ភ្នំពេញ៖ គំនិតចង់អញ្ជើញ លោកស្រី Michelle Obama ឲ្យរាំចង្វាក់ម៉ាឌីហ្សូន (Madison) នៅអង្គរវត្ត ក្នុងទឹកដី ខេត្តសៀមរាប អាចចាត់ទុកថា ជាគំនិត រវើររវាយ ឬជាក្តីស្រមៃជ្រុលពេក ក៏ថាបាន តែប្រហែលជា មិនចំលែកទេ សំរាប់លោកស្រី Michelle Obama ជំទាវទីមួយ របស់សហរដ្ឋអាមេរិក គ្រាន់តែរាំចង្វាក់ Madison មួយបទ នៅ ប្រាសាទណាមួយ ឬទី តាំងណាមួយ ដែលមានសុវត្ថិភាព ក្នុងអំឡុងពេលស្នាក់នៅ ២យប់៣ថ្ងៃ ក្នុងខេត្តសៀមរាប បីសិនជាមានអ្នកឡប់ប៊ី ឬរៀបចំត្រឹមត្រូវ គួបផ្សំនឹងពេលវេលា និងចំណូលចិត្ត របស់លោកស្រីផង។
បើសិនជាលោកស្រី Michelle ព្រមរាំមែននោះ រូបភាពបែបនេះ នឹងត្រូវគេផ្សាយ ពេញពិភពលោក ពេលនោះកម្ពុជា ពុំចាំបាច់ឲ្យទូរទស្សន៍ CNN ដ៏ល្បីរបស់អាមេរិក ផ្សាយទៀតទេ ហើយវិស័យទេសចរណ៍កម្ពុជា ក៏នឹងស្ទុះឡើង មួយកំរិតទៀត រីឯការស្គាល់ប្រទេសកម្ពុជា បែបរូបភាពវិជ្ជមាន លើផ្នែកវប្បធម៌ សិល្បៈ និងមនុស្សជាតិ នឹង ត្រូវបានជំនួស ព័ត៌មានអវិជ្ជមាន ដែលប្រទេសខាងក្រៅ តែងបានឮដូចជា ខ្មែរក្រហម ដ៏ឃោរឃៅ គ្រាប់មីន ភាពក្រីក្រ និងជំងឺអេដស៍។ល។
សំណួរអាចសួរថា តើជំទាវទីមួយ របស់អាមេរិកចេះរាំ និងចូលចិត្តរាំដែរឬទេ? ថ្មីៗនេះ លោកស្រី Michelle Obama បានធ្វើឲ្យរញ្ជួយ ពិភពសិល្បៈ និងមហាជនរាប់លាននាក់ ដែលបានចាប់អារម្មណ៍ ទៅនឹងក្បាច់រាំរបស់លោកស្រី Michelle ដែលមានចំណងជើងថា «GIVE ME FIVE» «ឲ្យខ្ញុំប្រាំមក» ជាអត្ថន័យ សូមការគាំទ្រ ពីអ្នកសិល្បៈ និងជនជាតិអាមេរិកទាំងអស់នូវ យុទ្ធនាការរបស់លោកស្រី ស្តីពីការលើកតំកើងសុខភាព។
ចុះចង្វាក់រាំម៉ាឌីហ្សូន មានអ្វីពិសេស និងទាក់ទងជាមួយអាមេរិក?
ចង្វាក់រាំMadison ត្រូវបានគេនិពន្ធ និងយកមករាំដំបូង នៅទីក្រុងខូឡាំបើស រដ្ឋអូហៃយ៉ូ (Columbus, Ohio) សហរដ្ឋ អាមេរិក នៅឆ្នាំ១៩៥៧។ ក្រោយមកចង្វាក់រាំ Madisonនេះ ទទួលបានការពេញនិយម និងនាំចេញទៅ ប្រទេស ជាច្រើនរួមទាំងកម្ពុជាផង។
បច្ចុប្បន្ន Madisonជាចំរៀង និងចង្វាក់រាំកំពុងពេញនិយមនៅស្រុកខ្មែរ រហូតអាចចាត់ចូលជាប់ ជាលំដាប់ទីពីរ បន្ទាប់ពីចង្វាក់រាំវង់ដ៏ ប្រជាប្រិយរបស់ ប្រជាពលរដ្ធខ្មែរ។
បើសិនជាយើងសាកល្បង អង្កេតរាល់ពេលរៀបពិធី អាពាហ៍ពិពាហ៍ម្តងៗ មិនមែនតែភ្ញៀវ ធម្មតាៗ ទេសូម្បីតែ ជំទាវៗក៏អង្រួនជើង រង់ចាំរាំបទ ចង្វាក់Madisonនេះដែរ ហើយបើនៅរង្គសាល(បាររាំ)វិញ Madisonពេញនិយម ជាងចង្វាក់រាំស្ល៊ូ (រាំឱបយឺតៗ) ទៅទៀត។ សំណួរអាចសួរថា តើជំទាវទីមួយ របស់អាមេរិកចេះរាំ និងចូលចិត្តរាំដែរឬទេ?
អត្ថបទនេះត្រូវបានលោក ពុយ គាបង្ហោះនៅលើ Facebook Page របស់លោកនៅថ្ងៃពុធនេះ