ឡាវ៖ រហូតមកដល់វេលាថ្ងៃត្រង់់ ថ្ងៃទី២៨ ខែមីនា នេះ ទូកខេត្តព្រះវិហារទាំង៣គ្រឿង បានប្រកួតជាប់ជ័យលាភីចំណាត់ថ្នាក់លេខ១ ឈ្នះទូកខេត្តចំប៉ាសាក់ របស់ប្រទេសឡាវ ដែលបានប្រកួត ក្នុងកម្មវិធីបិទទិវា វប្បធម៌ប្រចាំឆ្នាំ លើកទី៥ ដែល ប្រារឰធ្វើឡើង នៅទីតាំងកោះស្មៅ ស្រុកខូង ខេត្ដចំប៉ាសាក់ បន្ទាប់ពីបានដំណើរអស់រយៈ ពេល៣ថ្ងៃមកនេះ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃ ទី២៨ ខែមីនា ។
ពិធីបិទទិវាវប្បធម៌ប្រចាំឆ្នាំលើកទី៥ ដែលប្រទេសឡាវធ្វើជាម្ចាស់ផ្ទះនោះ បាន ប្រារឰធ្វើឡើងក្រោម អធិបតីភាពអភិបាល ខេត្ដព្រះវិហារ លោកអ៊ុំ ម៉ារ៉ា និងអភិបាល ខេត្ដចំប៉ាសាក់ លោកប៊ុនថន ឌីវីសៃ ព្រមទាំងថ្នាក់ដឹកនាំខេត្ដទាំងពីរ និងមន្ដ្រី ពាក់ព័ន្ធជាច្រើននាក់ ផ្សេងទៀត ។
អភិបាលខេត្ដព្រះវិហារ ដែលបាននឹងកំពុងចូលរួម កម្មវិធីនេះ បាន ថ្លែងបញ្ជាក់ថា ក្រោយពីដំណើរ ការអស់ រយៈពេល៣ថ្ងៃមកនោះ នៅព្រឹកថ្ងៃនេះ ជាថ្ងៃបញ្ចប់នៃទិវាវប្បធម៌ប្រចាំឆ្នាំរវាងខេត្ដទាំងពីរ ដើម្បីបង្កើន កិច្ចសហប្រតិបត្ដិការ និងទំនាក់ទំនងកាន់តែខ្លាំងលើវិស័យជាច្រើន ។
លោកអភិបាលខេត្ដ បានបន្ដទៀតថា កម្មវិធីទិវាវប្បធម៌ប្រចាំឆ្នាំនេះ បានប្រព្រឹត្ដ ទៅដោយមានការ សំដែងសិល្បៈ ការតាំង ពិព័រណ៍ ការប្រណាំងទូក កីឡា ប្រដាល់ និងកីឡាបាល់ទះ ដំណើរការទៅយ៉ាង សប្បាយរីករាយ រវាងប្រជាជននៃខេត្ដទាំងពីរ ។
សម្រាប់ការប្រណាំងទូក ផ្ដាច់ព្រ័ត្រ សម្រាប់ខេត្ដព្រះវិហារ នៅសល់៣ទូកទៀត រីឯខាងឡាវ មានមួយទូកទៀត ។
លោកអភិបាលខេត្ដ បានលើកឡើងផង ដែរថា ដោយមានការណែនាំពីប្រមុខនៃរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ នោះ អាជ្ញាធរខេត្ដ ជាប់ព្រំដែនគ្នា ទាំងពីរបានខិតខំប្រឹងប្រែង រៀបចំកម្មវិធី ទិវាវប្បធម៌ប្រចាំឆ្នាំ ឆ្លាស់វេនគ្នា ធ្វើជាម្ចាស់ផ្ទះ ដើម្បីឱ្យប្រជាជន ទាំងពីរខេត្ដអញ្ជើញចូល រួមយ៉ាង សប្បាយរីក រាយ និងការផ្លាស់ប្ដូរមុខទំនិញ ផលិតផល កសិកម្ម និងវិស័យកីឡាជាដើម ៕