ភ្នំពេញ៖ ស្រ្តីជាប្រពន្ធម្នាក់ បានទៅទិញ សាំងមកចាក់ និងដុតប្តីរបស់ខ្លួន ដោយសារតែខឹងប្តី មិនទៅស្រែ ជាមួយ ហើយស្រវឹង ស្រាដេកនៅក្នុងផ្ទះកាល ពីវេលាម៉ោង ៣៖៥៥នាទី រសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ស្ថិតនៅភូមិធំខាងត្បូង សង្កាត់ពញាពន់ ខណ្ឌសែនសុខ ហើយប្តី ត្រូវបាន សាច់ញាតិ និងសមត្ថកិច្ច មូលដ្ឋាន ជួយដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ កាល់ម៉ែត ភ្លាមៗ។
សេចក្តីរាយការណ៍ ពីនាយនគរបាលប៉ុស្តិ៍ មូលដ្ឋាន បានឲ្យដឹងថា ស្រ្តីជាប្រពន្ធ មានឈ្មោះ ចន សារ៉ន អាយុជាង៤០ឆ្នាំ រីឯប្តីមានឈ្មោះ ឃិន ណែត អ្នកទាំងពីររស់នៅ ក្នុងភូមិសង្កាត់កើតហេតុ ខាងលើ ។
សមត្ថកិច្ច បានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះជាប្តី បានផឹកស្រា ជាមួយអ្នកភូមិ ខណៈទៅលីស្រូវ ហើយពេលមកដល់ផ្ទះ ក៏ចូលដេក។ ពេលនោះ ក៏ត្រូវប្រពន្ធ ហៅឲ្យទៅ ស្រែជាមួយគ្នា ប៉ុន្តែប្តីឆ្លើយថា ចាំបន្តិច នឹងឲ្យប្រាប់ប្រពន្ធឲ្យទៅមុន ។
សមត្ថកិច្ចបានបន្តថា ភ្លាមៗនោះ ស្រ្តីជាប្រពន្ធ បានទៅទិញសាំង មកចាក់ និងដុតលើប្តីរបស់ខ្លួន បណ្តាលឲ្យរលាក ហើយត្រូវបាន ដឹកបញ្ជូនទៅ កាន់មន្ទីរពេទ្យ កាល់ម៉ែត តែម្តង។ ក្រោយកើតហេតុ ស្រ្តីជាប្រពន្ធ បានរត់គេចខ្លួន ហើយសមត្ថកិច្ច មិនទាន់ចាប់ខ្លួនបាននៅឡើយទេ រហូតមកដល់ ល្ងាចថ្ងៃដដែលនេះ៕