កំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវចរន្តភ្លើងអគ្គិសនីឆក់ ស្លាប់បាត់បង់ជីវិតតាមផ្លូវ ខណៈបញ្ជូនទៅដល់មន្ទីរពេទ្យ កាលពី វេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥ ដោយសារតែបុរសរងគ្រោះ បានតខ្សែភ្លើង ដោយមិនបាន បិទបារ៉ែតភ្លើង ។
ហេតុការណ៍នេះ បានកើតឡើង នៅក្នុងផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិអូកំណប់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្ត កំពង់ឆ្នាំង ។
បុរសរងគ្រោះ ឈ្មោះ នួន ភី អាយុ ៤៥ឆ្នាំ មុខរបរធ្វើស្រែចំការ មានទីលំនៅ ក្នុងភូមិឃុំកើតហេតុខាងលើ មានប្រពន្ធ និងកូនប្រុស ២នាក់ ដោយប្រពន្ធ និងកូនបានចុះចោលជនរងគ្រោះ រយៈពេល២ឆ្នាំមកហើយ បច្ចុប្បន្ន ជនរងគ្រោះ រស់នៅជាមួយម្តាយចាស់ម្នាក់ ឈ្មោះ នួន ភឿក អាយុ ៧៩ឆ្នាំ ។
ប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ អង្គុយតខ្សែភ្លើង នៅក្រោមផ្ទះតែម្នាក់ឯង មួយសន្ទុះក្រោយមក ក៏ស្រាប់តែឃើញផ្កាភ្លើងបែកខ្ចាយពេញក្រោមផ្ទះ ពេលរត់មកមើល ក៏ឃើញជនរងគ្រោះដេកសន្លប់បែកពពុះមាត់ នៅលើដីក្រោមផ្ទះ បាត់ទៅហើយ អ្នកជិតខាងបាននាំគ្នាជួយលើកជន រងគ្រោះដាក់លើរ៉ឺម៉ក ដឹកមកមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីឲ្យគ្រូពេទ្យជួយសង្រ្គោះជីវិត តែពេលទៅដល់គ្រូ ពេទ្យ បានធ្វើការពិនិត្យទៅលើជនរងគ្រោះ ហើយបានប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ តាមផ្លូវបាត់ទៅ ហើយ ។
សពជនរងគ្រោះ ត្រូវបានរថយន្តសាម៉ុយ របស់មន្ទីរពេទ្យខេត្ត ដឹកមកកាន់លំនៅដ្ឋាន ដើម្បីចាត់ចែង ធ្វើបុណ្យតាម ប្រពៃណី ៕