ខេត្តក្រចេះ៖ រថយន្តយីឌុប ខ្នាតយក្សចំនួន ២គ្រឿង ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើ ថ្នាក់កណ្តាល សហការជាមួយ រដ្ឋបាលព្រៃឈើ សង្កាត់ឃ្សឹម ឃាត់ស្ទាក់ ចាប់បាននៅចំណុច ស្ពានព្រែកឆ្លូង ស្ថិតក្នុងភូមិ ឃុំ ឃ្សឹម ស្រុក ស្នួល ខេត្តក្រចេះ កាលពីវេលាម៉ោង ១០ និង ៣០ នាទីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០១៥ សង្ស័យ គ្មានឯកសារគ្រប់គ្រាន់។
យោងតាម មន្ត្រីរដ្ឋបាលព្រៃឈើ បានឱ្យដឹងថា ក្រោយពីមានការសង្ស័យ រថយន្តទាំង ២គ្រឿងនោះ បានលួចផ្ទុកឈើ គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ទើបកម្លាំងជំនាញ រដ្ឋបាលព្រៃឈើថ្នាក់កណ្តាល បានចុះមកធ្វើការឃាត់ ដើម្បីត្រួតពិនិត្យ និងឆែកឆេរ ព្រមទាំងនាំយករថយន្តខ្នាតយក្សទាំងនោះ ទៅកាន់សង្កាត់រដ្ឋបាលព្រៃឈើ ឃ្សឹម។
ប្រភពដដែលបានបន្តឱ្យដឹងថា ក្រោយពីធ្វើការឆែកឆេរ និងសួរនាំ អ្នកបើកបររថយន្តទាំង២គ្រឿងនោះ រួចមកកម្លាំងជំនាញ រដ្ឋបាលព្រៃឈើ ក៏បានធ្វើការឃាត់ខ្លួន អ្នកបើករថយន្តនិងព្រូ ដើម្បីរង់ចាំមេការ ចេញមុខមកដោះស្រាយ ទៅតាមនីតិវិធីរបស់រដ្ឋបាលព្រៃឈើ។
បើតាមមន្ត្រីរដ្ឋបាលព្រៃឈើ សង្កាត់ឃ្សឹម បានបន្ថែមថា ម្ចាស់ឈើ និងរថយន្តត្រូវបានគេស្គាល់ឈ្មោះថា លោក សាន ចយ គឺជាមេការដ៏មានឥទ្ធិពល ក្នុងការដឹកឈើ លោតឆ័ត្រខុសច្បាប់ ដុះស្លែយូរណាស់មកហើយ ។
ប្រភពពីប្រជាពលរដ្ឋបានសង្ឃឹមថា ជំនាញរដ្ឋបាលព្រៃឈើ បន្តការរឹតបន្តឹងបង្ក្រាប ជាបន្តបន្ទាប់ ដូចភ្លៀងរលឹម និងមិនមានការស៊ីសំណែន ធ្វើជាមិនដឹងមិនឮ នៅពេលមានរថយន្តក្រុមហ៊ុនផ្សេងៗ ដឹកឈើជារៀងរាល់ថ្ងៃ ឆ្លងកាត់ខាងមុខរដ្ឋបាលព្រៃឈើ ដែលខ្លួនកំពុងគ្រប់គ្រង៕