ភ្នំពេញ៖ ក្រុមការងារយុវជន ថ្នាក់កណ្តាលរបស់ គណបក្ស ប្រជាជនកម្ពុជា (CPP) នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៥ កន្លងទៅនេះ បានបំពេញទស្សនៈកិច្ច នៅសាធារណរដ្ឋ ប្រជាមានិតចិន ក្នុងបំណងដកស្រង់ បទពិសោធន៍ លើការងារយុវជន ពីបក្សកុម្មុយនីស្តចិន ក៏ដូចជាការពង្រឹងពង្រីកនូវ ចំណងមិត្តភាព សាមគ្គីភាព ជាប្រពៃណីនិង កិច្ចសហប្រតិបត្តិការ រវាងគណបក្សទាំងពីរ។
ក្នុងដំណើរបំពេញទស្សនៈកិច្ច នៅសាធារណរដ្ឋប្រជាមានិតចិន យុវជនថ្នាក់កណ្តាល របស់គណបក្សប្រជាជនកម្ពុជា ចំនួន៣៥រូប ត្រូវបានដឹកនាំដោយ លោក កែ ប៊ុនខៀង ប្រធានក្រុមការងារយុវជន គណបក្សថ្នាក់កណ្តាល រួមនិង លោក ហ៊ុន ម៉ាណែត សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារ យុវជនគណបក្សប្រជាជន កម្ពុជាថ្នាក់កណ្តាល។
ប្រធានក្រុមការងារ ថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា លោក កែ ប៊ុនខៀង បានថ្លែងឲ្យដឹងថា សមាជិកក្រុមការងារយុវជន ថ្នាក់កណ្តាលរបស់ គណបក្សប្រជាជនកម្ពុជា ចំនួន៣៥រូប និងត្រូវបំពេញទស្សនៈកិច្ចនៃ សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២២ ខែមីនា រហូតដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៥ គោលបំណងដើម្បីសិក្សាស្រាវជ្រាវ ដកស្រង់បទពិសោធន៍ ការងារយុវជន នៅសាធារណរដ្ឋប្រជាមានិតចិន។
លោក កែវ ប៊ុនខៀង បានបន្តទៀតថា ក្នុងអំឡុងពេលនៃ ដំណើរទស្សនៈកិច្ច រយៈពេល១០ថ្ងៃ នៅសាធារណរដ្ឋប្រជាមានិតចិន ក្រុមការងារយុវជនថ្នាក់ កណ្តាលរបស់ គណបក្សប្រជាជនកម្ពុជា នៅទៅទីក្រុងប៉េកំាង ក្នុងបំណងជួបសម្តែង ការគួរសម ជាមួយថ្នាក់ដឹកនាំ របស់ក្រសួងទំនាក់ទំនង អន្តរជាតិបក្សកុម្មុយនិស្តចិន បន្ទាប់មកនិង ជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំ យុវជនបក្សកុម្មុយនិស្តចិន ស្តាប់បទឧទ្ទេសនាមស្តីពីការងារ យុវជនរបស់បក្សកុម្មុយនិស្តចិន ក្រោយមកទៀតទស្សនៈកិច្ច សាកលវិទ្យាល័យភាសា របរទេសក្រុងប៉េកំាង ដែលមានការសិក្សា ភាសារខ្មែរ រួមនិងទស្សនៈកិច្ច ក្រុមហ៊ុនមួយចំនួន នៅទីក្រុងប៉េកំាងផងដែរ។
ក្រៅពីដំណើរទស្សនៈកិច្ច នៅទីក្រុងប៉េកាំង ក្រុមការងារយុវជនថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា ក៏និងបន្តទៅបំពេញទស្សនៈកិច្ចនៅទីក្រុង ស៊ិន ក័រ និងទីក្រុង សៀង ហៃ ដើម្បីបន្តសិក្សាស្វែងយល់ រៀនសូត្រ និងដកស្រង់បទពិសោធន៍ លើការងារយុវជន ការងារអភិវឌ្ឍ និងការងារកាត់បន្ថយភាពក្រីក្រ របស់ទីក្រុងទំាងនោះ ផងដែរ៕