ភ្នំពេញ ៖ ក្នុងដំណើរ បំពេញទស្សនកិច្ច របស់លោកស្រីទី១ សហរដ្ឋអាម៉េរិក Michelle Obama ដែលធ្វើឡើង នៅកម្ពុជាចំនួន៣ថ្ងៃ ដោយបានជួបជាមួយសិស្សស្រី នៅកម្ពុជានោះ លោកស្រី នឹងជួយដោះស្រាយបញ្ហា ប្រឈមទាំងឡាយណាដែលពយកគេកំពុងជួប្រទះសព្វថ្ងៃនេះ។
លោក ហង់ ជួនណារ៉ុន បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីជូន ដំណើរលោកស្រី Michelle Obamaត្រឡប់ទៅអាម៉េរិកវិញ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៥ថា “លោកស្រី Michelle Obama បានជួប ពីថ្ងៃទី២១ មីនា ជាមួយសិស្ស ស្រី១០នាក់នោះ តំណាងឲ្យសិស្សនៅទូទាំងប្រទេស។ ជំនួបនោះលោកស្រី ចង់ដឹងពីសុខទុក្ខ និងបញ្ហាប្រឈមរបស់សិស្សស្រី ដើម្បីឲ្យគាត់ដាក់ចេញ នូវវិធានការណ៍ដើម្បីគាត់ជួយបាន”។
លោករដ្ឋមន្រ្តីបានមានប្រសាសន៍បន្តថា ក្រសួងអប់រំ និងទីភ្នាក់ងារអាម៉េរិក សំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)បានសហការគ្នាដើម្បីបន្តលើក កម្ពស់វិស័យអប់រំនៅកម្ពុជាឲ្យមាន លក្ខណៈល្អប្រសើរឡើង ថែមទៀត។
លោកបន្ថែមទៀតថា លោកស្រី Michelle Obamaទី១អាម៉េរិក និងលោកស្រីទី១ ជប៉ុនបានរួមសហការគ្នា ដើម្បីជួយអប់រំដល់ក្មេងស្រី និងស្រ្តីនៅទូទាំងពិភពលោក។
លោកបន្ថែមថា សិស្សស្រីនៅកម្ពុជាមិនសូវបានសិក្សាដល់ថ្នាក់បណ្ឌិតប៉ុន្មានទេ ព្រោះពួកគេមិនចង់រស់នៅ បែកពីគ្រួសារដោយសារតែសាលានៅឆ្ងាយពីផ្ទះសម្បែងរបស់ពួកគេ។
ទាក់ទងទៅនឹងអត្រាសិស្សស្រីចូលរៀនលោករដ្ឋមន្រ្តីបានឲ្យដឹងថា ក្មេងស្រីកាលពីរៀន នៅសាលាបឋម ភូមិមានលក្ខណៈល្អនិងពូកែជាងសិស្សប្រុស ប៉ុន្តែនៅពេលពួកគេចូល ផ្នែកបរិញ្ញាបត្រនិស្សិតស្រី មានចំនួនតែ ៤២ភាគរយ ហើយដល់ថ្នាក់អនុបណ្ឌិត មានចំនួន២៤ភាគរយ ដោយឡែកមកដល់ ថ្នាក់បណ្ឌិតវិញមាន ចំនួន៥ភាគរយ។
លោក ហង់ ជួនណារ៉ុន បានឲ្យដឹងទៀតថា សិស្សសិក្សានៅបឋមសិក្សា និងមធ្យម សិក្សាមានទាំងអស់ជាង ៣លាននាក់ ក្នុងនោះសិស្សស្រីមានចំនួន១លានកន្លះ៕