Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

Update៖ សម្តេចតេជោ ជូនកាដូឆ្នាំ២០១៦ សម្រាប់ពលរដ្ឋប្រើប្រាស់ ផ្លូវវេងស្រេង ដោយគ្មានបង់លុយតទៅទៀត និងស្នើឲ្យថៅកែរោងចក្រ បង្វិលលុយនោះ តម្លើងប្រាក់ខែជូនកម្មករ

$
0
0

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជូនកាដូឆ្នាំថ្មី សម្រាប់ ប្រជាពលរដ្ឋកម្ពុជា ទាំងអស់ ដែលប្រើប្រាស់ផ្លូវវ៉េងស្រេង ដោយគ្មានតម្រូវឲ្យបង់លុយណាមួយទៀតទេ ជាមួយនឹងការស្នើសុំឲ្យថៅកែរោងចក្រ បង្វិលលុយពីការចំណាយ សម្រាប់ការប្រើប្រាស់ផ្លូវនេះ ទៅជាការតម្លើងប្រាក់ឈ្នួល ជូនកម្មករជំនួសវិញ។

ដោយប្រកាសតាមបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន នាព្រឹក ថ្ងៃចន្ទ ទី២៨ខែធ្នូ ឆ្នាំ ២០១៥ បានសរសេរថា “បងប្អូនជនរួមជាតិជាទីស្រឡាញ់ ! ក្រោយម៉ោង១២ យប់ កន្លងមកនេះ ខ្ញុំបានសំរេចដក យកផ្លូវវ៉េងស្រេង មកគ្រប់គ្រងវិញ បន្ទាប់ពីបានទទួលយោបល់ដ៏ល្អ ពីសំណាក់ប្រជាជនយើងមកកាន់ Facebook របស់ខ្ញុំ។ ខ្ញុំបង្ហោះការសំរេចចិត្តបែបនេះក្រោយ ម៉ោង១២យប់ ជាពេលវេលាដែលបងប្អូនបានចូល សំរាករួចទៅហើយ”។

សម្តេចបន្តថា "ខ្ញុំសូមបញ្ជាក់សាជាថ្មីថា ពេលនេះការធ្វើដំណើរតាមផ្លូវវ៉េងស្រេង មិនមានបង់ប្រាក់ទៀតទេ។ អ្វីដែលខ្ញុំសុំពីបងប្អូនវិញ គឺត្រូវគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា។ សូមកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវវ៉េងស្រេង”។

ជាមួយគ្នានេះ នៅក្នុងពិធីចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទ នីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹក ថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០១៥ សម្តេចតេជោ បានស្នើឲ្យថៅកែ រោងចក្រ ដែលនៅប្រើប្រាស់តាមផ្លូវនេះ បង្វែថវិកាទាំងនោះ ដើម្បីតម្លើងប្រាក់ខែជុនកម្មករវិញ។

ដោយឡែក នាយប់ថ្ងៃអាទិត្យ ទី ២៧ ខែ ធ្នូ ឆ្នាំ២០១៥ សម្តេចតេជោ បានសរសេរតាមបណ្តាញសង្គមហ្វេសប៊ុក លើកទី២ថា “ខ្ញុំជូនផ្លូវវេងស្រេងជាកាដូសម្រាប់ពលរដ្ឋប្រើប្រាស់ដោយគ្មានបង់លុយតទៅទៀត។

ខ្ញុំបានមើលឃើញកាន់តែច្បាស់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋយើងទាំងពលរដ្ឋរស់នៅក្នុងតំបន់វេងស្រេង និងពលរដ្ឋនៅទូទាំងរាជធានី ដែលត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវវេងស្រេងនេះ។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមអរគុណ ពលរដ្ឋដែលបានសរសេរផ្តល់ព័ត៌មានពិតមកកាន់ Facebook របស់ខ្ញុំអំពីបញ្ហា និងការព្រួយបារម្ភទាំងឡាយដែល បងប្អូនកំពុងជួបប្រទះនៅលើកំណាត់ផ្លូវនេះ”។

សម្តេច បានបន្ថែមថា “ក្រោយពីបានសិក្សាល្អិតល្អន់ មួយកម្រិតធំថែមទៀត គឺរាជរដ្ឋាភិបាល សម្រេចទិញយក ការវិនិយោគទាំងមូលនៃផ្លូវវេងស្រេងនេះ មកកាន់កាប់ទាំងស្រុងវិញ។ ខ្ញុំបានបញ្ជាទៅសាលារាជធានី និង ក្រុមហ៊ុនឯកជន ត្រូវបញ្ឈប់យកលុយ ទាំងស្រុង ចាប់ពីពេលចេញដំណឹងនេះ ហើយចាប់ពីពេលនេះតទៅ គឺបងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទូទៅ គឺឈប់បង់ប្រាក់តទៅទៀតហើយ។ នេះគឺជាកាដូសម្រាប់បងប្អូន ជនរួមជាតិ នៅក្នុងឆ្នាំថ្មី ២០១៦ នេះ! បងប្អូន និងសន្សំបានប្រាក់ ដែលធ្លាប់បង់ថ្លៃផ្លូវមកលើកកំពស់ជីវភាព ក្នុងក្រុមគ្រួសារវិញ។ យប់នេះ ខ្ញុំមិនសំរាកទេ រង់ចាំមើលការយល់ឃើញ និងការផ្តល់មតិរបស់ ជនរួមជាតិតទៅទៀត”។

