បន្ទាយមានជ័យ ៖ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បានប្រជុំដាក់ផែនការ លើការការពារសន្តិសុខ ជូនប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិ នាខាងពេលខាងមុខនេះ ព្រមទាំងដាក់ផែនការ ទប់ស្កាត់នូវបទល្មើស មួយចំនួន ដូចជា ប្លន់ ឆក់ លួច និងគ្រឿងញៀនជាដើម ។
កិច្ចប្រជុំខាងលើនេះ បានធ្វើឡើង នាព្រឹក ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៥ ដោយមានការ ចូលរួមពីស្នងការរង នាយការិយាល័យ នាយរង ការិយាល័យ អធិការ អធិការរងតាមជំនាញ តាមបណ្តាស្រុកក្រុង មេបញ្ជាការវរៈ និងនាយប៉ុស្តិ៍ ទូទាំងខេត្ត។
នៅក្នុងកិច្ចប្រជុំពង្រឹង សន្តិសុខខាងលើនេះ លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍ថា តបតាម អនុសាសន៍ របស់អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៥នោះ លោកបានដាក់ផែនការ ដល់នគរបាល ទូទាំងខេត្ត ចាប់ពីថ្នាក់ ស្នងការដ្ឋាន ដល់នគរបាល តាមបណ្តាប៉ុស្តិ៍ ត្រូវត្រៀមខ្លួន លើការចូល រួមការពារសន្តិសុខ និង សណ្តាប់ធ្នាប់ នាថ្ងៃចូលឆ្នាំ ប្រពៃណីជាតិ នាពេលកណ្តាលខែមេសា ដែលមាន ប្រជាពលរដ្ឋ យ៉ាងច្រើន មកលេងកំសាន្ត ពោលត្រូវការពារ កុំមានបញ្ហាបទល្មើសផ្សេងៗ កើតឡើង។
នៅក្នុងកិច្ចប្រជុំ លោកស្នងការ អាត់ ខែម បានដាក់ផែនការចំនួន៥ រួមមានទី១ កងកម្លាំង ទាំងអស់ត្រូវបង្កើន ការទប់ស្កាត់ករណីប្លន់ប្រដាប់អាវុធ ដែលអាចកើតមានឡើង ហើយត្រូវ យកចិត្តទុកដាក់ពង្រាយ កម្លាំងនៅតាម ផ្សារធំៗ ធនាគារ ទីប្រជុំជន កន្លែងលក់មាស និងប្តូរ លុយជាដើម ដោយត្រូវដាក់ កម្លាំងដល់មូលដ្ឋាន ។ ទី២ កងកម្លាំងទាំងអស់ ត្រូវយក ចិត្តទុកដាក់ អំពីករណី លួច ឆក់ ជាពិសេស លើជនបរទេសដែលធ្លាប់កើតមានឡើង នៅតាម ខេត្តមួយចំនួន ពីព្រោះខេត្តបន្ទាយមានជ័យ ក៏មានជនបរទេស ធ្វើដំណើរមកកំសាន្ត និង ធ្វើដំណើរ ឆ្លងកាត់ យ៉ាងច្រើនផងដែរ «យើងត្រូវដាក់ផែនការល្បាតជាប្រចាំ នៅតាមមូលដ្ឋាន ត្រូវគ្រប់គ្រង សន្តិសុខឲ្យ បានល្អ និងគ្រប់គ្រងមុខសញ្ញាឲ្យជាប់»។ ទី៣ ជំរុញទៅកងកម្លាំង ទាំងអស់ត្រូវទប់ស្កាត់ ការចរាចរគ្រឿងញៀន នៅតាមបណ្តាស្រុកក្រុង ទាំងមុខ សញ្ញាចែកចាយ និងប្រើប្រាស់ ដោយត្រូវបន្តកិច្ចសហការ ជាមួយគ្នាកាន់តែខ្លាំង លើការ ចុះបង្ក្រាប និងតាមស្រាវជ្រាវ តាមចាប់ជនល្មើសឲ្យបាន «បញ្ហាគ្រឿងញៀន នៅក្នុង ខេត្តបន្ទាយមានជ័យ មានការថយចុះច្រើន ហើយយើងនឹងបន្តស្រាវជ្រាវ បង្ក្រាប ដូចភ្លៀងរលឹម មិនឲ្យបន្តធ្វើ សកម្មភាពនោះឡើយ ពីព្រោះវាធ្វើឲ្យ ប៉ះពាល់ដល់បញ្ហា សង្គមយ៉ាងធ្ងន់ធ្ងរ» ។ ទី៤ ណែនាំដល់កង កម្លាំងទាំងអស់ត្រូវ បន្តយុទ្ធនាការ ចុះឆែក អាវុធជាតិផ្ទុះ នៅតាមដងផ្លូវសាធារណៈ និងនៅតាមមូលដ្ឋាន ដើម្បីចូលរួមទប់ស្កាត់បទល្មើស និងទី៥ កងកម្លាំងនគរបាល ត្រូវរុញទៅដល់អធិការដ្ឋានតាមក្រុងស្រុក ហើយថ្នាក់ អធិការត្រូវរុញបន្ត ដល់ប៉ុស្តិ៍នគរបាល ចុះល្បាតជាប្រចាំ ត្រៀមការពារសន្តិសុខ ឲ្យបានល្អ នាឱកាសបុណ្យ ចូលឆ្នាំខ្មែរខាងមុខនេះ ដើម្បីឲ្យប្រជាពលរដ្ឋដើរ លេងកំសាន្ត ប្រកបដោយ សេចក្តីសុខ។
ក្រោយបញ្ចប់កម្មវិធី លោកស្នងការ ក៏បានប្រគល់កុំព្យូទ័រ ព្រីនធ័រ និង សម្ភារបច្ចេក ទេសមួយចំនួន ដល់នគរបាល តាមបណ្តាអធិការស្រុកក្រុង ផងដែរ ដើម្បីយកទៅប្រើប្រាស់ ជាប្រចាំក្នុងការងារ៕