ស្វាយរៀង៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ក្នុងឱកាសសម្ពោធ សមិទ្ធផលនានា ក្នុងវត្តបទុមរង្ស៉ី ហៅវត្តវត្តចេក ក្នុងស្រុកចន្ទ្រា ជាមួយ ក្រុមគ្រួសារ នាថ្ងៃទី៣ ទី៤ ខែមេសា ឆ្នាំ២០១៥ នេះ បានផ្តល់អំណោយ ជូនប្រជាពលរដ្ឋក្រីក្រ ប្រមាណ១០០០ គ្រួសារ។
ក្នុងឱកាសសម្ពោធសមិទ្ធផលនានា ក្នុងវត្តបទុមរង្ស៉ី ក្នុងភូមិចេក នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានរំលឹកអំពីអតីតកាល ដែលតំបន់នេះត្រូវខ្ទិចខ្ទីដោយសារសង្គ្រាម ខូចខាតរាល់ហេដ្ឋារចនាសម្ព័ន និងបានសម្លាប់អាយុជីវិតមនុស្សផងដែរ។ បន្ទាប់ពីរាជរដ្ឋាភិបាលបានរំដោះប្រទេសជាតិពីរបបប៉ុលពត បូករួមទាំងការខិតខំប្រឹងប្រែង កសាងប្រទេសជាតិ ដូចសព្វថ្ងៃនេះ កម្ពុជាក៏បានអភិវឌ្ឍឡើងវិញស្ទើគ្រប់វិស័យ។
លោករួមនិងក្រុមគ្រួសារទាំងអសល់ ក៏ដូចជាប្រជាពលរដ្ឋនៅទីនេះ បានរួមគ្នាធ្វើបុណ្យដើម្បីឧទិ្ទសកុសលដល់បុព្វការីជន ក៏ដូចយុទ្ធជន ដែលបានពលីជីវិតក្នុងបុព្វហេតុ ជាតិមាតុភូមកន្លងមក។
សូមបញ្ជាក់ថា នារសៀលថ្ងៃទី៣ ខែមេសា នាយឧត្តមសេនីយ៍ រួមនិងក្រុមគ្រួសារ បានផ្តល់សារ៉ុង ក្រម៉ា ក្រណាត់ស និងថវិការមួយចំនួនដល់តាជី យាយជី និង ប្រជាពលរដ្ឋក្រីក្រចំនួន៨៨៩ គ្រួសារ។ លុះដល់ព្រឹកថ្ងៃទី៤ នាយឧត្តមសេនីយ៍ និងក្រុមគ្រួសារបានរាប់បាត្រ និងប្រគេនទេយ្យទានដល់ព្រះសង្ឃចំនួន១០៨អង្គ ដើម្បីឧទ្ទិសកុសលដល់បុព្វការីជន និងយុទ្ធជនដែលបានពលីកន្លងមក លុះថ្ងៃត្រង់ ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រជាងគេចំនួន១០ គ្រួសារ បានទទួលអង្កក្នុង ម្នាក់១០០គីឡូក្រាម, មី១កេស, ទឹកស៊ីអ៉ី១យួ, ទឹកត្រី១យួ, ត្រីខ សារុង ក្រម៉ា និងថវិកា២០ម៉ឺនរៀលក្នុងមួយគ្រួសារ។
ជាមួយនិងពិធីសម្ពោធ សមិទ្ធផលនានា នោះ នាយឧត្តមសេនីយ៍ក៏បានឆ្លៀតឱកាសចុះពិនិត្យសុខភាពរបស់ប្រជាពលរដ្ឋ នៅក្នុងវត្តចេកដោយក្រុមគ្រួពេទ្យស្ម័គ្រចិត្ត ស.ស.យ.ក ស្រុកចន្រ្ទាល ហើយនៅល្ងាចថ្ងៃទី៤ មេសានេះ ក៏បានឆ្លៀតចុះពិនិត្យការដ្ឋាកំពុងសាងសង់សាលា និងទីចាត់ការរបស់សាលាបឋមសិក្សាម៉ឹង សំផន ស្ថិតនៅឃុំកន្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង៕