សម្តេច បានបន្តថា "ខ្ញុំសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋ ចូលរួមអបអរសាទរ ជាមួយដំណឹងនេះ ហើយសូមធ្វើដំណើរ មានសុវត្ថិភាព គ្រប់ពេលជានិច្ច”៕

សវតារឿង៖

 

នាយករដ្ឋមន្រ្តី ប្រកាសមិនឲ្យ ពលរដ្ឋ រស់នៅតាម ផ្លូវវេងស្រេង បង់លុយទៀតទេ ទោះតម្លៃ ណាក៏ដោយ

Sunday, 27 December 2015 22:08 ដោយៈ សយ សុកេត្យា ID:009

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសមិនឲ្យ ប្រជាពលរដ្ឋរស់តាមផ្លូវវេងស្រង បង់លុយសម្រាប់ការធ្វើដំណើរនោះទៀត ទោះក្នុងតម្លៃណាក៏ដោយ និងបញ្ជាឲ្យអភិបាលរាជធានីភ្នំពេញ ចាតវិធានការជាបន្ទាន់ផងដែរ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នាយប់ថ្ងៃ អាទិត្យ ២៧ ខែធ្នូ ឆ្នាំ២០១៥ សម្តេចតេជោ បានសរសេរថា “បងប្អូនដែលរស់នៅតាមបណ្តោយ ផ្លូវវែងស្រេង ជាទីស្រឡាញ់! ខ្ញុំទើបបានដឹងរឿង ដែលរថយន្តគ្រួសារ រស់នៅតាមបណ្តោយ ផ្លូវវែងស្រេងត្រូវក្រុមហ៊ុនយកប្រាក់ ១១០០ រៀលក្នុងរថយន្ត១គ្រឿង ឬ ត្រូវបិទ sticker ក្នុងតម្លៃ១៣២.០០០ រៀលក្នុងរថយន្ត១គ្រឿង នេះបើតាមការបញ្ជាក់ របស់បងប្អូនដែលបាន ផ្ញើព័ត៌មានពិតមកកាន់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុគ (Facebook) របស់ខ្ញុំ។ ចំណែកអាជា្ញធរបញ្ជាក់ថា ៤០.០០០ រៀល១គ្រឿង”។

សម្តេចតេជោ បានសរសេរបន្តទៀតថា “សំរាប់ខ្ញុំ ទោះតម្លៃមួយណាក៏ដោយ បងប្អូនមិនត្រូវបង់ថ្លៃផ្លូវឬបង់ថ្លៃធ្វើ sticker នោះទេ។ ខ្ញុំបានបញ្ជារឱយអភិបាលក្រុងធ្វើ Sticker ជូនបងប្អូនដោយមិនចាំបាច់បង់ប្រាក់ សំរាប់រថយន្តគ្រួសារដែលរស់នៅតាមបណ្តោយ ផ្លូវនិងស្ថិតក្នុងតំបន់ដែលក្រុមហ៊ុនធ្វើវិនិយោគ។ បងប្អូនត្រូវបំពេញកាត្វកិច្ចបង់ពន្ឋផ្លូវ ជូនរដ្ឋតាមការកំណត់នៃច្បាប់ តែមិនត្រូវបង់ថ្លៃផ្លូវមុខផ្ទះបងប្អូននោះទេ”។

សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាឲ្យសាលារាជធានីភ្នំពេញ “ត្រូវចាត់កម្លាំងចុះធ្វើ Sticker ជូនបងប្អូនបន្ទាន់”។

សម្តេច តេជោ ក៏បានថ្លែង អរគុណដល់ប្រជាពលរដ្ឋ ដែលបានផ្តល់ព័ត៌មានពិត ជូនសម្តេចផងដែរ ហើយក៏បានអរគុណចំពោះក្រុមហ៊ុនដែលបានឆ្លើយតបភ្លាមៗចំពោះការចាត់ការរបស់សម្តេច។មិនតែប៉ុណ្ណោះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានកោតសសើរលោក ប៉ា សុជាតិវង្ស ដែលបានចាត់ការភ្លាមៗ ដើម្បីដោះស្រាយកង្វល់របស់ប្រជាជន។

សម្តេចតេជោ បានអះអាងជាថ្មីទៀតថា សម្តេចទទួលនឹងជួយ ដោះស្រាយរឿងពិតប្រាកដដែលជាទុក្ខកង្វល់របស់ប្រជាជន។

ឆ្លៀតក្នុងឱកាសនេះ សម្តេចនិងភរិយា ក៏សូមជូនពរ “បងប្អូនជនរួមជាតិក្នុងឱកាសចូលឆ្នាំថ្មី ២០១៦ ដែលនឹងមកដល់នាពេលខាងមុខនេះ សូមជួបប្រទះតែសេចក្តីសុខនិងសំណាងល្អគ្រប់គ្នា” ៕

 


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>