Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ទាហានឈុតខ្មៅថៃ បិទច្រកអានសេះ ជាឯកតោភាគី

$
0
0

ព្រះវិហារ៖ សេចក្តីរាយការណ៍ពីខេត្តព្រះវិហារ នៅល្ងាចថ្ងៃអង្គារ ទី២៥ ខែធ្នូ បានឲ្យដឹងថា ទាហានឈុតខ្មៅថៃ បានមកបិទច្រកទ្វារព្រំដែនអានសេះ ជាឯកតោភាគី មិនឲ្យខាងខ្មែរបានដឹងជាមុន កាលពីព្រឹកថ្ងៃអង្គារនេះ ដែល ភាគីថៃស្ថិតនៅក្នុងស្រុកណាំយឺន ខេត្តអូរប៊ុន រីឯខាងកម្ពុជាស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ព័ត៌មានក្រោយមកបានឲ្យ ដឹងថា ខាងទាហានព្រំដែនថៃ ខឹងអាជ្ញាធរខ្មែរកំពុងកសាងផ្លូវទៅច្រកអានសេះ ប្រយោជន៍អនាគតច្រកនេះ នឹង ទៅជាច្រកអន្តរជាតិ បន្ទាប់ពីរាជរដ្ឋាភិបាលទាំងពីរ បានយល់ព្រមកាលពីពេលកន្លងទៅ ហើយបានខឹងទាហាន ព្រំដែនខ្មែរ ដោយគ្រាន់តែពង្រីកស្លាកពីតូចទៅធំ និងកែលំអរប៉ុស្តិ៍នៅជាប់ព្រំដែនក្បែរច្រកនេះ ដែលស្ថិតនៅក្នុង ទឹកដីខ្មែរ។

លោក អ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទ នៅល្ងាចថ្ងៃអង្គារ ទី២៥ ខែធ្នូ ថា ទាហានឈុតខ្មៅម្នាក់ បានយកសោរមកចាក់បិទទ្វារនៅច្រកព្រំដែនអានសេះ ដោយសារតែគេ ខឹងសម្បាចំពោះភាគីកម្ពុជា កសាងផ្លូវទៅកាន់តំបន់នេះ ព្រមទាំងការកែលំអរស្លាករបស់ប៉ុស្តិ៍ព្រំដែនខ្មែរ ដោយ គ្រាន់តែសាងសង់ និងកែលំអរនៅលើទឹកដីខ្មែរនោះ មិនបានប្រាប់ភាគីថៃឲ្យដឹងជាមុន។

លោក អ៊ុំ ម៉ារ៉ា បានឲ្យដឹងថា តាមធម្មតាភាគីទាំងពីរមានបញ្ហាអី តែងពិភាក្សាគ្នាមុន ប៉ុន្តែពេលនេះ ភាគីថៃ បាន មកបិទ ដោយមិនជូនដំណឹងមកភាគីខ្មែរឡើយ។ អនាគតច្រកអានសេះ នឹងក្លាយទៅជាច្រកអន្តរជាតិនោះ បាន បើកឲ្យប្រជាជនរវាងប្រទេសទាំងពីរឆ្លងចូលព្រំដែនទៅវិញទៅមក ដើម្បីដឹកកសិផលពួកគេទៅលក់រៀងរាល់ថ្ងៃ អង្គារ និងថ្ងៃព្រហស្បតិ៍ ហើយថា ច្រកនេះ ត្រូវបានភាគីទាំងពីរ បានបើកឲ្យមានតាំងពីឆ្នាំ២០០០មកម្ល៉េះ។

លោក អ៊ុំ ម៉ារ៉ា បានបន្តថា ភាគីកម្ពុជានៅតែប្រកាន់ជំហរជជែកដោយសន្តិវិធី អត់ធ្មត់ ដើម្បីរក្សាសុវត្ថិភាព សន្តិ សុខ។ ច្រកព្រំដែននេះ ត្រូវបានរដ្ឋាភិបាលទាំងពីរ ឯកភាពរួចជាស្រេចហើយថា នឹងរៀបចំឲ្យទៅជាច្រកអន្តរជាតិ នាពេលអនាគត ដោយទុកឲ្យភាគីនីមួយៗរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដូចជាបណ្តាញគមនាគមន៍ អគាររដ្ឋបាល ជាដើម ហើយឥឡូវនេះ ភាគីកម្ពុជាកំពុងតែកសាងផ្លូវទៅកាន់ច្រកនេះ ប្រយោជន៍នឹងឈានទៅដល់ការបើកច្រក អានសេះនេះ ឲ្យទៅជាច្រកអន្តរជាតិ ហើយការកសាងនេះ ក៏ជាសិទ្ធិរបស់ភាគីកម្ពុជាមិនចាំបាច់ប្រាប់ទេ ពីព្រោះ ការសាងសង់ស្ថិតនៅក្នុងទឹកដីរបស់ខ្មែរ។

លោក អ៊ុំ ម៉ារ៉ា ពុំបានបញ្ជាក់ឲ្យដឹងថា តើភាគីថៃ នឹងបើកឲ្យចេញចូលវិញនៅពេលណានោះទេ ព្រោះលោកក៏មិន ត្រូវបានភាគីថៃ ប្រាប់ព័ត៌មានដែរ។

កាលពីសប្តាហ៍កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា ពីខេត្តកោះកុងបានស្នើសុំឲ្យ ប្រទេសកម្ពុជា និងថៃ រក្សាឲ្យបានសុខសន្តិភាព ប្រយោជន៍ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសទាំងពីរ៕


Viewing all articles
Browse latest Browse all 8042

Trending Articles