កំពង់ឆ្នាំងៈ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១២កន្លងទៅនេះ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួង សាធារណការ និងសហការី ព្រមទាំងក្រុមការងារស្រុក ទឹកផុស បានចុះចែក ប័ណ្ណកម្មសិទ្ធដីធ្លី ជូនប្រជាពលរដ្ឋ នៅភូមិរការទង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលជាលទ្ធផល នៃការអនុវត្ត តាមបទបញ្ជាលេខ០១ បប. របស់រាជរដ្ឋាភិបាល ស្តីពី គោលនយោបាយចាស់ សកម្មភាពថ្មី លើវិស័យដីធ្លី ។
លោកត្រាំ អ៊ីវតឹក បានលើកឡើងថា ថ្ងៃនេះគឺជាលើកទី៧ នៃការចែកប័ណ្ណកម្មសិទ្ធដីធ្លី ជូនបងប្អូន ប្រជាពលរដ្ឋ ដែលអាចដោះស្រាយ បាននូវ បាតុភាពទំនាស់ដីធ្លី និងការកាន់កាប់ដី ធ្លីមិនប្រក្រតី ដែលជា កត្តាអសកម្មមួយ ប៉ះពាល់ដល់ជីវភាពរស់នៅ និងការប្រកបរបរ អាជីវកម្ម កសិកម្ម របស់ ប្រជាពលរដ្ឋ ព្រមទាំងបង្កលក្ខណៈ ល្អប្រសើរជូនប្រជាជន ដើម្បីក្លាយជាម្ចាស់ដីស្របច្បាប់ ដោយលែងមាន ភាពស្រពិចស្រពិល និងភាពភ័យខ្លាច ក្នុងការបាត់បង់ដីទៀតឡើយ ។
លោកបានមានប្រសាសន៍ថា “ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះការខិតខំ និងការ យក ចិត្តទុកដាក់ខ្ពស់ របស់អាជ្ញាធរខេត្ត ក្នុងការរៀបចំ ដំណើរការ ក្នុងការអនុវត្តនយោបាយចាស់ សកម្មភាពថ្មី លើវិស័យដីធ្លី របស់រាជរដ្ឋាភិបាល នៅស្រុក គោលដៅរបស់ខេត្ត ទៅតាមជំហានការងារនីមួយៗ ការស្រង់ទិន្ន័យម្ចាស់ដី រហូតដល់ការបិទផ្សាយ ជាសាធារណៈ នូវទិន្ន័យក្បាលដីទាំងអស់ ក្នុងទីតាំងតំបន់នីមួយៗ ក្នុងរយៈពេល ០១ខែ សម្រាប់ ទុកពេល ឱ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ សុំកែតម្រូវទិន្ន័យ រហូត បានបញ្ចប់ រយៈពេល បិទផ្សាយជាសាធារណៈ និងអាចប្រារព្ធ ពិធីចែកប័ណ្ណកម្មសិទ្ធិជា បន្តបន្ទាប់ ។ ជាក់ស្តែងថ្ងៃនេះ យើងប្រារព្ធពិធីចែកប័ណ្ណកម្មសិទ្ធដីធ្លីចំនួន១.១៨៧ ក្បាលដី ដែលមានទំហំ ៨៧១.៦៦៧ ហិចតា ជូនប្រជាពលរដ្ឋមកពីភូមិរការទង ឃុំ ទួលខ្ពស់ ស្រុកទឹកផុស មានចំនួន ៤៤៥គ្រួសារ” ។
លោករដ្ឋមន្ត្រី បានសម្តែង ការកោតសរសើរចំពោះ ក្រសួង រៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដឹកនាំដោយ លោកទេសរដ្ឋមន្ត្រី អ៊ឹម ឈុន លឹម ដែលបានខិតខំអនុវត្តកិច្ចការនេះ តាមរយៈ ការសម្រប សម្រួលកម្លាំង និងការទទួលខុសត្រូវ លើផ្នែកបច្ចេកទេស ព្រមទាំងអាជ្ញាធរខេត្ត ស្រុក និងមូលដ្ឋានឃុំ ភូមិ រួមទាំងព្រះសង្ឃតាមវត្តអារាម ដែលបានបង្កការងាយស្រួស ដល់ដំណើរការ នៃយុទ្ធនាការ ជាប្រវត្តិសាស្ត្រ ដ៏ធំនេះ រួមទាំង មន្ត្រីបច្ចេកទេសទាំងអស់ ទាំងកម្លាំងមកពីស្ថាប័ន ដទៃ ទាំងស្ថាប័នស៊ីវិល យោធា និងសប្បុរសជននានា ទាំងក្នុងស្ថាប័នរដ្ឋ ទាំងក្នុងកង កម្លាំងប្រដាប់អាវុធ និងក្រុមការងារ ចុះតាមមូលដ្ឋាន ដែលបានចុះសួរសុខទុក្ខទៅដល់ មូលដ្ឋានរបស់វីរយុវនិស្សិតស្ម័គ្រចិត្ត និង មន្ត្រីបច្ចេកទេស បំពេញការងារផងដែរ ៕