអាជីព ប្រចាំថ្ងៃរបស់អ្នកកាសែត ដែលតែងចងចាំពាក្យថា «បើមិនថ្មី មិនប្លែក និងមិនខុសពីប្រក្រតីក៏ មិនមែន ជាព័ត៌មានដែរ» ។
សូមបញ្ជាក់ថា សម្តេចតេជោ បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ ក្នុង ឱកាស អញ្ជើញ បើកការដ្ឋាន ស្ថាបនាផ្លូវជាតិលេខ៥៨ ចាប់ពីទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដល់ខេត្តឧត្តរមានជ័យថា លោក ពុយ គា បានសួរលោកអំពី គំរោងរុះរើ គណៈរដ្ឋមន្រ្តី នៅក្នុងអាណត្តិថ្មីនេះ ដែលសម្តេច តបថា អរគុណដែលលោក ពុយ គា ចេះលើកសំណួរ មកសួរ តែពុំគួរសួរលោករឿងបែបនេះទេ។
លោក ពុយ គា បានបន្ថែម ចុងក្រោយថា លោកសូមអរគុណដល់សម្តេច ហ៊ុន សែនដែលបាន លើកបញ្ហានេះឡើង ធ្វើឲ្យ លោកយល់ពីអារម្មណ៍ របស់ថ្នាក់ដឹកនាំ ពេលអ្នកកាសែត ចង់បានពត័មានល្អៗ ប្លែកៗ និងរសើបៗ ឲ្យមហាជនបានដឹង។
លោក ពុយ គា (រូបកណ្តាល) កំពុងឈរមើលសៀវភៅ ជាមួួយសម្តេចតេជោ ហ៊ុន សែន