បន្ទាយមានជ័យៈ កម្លាំងនគរបាល ការិយាល័យប្រឆាំង គ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយ កម្លាំងនគរបាល ក្រុងសិរីសោភ័ណ ដោយមានការអនុញ្ញាត ពីព្រះរាជអាជ្ញា បានបើកប្រតិបត្តិការ ចុះទៅបង្ក្រាប និងឆែកឆេរ នៅក្នុងផ្ទះសំណាក់ ផ្កាយពេជ្រ ស្ថិតនៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ កាលពីវេលាម៉ោង៤ និង ៣០នាទី រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥នេះ ដោយឃាត់ខ្លួន ជនសង្ស័យចំនួន១៧ នាក់ដែលពាក់ព័ន្ធ ទៅនឹងសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀន។
ជនសង្ស័យទាំង១៧នាក់ ជាប្រភេទក្មេងស្ទាវបាននាំគ្នា ទៅពពូនពពាក់ សម្ងំជក់និងប្រើប្រាស់ ថ្នាំញៀននៅ ក្នុងបន្ទប់នៃផ្ទះសំណាក់ផ្កាយពេជ្រ យ៉ាងអានាធិបតេយ្យ និងអាចបង្កជាបញ្ហាអសន្តិសុខនៅក្នុងមូលដ្ឋាន ដោយសារតែមុខសញ្ញាទាំងនេះ។
ប្រតិបត្តិការរបស់សមត្ថកិច្ច ខាងលើនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីសំណាក់ស្នងការ នគរបាលខេត្ត បន្ទាយមានជ័យ លោក ឧត្តមសេនីយ៍អាត់ ខែម ក្រោយពីទទួលបានព័ត៌មានស្តី អំពីសកម្មភាពល្មើសមួយនេះ។
នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ លោកធិន ស៊ិនដេត បានបញ្ជាក់ថាក្នុង ចំណោមជនសង្ស័យទាំង១៧ នាក់ មាន៤នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀន និង១៣នាក់ ជាមុខសញ្ញាប្រើប្រាស់។ តាមលោកធិន ស៊ិនដេត ក្រៅពីការឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទម្ស៉ៅក្រាម ពណ៌ស ថ្លា ចំនួន២៣ កញ្ចប់តូច ម៉ូតូចំនួន៦គ្រឿង និងឧបករណ៍សំភារៈជក់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យទាំង១៧នាក់ ត្រូវបានសមត្ថកិច្ចយកទៅ សួរនាំនៅការិយាល័យប្រឆាំងការ ជួញដូរគ្រឿងញៀនដើម្បី ចាត់វិធានការតាមផ្លូវច្បាប់៕